អ្នក​នាំ​ពាក្យសភា៖ បក្ស​ប្រឆាំងកំពុង​ពិចារណា​ឡើង​វិញ​​​ក្នុង​ការ​កោះ​ហៅ​លោក ស ខេង

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង​ កាលពីកន្លងទៅ

អ្នកនាំ​ពាក្យ​រដ្ឋ​សភា​ឲ្យដឹងថា​គណបក្ស​ប្រឆាំង​កំពុង​តែ​ពិចារណាឡើងវិញ ពី​ការកោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​ឲ្យ​​ឆ្លើយ​បំភ្លឺទាក់​ទង​នឹង​ឃាតកម្មលោក​ កែម ឡី ខណៈសំណុំរឿងនេះបានទៅ​ដល់​ដៃតុលាការហើយ។

អ្នក​នាំពាក្យ​រដ្ឋ​សភាលោក ឡេង ប៉េងឡុង បាន​ឲ្យ​វី​អូ​ឌីដឹង​នៅ​រសៀល​ថ្ងៃ​ទី​២១ ធ្នូ​នេះ​ថា នៅ​ថ្ងៃ​នេះ​គណ​កម្មការ​ទី​១​បាន​ដាក់​លិខិតមក​កាន់​លេខា​ធិការ​ដ្ឋាន​នៃ​រដ្ឋសភាដើម្បី​ស្នើ​សុំ​កោះ​ហៅ​លោក​ ស ខេង ឲ្យ​មក​ឆ្លើយ​​ពាក់​ព័ន្ធ​ទៅ​នឹង​សំណុំ​រឿងឃាតកម្ម​លោក កែម ឡី តែ​លោក​ថា​​ គណ​កម្ម​ការ​​ទី​១នេះ​ កំពុង​តែ​ពិភាក្សា​ជា​មួយ​រដ្ឋសភាពី​ការ​កោះ​ហៅ​នេះ ដោយសារ​​មូល​ហេតុនៃការ​ផុតដែន​សម​ត្ថ​​​កិច្ច​​​របស់​ក្រសួង​មហា​ផ្ទៃ​ចំពោះ​ករណី​ឃាតកម្មនេះ។

លោក​ថា៖ «បាទ​មាន​តើ តែ​ឥឡូវ​គាត់​កំពុង​ពិចារណា​ឡើងវិញ ពីព្រោះ​ពេល​គាត់​ដាក់​ៗ​អញ្ចើញ​សម្តេច​ក្រឡា​ហោមមក​ឆ្លើយ​បំភ្លឺ​ពី​រឿង​ករណី​ឃាតកម្ម​លើ​លោក​ កែម ឡី ប៉ុន្តែ​ករណី​លោក កែម ឡី​ នោះ ​វា​ដល់​ដៃ​តុលាការ​យូ​រ​ហើយ។ ដូច្នេះ ​ហើយ​ សម្តេច​ ស ខេង ដូច​ជា​អត់​មាន​អី​ឆ្លើយ​ទេព្រោះ​តែ វា​បាន​ដល់​ដៃ​តុលាការ​យូរ​មក​ហើយ។ ហើយ​ពេលនេះ​យើង​កំពុងពិភាក្សា​ជា​មួយ​គាត់ ថា​ធ្វើ​មិច​ទៀត​អាច​ថា​អញ្ជើញ​ក្រសួង​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​ក៏​មិន​ដឹង ព្រោះ​ថាក្រសួង​មហា​ផ្ទៃ​ដូច​ជាអត់​មាន​ពាក់​ព័ន្ធ​អី​ទៀ​ត​ទេ​ព្រោះ​វា​ដល់​ដៃ​តុលាការ​យូរ​មក​ហើយ​ »

ទោះ​ជាយ៉ាង​ណា​បើ​តាម​លោក ឡេង ប៉េងឡុង​ ថា​ប្រសិន​ជា​គណកម្មការ​ទី​១​នៅ​តែចង់​ឲ្យ​សភា​កោះ​អញ្ចើញ​លោក ស ខេង នោះ​លោកថារដ្ឋ​សភាក៏​រៀប​ចំឲ្យ​មាន​ការឆ្លើយ​បំភ្លឺ​នោះ​ផង​ដែរ។ ​

​ប្រធាន​គណ​កម្មការសិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃងអ៊ាង បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណកម្ម​ការ​របស់​លោក​មាន​គម្រោង​​​​កោះ​អញ្ចើ​ញ​រដ្ឋមន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ​លោក ស ខេង ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ទាក់​ទង​នឹង​ឃាតកម្ម​លោក ​កែម​ ឡី ​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ខាង​មុខ។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃលោក ខៀវ សុភ័គ ដើម្បី​ឆ្លើយ​តប​ពី​ការ​ចង់​ឲ្យ​មាន​ការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃមក​ឆ្លើយ​បំភ្លឺ​នៅក្នុងសភា​បាន​នៅ​ឡើយ​ទេ។

បើតាមលោក អេង ឆៃអ៊ាង គណបក្សប្រឆាំងនឹងកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍ​នាឲ្យបំភ្លឺពីចំណាត់ការរបស់តុលាការទាក់ទងនឹងឃាតកម្មលោក កែម ឡីនេះដែរ។

គួរ​បញ្ជាក់ផង​ដែរថា រហូត​មក​ដល់​ថ្ងៃ​នេះ ការបាញ់សម្លាប់លោក កែម ឡី មានរយពេល​ជាង៥​ខែ​មក​ហើយ​ ដែ​ល​អ្នក​ពាក់​ព័ន្ធ​នៃ​ឃាតកម្មនេះ មិនត្រូវបានចាប់ខ្លួនទេ ក្រៅ​​​​​​ពី​ជ​​ន​សង្ស័​​យ​ម្នាក់​ឈ្មោះ «ជួ​​ប​ សម្លាប់» ហើយ​ភស្ភុតាងជា​វីដេអូនៃ​អំពើ​ឃាតកម្ម​នេះ​នៅ​មិន​ទាន់​ត្រូវ​បានគេ​​​បញ្ចេញ​ជា​សាធារណៈ​នៅ​​ឡើយ​ទេ បើ​ទោះ​បី​ជា​មាន​ការ​ស្នើរ​សុំយ៉ាង​ផុស​ផុល​ពី​សំណាក់​ប្រជាពល​រដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​​ក៏​ដោយ ហើយ​សំណុំ​រឿង​ឃាតកម្មមួយនេះគឺកំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ស៊ើប​សួរ​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ