លោក សុខ ទូច៖ ពលរដ្ឋមានអំណាចតែពេលបោះឆ្នោត

ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច

ប្រធានរាជបណ្ឌិតសភា​កម្ពុជា លោក សុខ ទូច បាន​លើកឡើងថា ប្រជាពលរដ្ឋ​កម្ពុជា​ មានសិទ្ធិអំណាច តែ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​ចាត់​ទុក​ការ​លើក​ឡើង​បែប​នេះ​ថា ផ្ទុយ​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​គោលការណ៍​ប្រជាធិបតេយ្យ​សកល។

លោក សុខ ទូច បាន​ថ្លែង​បែប​នេះ​ក្នុង​វេទិកា​តុ​មូល​ស្ដី​ពី «ដំណើរការ​ប្រជាធិបតេយ្យ​​ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ»​ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​នេះ។ លោក​បន្ថែម​ថា ក្រោយការបោះឆ្នោត សិទ្ធិ​សម្រេច​ទាំង​អស់ នឹង​ត្រូវ​ប្រគល់ឲ្យអ្នកនយោបាយដែលបានជាប់ឆ្នោត។

លោកថា៖ «ហើយកុំភ្លេចណា ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺ មិន អាច មាន អំណាចអីទៀតទេ។ បើអំណាចគ្រប់តែគ្នា តើមានពេលណាដែលដឹកនាំ»។

លោក សុខ ទូច ដែល​ត្រូវ​បាន​រដ្ឋាភិបាល​តែង​តាំង​ជា​ប្រធាន​រាជ​សភា​កម្ពុជា​កាល​ពី​ចុង​ខែ​កក្កដា​នោះ បាន​ថ្លែង​បែប​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​សប្ដាហ៍​មុន ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​ថ្នាក់​ដឹកនាំ និង​សមាជិក ១១៨​រូប​របស់​បក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស មិន​យល់​ស្រប​ទៅ​នឹង​ទស្សនៈ​របស់​លោក សុខ ទូច ឡើយ ហើយ​ថា ទស្សនៈ​បែប​នេះ ផ្ទុយ​ទៅ​រដ្ឋ​ធម្មនុញ្ញ និង​គោល​ការណ៍​ប្រជាធិបតេយ្យ​សកល ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​រួម​តាម​ដាន​សកម្មភាព​រដ្ឋាភិបាល។ លោកបន្ថែមថា ប្រជាពលរដ្ឋ អាចសំដែងក្ដីបារម្ភ ឬកង្វល់នានា ទៅ​កាន់​រដ្ឋាភិបាល តាម​រយៈ​តំណាងរាស្ដ្ររបស់ពួកគាត់។

លោកថា៖ «ខ្ញុំមិនយល់មានន័យដូចគាត់អញ្ចឹងទេ។ ក្នុងរបបលទ្ធិប្រជាធិបតេយ្យ មិនមែនមានន័យថា គ្រាន់ តែ បោះ ឆ្នោត ហើយ ចប់ ប្រជាពលរដ្ឋ លែងខ្វល់ខ្វាយ ប្រគល់ឲ្យគេ ១០០ភាគរយហ្នឹងទេ។ ច្បាប់ជ្រើសតាំងតំណាងរាស្ដ្រ ក៏គេមាន រដ្ឋធម្មនុញ្ញក៏គេមាននិយាយដែរ មានន័យថា តំណាងរាស្ដ្រហ្នឹង មានភារៈកិច្ច ក្នុងអាណត្តិ ក្រៅពីការប្រជុំក្នុងសភា គឺ គាត់ អាច មាន ភារកិច្ច ចុះជួបប្រជាពលរដ្ឋ ដើម្បីស្ទង់មតិ ជួបជាមួយប្រជាពលរដ្ឋ [ស្ដាប់] ទុក្ខលំបាករបស់ប្រជាពលរដ្ឋ»។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ បាន​ចែង​ថា ប្រជាពលរដ្ឋខ្មែរ​មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវិភាពនយោបាយ បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ហើយសេចក្ដីស្នើ ឬកង្វល់របស់ប្រជាពលរដ្ឋ ត្រូវទទួលបានការពិនិត្យ និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការរដ្ឋ។

ទោះជាយ៉ាងណា​ សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ហៅ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ​ថា ជា​ការ​ដើរ​ឃ្លាត​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ សហគមន៍​អន្តរជាតិ​ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ផង​ដែរ បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​រំលាយ​បក្ស​ប្រឆាំង ហើយ​លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ