លោក ​ព្រាប​ កុល៖ ភាព​ទៀង​ត្រង់​​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ

នាយក​ប្រតិបត្តិនៃអង្គការតម្លា​ភាព​កម្ពុជា​លោក​​ព្រាប កុល​​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​លើក​ឡើង​ថា ភាព​លោភលន់ និងអាត្មា​និយម ជា​អ្វី​ដែល​ធ្វើ​ឲ្យ​​តម្លៃ​នៃ​ភាព​ទៀងត្រង់​​ធ្លាក់​ចុះ ​និង​ធ្វើ​ឲ្យមនុស្ស​ហ៊ាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយមិន​ខ្មាស់​ខ្លួន​​ឯង។

ថ្លែង​ក្នុង​ពិធី​ជិះ​កង់​ដើម្បី​ជំរុញ​ប្រជាជន​ចូល​រួម​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល​ មាន​ប្រសាសន៍​ប្រាប់អ្នក​យក​ព័ត៌មាន​វី​អូ​ឌី​ថា មូល​ហេតុ​ដែល​អង្គការ​របស់​លោក​រៀប​ចំឲ្យ​មាន​ពិធីនេះ​ឡើង​ ក៏​ព្រោះ​តែ​​ចង់​ជម្រុញ​ឲ្យ​ប្រជាជន​ងាក​​មក​ចាប់​អារម្មណ៍​ទៅ​លើ​តម្លៃ​នៃ​ភាពទៀងត្រង់របស់​ខ្លួន ដែលលោក​ថា​ ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​។

លោក​ថា៖ «យើង​ឃើញ​ថា​ មាន​ការ​ធ្លាក់​ចុះ​ច្រើន​មែន​ទែន​នៅ​ក្នុងសង្គម។ កម្ពុជា​យើង​ក៏​រង​ផល​ប៉ះ​ពាល់នូវ​ការ​ធ្លាក់​ចុះ​នៃ​គុណធម៌ និង​សុចរិតភាព​នេះ​ដែរ​ ព្រោះ​មនុស្ស​ចាប់​ផ្តើម​នាំ​គ្នា​ឲ្យ​តម្លៃ​ទៅ​លើ​សម្ភា​រៈ ទៅលើទ្រព្យ​សម្បតិ្ត​ទៅ​លើ​លុយខ្លាំងពេក​ ដែល​ធ្វើ​ឲ្យ​គាត់​បាន​មើល​រំលង​តម្លៃ​ស្នូល​របស់​មនុស្ស តម្លៃ​ស្នូល​ដែល​យើង​គិត​ថា​ ជាស្នូល​នៃ​ព្រះ​ពុទ្ធសាសនា​ ស្នូល​នៃ​មនុស្ស​​ជាតិ​ហ្នឹង​ផង ​គឺ​សុចរិតភាព​ និង​គុណធម៌​ហ្នឹង»

លោក​​បន្ថែម​ថា ​ដោយ​សារ​តែ​កម្សោយនៃ​ភាព​ទៀងត្រង់នេះហើយ​ បាន​ជា​បណ្តាល​​ឲ្យ​ប្រជា​ជន​កម្ពុជា​មួយ​​ចំនួន​ហ៊ាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ដោយ​មិន​ខ្មាសខ្លួនឯង​។

របាយការណ៍​ឆ្នាំ​២០១៥របស់អង្គការតម្លាភាព​កម្ពុជា​ស្តី​ពីអំពើពុករលួយ បង្ហាញថា ប្រទេសកម្ពុជានៅតែ​ស្ថិតនៅក្នុងចំណោមបណ្តា​ប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរ ដោយសារតែប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋកម្ពុជានៅទន់ខ្សោយ។ បើតាម​របាយការណ៍នោះ ក្នុងចំណោ​ម​ប្រទេស១៦៨ កម្ពុជា​ស្ថិត​នៅចំណាត់​ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ ២១ លើ ១០០ ដែល​យោង​តាមសន្ទស្សន៍​នៃការ​សិក្សា​មាន​ន័យថា កម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់​ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ