តំណាង​ជាន់​ខ្ពស់​អឺរ៉ុបរំពឹង​ថា កម្ពុជា​វិល​ទៅ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​វិញ

មេដឹកនាំ​ជាន់​ខ្ពស់​មួយ​នៃ​សហភាព​អឺរ៉ុប បាន​ប្រាប់​ទៅ​ប្រមុខ​កាទូត​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា សហភាព​អឺរ៉ុប​រំពឹង​ថា កម្ពុជា​នឹង​ត្រឡប់​ទៅ​ដើរ​លើ​ផ្លូវ​ត្រូវ​ឡើង​វិញ ខណៈ​ដែល​ប្រទេស​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា កំពុង​ឃ្លាត​ឆ្ងាយ​ពី​គន្លង​ប្រជាធិតេយ្យ​សេរី​ពហុ​បក្ស។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សហភាព​អឺរ៉ុប បានឲ្យ​ដឹង​ថា តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជាអនុ​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Federica Mogherini បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ី-អឺរ៉ុប នៅ​ទីក្រុង​ណៃពិដោរ ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ អ្នកស្រី Federica Mogherini ក៏​បាន​ជួប​ជជែក​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ផង​ដែរ នៅ​ក្រៅ​កិច្ច​ប្រជុំ​នោះ។

តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​រូប​នេះ បាន​ប្រាប់​ទៅ​ប្រមុខ​កាទូត​កម្ពុជា​ថា សហភាព​អឺរ៉ុប​រំពឹង​ថា កម្ពុជា​នឹង​វិល​ត្រឡប់​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ឡើង​វិញ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​កាល​ពី​សប្ដាហ៍​មុន។

អ្នកស្រី Federica Moghorini បាន​បន្ថែម​ថា កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប គឺ​អាស្រ័យ​ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​ការ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​របស់​កម្ពុជា​។

សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​នេះ កាល​ពី​សប្ដាហ៍​មុន ដោយ​ចាត់​ទុក​ថា កម្ពុជា​កំពុង​ដើរ​ឃ្លាត​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ប៉ុន្តែ ប្រទេស​ចិន​កុម្មុយនីស្ត​បាន​គាំ​ទ្រ​ចំណាត់​ការ​របស់​កម្ពុជា។

សហគមន៍​អន្តរជាតិ ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ផង​ដែរ ជុំ​វិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​បក្ស​ប្រឆាំង ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​បាន​អះ​អាង​ថា ចំណាត់​ការ​របស់​ខ្លួន​នានា​ថ្មីៗ​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ និង​ការ​ពារ​សន្តិភាព​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ