ក្រុមសង្គមស៊ីវិសអំពាវនាវ​ទៅ​អាជ្ញាធរ​ឲ្យ​បញ្ចប់​ជម្លោះ​ដី​ធ្លី​បុរី​កីឡា ខណៈដល់ថ្ងៃឱសានវាទ

បុរីកីឡា

ក្រុងអង្គការសង្គមស៊ីវិល បាន​ជំរុញទៅ​សាលារាជធានីភ្នំពេញ ឲ្យ​ពន្លឿនដំណោះស្រាយ​បញ្ចប់វិវាទដីធ្លីនៅសហគមន៍បុរីកីឡា ខណៈ​ដែល​អាជ្ញាធរដាក់ឱសានវាទឲ្យពលរដ្ឋដែលសេសសល់ទាំងអស់ ចាកចេញពីអគារចាស់ និងទទួលយកសំណងគោលបាយ នៅ​ត្រឹមថ្ងៃទី២២ ខែ​ធ្នូ​នេះ។

កាលពីថ្ងៃទី៨ ខែធ្នូ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ ឲ្យពលរដ្ឋបុរីកីឡាចំនួន ១១គ្រួសារ ដែលមិន​ព្រមទទួលសំណងគោលនយោបាយ មកទទួលយកសំណងនេះ ដោយដាក់ឱសានវាទពីរសប្តាហ៍ បើខកខានរយៈពេលការកំណត់ ពលរដ្ឋ​ទាំងនោះ នឹងបាត់បង់សិទ្ធិទទួលបានសំណង និងដំណើរដោះស្រាយទំនាស់ត្រូវបានបញ្ចប់ដែរ។

ក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២០ ខែ​ធ្នូ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៤ បានបង្ហាញក្តីបារម្ភចំពោះការដាក់ឱសានវាទ របស់សាលារាជធានីភ្នំពេញនេះ ដោយចាត់ទុកការដាក់ឱសានវាទនោះថា ធ្វើឡើងផ្ទុយសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងរដ្ឋធម្មនុញ្ញ ដែលចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការរស់នៅ​ក្នុងស្ថានភាពមួយសមរម្យ ទទួលបានលំនៅឋានសមរម្យ និងការការពារពីការបណ្តេញចេញដោយបង្ខំ។

សេចក្តីថ្លែងការដដែល បានអំពាវ​នាវ​ទៅ​សាលារាជធានីភ្នំពេញ ឲ្យ​ទម្លាក់ចោល​ឱសានវាទនោះ និងបន្តដំណើរការដោះស្រាយវិវាទនោះតាមនីតីវិធីវិញ។

មន្រ្តីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាសមាជិកមួយក្នុងចំណោមអង្គការ​ទាំង ៣៤នោះ លោក វណ្ណ សុផាត បាន​លើក​ឡើង​ថា ប្រសិនបើសាលារាជធានីភ្នំពេញ អនុវត្តតាមការដាក់ឱសានវាទមែន នឹងធ្វើប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទាំងនោះ ក្នុងការទទួលបានលំនៅឋានសមរម្យ។

លោកបន្ថែមថា៖ «អ្វីជាស្តង់ដារសិទ្ធិមនុស្សដែលកម្ពុជាទទួលស្គាល់ហ្នឹង បានន័យថា ប្រសិនបើករណីហ្នឹងកើតឡើងមែន មានន័យថា ការអនុវត្តតាមច្បាប់ជាធរមានដែលប្រទេសយើងទទួលស្គាល់មានទាំងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗហ្នឹង គឺវាប៉ះពាល់ហើយ។ អញ្ចឹងហើយបានជាយើងធ្វើសេចក្តីថ្លែងការណ៍រួមនេះ ដើម្បីអំពាវនាវទៅ​អាជ្ញាធរ ជាពិសេសសាលារាជធានី​ភ្នំពេញ ឲ្យពិចារណា សុំឲ្យមានការដោះស្រាយដោយសន្តិវិធី ដែលអាចទទួលយកបានទាំងអស់គ្នា ជៀលវាងមានការថ្នាំង​ថ្នាក់គ្នាដូចបទពិសោធន៍កាលឆ្នាំ ២០១២ទៀត»។

តំណាងពលរដ្ឋម្នាក់ អ្នកស្រី ស ស៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា ពួកគាត់ប្រមាណ ១១គ្រួសារមិនព្រមទទួលយកសំណង​តាមគោលនយោបាយរបស់សាលារាជធានីភ្នំពេញ ដោយអ្នកស្រី​អះ​អាង​ថា ពួកគាត់មានឯកសារគ្រប់គ្រាន់ដើម្បី​ទទួលបាន​ផ្ទះនៅបុរីកីឡា។

អ្នកស្រីបន្ថែមថា៖ «ដោយសារពួកយើងសំអាងលើឯកសារ​យើង ​គឺត្រូវទទួលបានផ្ទះនៅបុរីកីឡា ហើយមានកិច្ចសន្យាអភិវឌ្ឍន៍នៅនឹងកន្លែង និងគោលការណ៍ ៤បាន ដូចមីងអញ្ចឹង មានមួយចំនុចក្នុងគោលការណ៍ ត្រូវតែបានផ្ទះអញ្ចឹង បែរជាឲ្យមីងទៅភូមិអណ្តូង គឺអត់ទទួលយកបានទេ»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី ប្រាប់វីអូឌីកាលពីថ្ងៃទី១១ធ្នថា សាលារាជធានីភ្នំពេញមិនមានគោលនយោបាយណាផ្សេង​ទៀត​សម្រាប់ដោះស្រាយជូនពលរដ្ឋដែលនៅសេសសល់នោះទៀតទេ។

លោកបន្តថា រាល់ការវាយតម្លៃទៅលើឯកសារផ្សេងៗរបស់ប្រជាពឡរដ្ឋទាំងនោះ ដើម្បីទទួលបានការទូទាត់សំណង គឺមានគណៈកម្មការវាយតម្លៃត្រឹមត្រឹម និងមានការចូលពីអង្គការស៊ីវិលមួយចំនួនផងដែរ។

លោកបន្ថែមថា៖ «ពាក់ព័ន្ធជាមួយសំណងដែលឆ្លើយថា មិនសមរម្យ ឬក៏មិនសាកសមជាមួយលក្ខណៈសម្បត្តិ យើងចង់​ជម្រាបជូនថា រាល់ការវិនិឆ័យពីលក្ខណៈសម្បត្តិ គឺយើងមានគណៈកម្មការវាយតំលៃត្រឹមត្រូវរហូតដល់មាន NGO ចូលរួមទៀតផង ដើម្បីពិចារណាទៅលើឯកសារ ឬក៏លក្ខណៈរបស់គ្រួសារនីមួយនោះឲ្យត្រឹមត្រូវ ឲ្យសុក្រឹត មុននឹងយើងផ្តល់ជូនសំណងទៅប្រភេទនៃអ្នកដែលគាត់ត្រូវទទួលបានរបៀបណាៗនោះ»។

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ជូនប្រជាពលរដ្ឋ១៧៧៦គ្រូវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ៣៨០គ្រូសារទៀតទទួលបានសំណងមិនត្រឹមត្រូវ ដោយក្រុមហ៊ុន និងអាជ្ញាធរធ្វើការឈូសឆាយផ្ទះ និងបណ្តេញពលរដ្ឋចេញទាំងបង្ខំ ហើយពលរដ្ឋទាំងនោះបានផ្ទុះការតវ៉ារហូតមកដល់បច្ចុប្បន្ន។ មកដល់ពេលនេះ មន្រ្តីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធរដោះស្រាយបានជាង ៩០%ហើយ ដោយនៅសល់ពលរដ្ឋតិចតួចប៉ុណ្ណោះ។

ប៉ុន្តែ បើតាមតំណាងសហគមន៍បុរីកីឡាឲ្យដឹងថា រាល់ថ្ងៃមានពលរដ្ឋទាំងអ្នកធ្លាប់ចេញតវ៉ា និងអ្នកមិនចេញតវ៉ាប្រមាណ ជិត៣០គ្រួសារទៀតមិនទាន់ទទួលបានសំណង និងកំពុងស្នាក់នៅ​លើអគារចាស់មួយក្នុងសហគមន៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ