លោក ដូណាល់ ត្រាំ និងប្រធានក្រុមអ្នកនាំពាក្យរបស់លោក បានចាប់ផ្ដើមវាយប្រហារយ៉ាងចម្លែកទៅលើប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះ បន្ទាប់ពីលោក ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីថ្ងៃដំបូង ដោយបានចោទប្រកាន់ក្រុមអ្នកយកព័ត៌មានថា និយាយបំភ្លើសពីចំនួនអ្នកចូលរួមក្នុងពិធីឡើងកាន់តំណែងជាផ្លូវការរបស់លោក។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ ក្នុងដំណើរទៅទស្សនាការិយាល័យកណ្ដាលនៃទីភ្នាក់ងារចារកម្មអាមេរិកស៊ីអាយអេ បានអះអាងថា មនុស្សដល់ទៅ ១.៥លាននាក់ បានទៅចូលរួមពិធីស្បថកាន់តំណែងរបស់លោក កាលពីថ្ងៃសុក្រកន្លងមកនេះ។
លោក ត្រាំ បាននិយាយថា បណ្ដាញមួយបានប៉ាន់ប្រមាណថាមានអ្នកចូលរួមប្រហែល ២៥ម៉ឺននាក់។
លោក ត្រាំ ថ្លែងថា៖ «បច្ចុប្បន្ននេះ រឿងហ្នឹងវាមិនអាក្រក់ទេ ប៉ុន្តែ វាជាការកុហក»។ លោក ត្រាំ អះអាងថា មានមនុស្សចាប់ពីជើងអគារ Capitol រហូតទៅដល់ស្តូបវ៉ាស៊ីងតោន៕