នគរបាល​កម្ពុជា​ថា ភាគី​វៀតណាម​មិន​ទាន់​ឆ្លើយ​តប​ជុំ​វិញ​ការ​បញ្ជូន​ខ្លួន​ជន​ដៃ​ដល់​ធ្វើ​ទារុណកម្ម​កុមារ​ខ្មែរ

ជនដៃដល់ដែល​បាន​ធ្វើទារុណកម្ម​លើ​កុមារខ្មែរ​(រូប​ភាពពី​បណ្តាញ​សង្គម)

មន្ត្រី​អគ្គស្នង​ការ​នគរ​បាល​ជាតិ ​បាន​ថ្លែង​ថា ​រហូត​មក​ទល់​ពេល​នេះ ​ភាគី​វៀត​ណាម​នៅ​​មិនទាន់​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​បញ្ជូន​ខ្លួន​ជន​ល្មើស​ដែល​បាន​ធ្វើ​ទារុណ​កម្ម​លើកុមារ​កម្ពុជា​នៅ​ខេត្ត​មណ្ឌល​គិរី​នៅ​ឡើយ​ទេ។

លោក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​បាន​ប្រាប់​វីអូឌី​នៅ​រសៀលនេះ​ថា កម្ពុជា​កំពុង​បន្ត​ជំរុញ​ទៅភាគី​វៀត​ណាម​ឲ្យ​បញ្ជូន​ខ្លួន​ជន​ដៃ​ដល់ ង្វៀន ថាញ់​ដុង ​មក​ផ្តន្ទាទោស​នៅ​កម្ពុជា ប៉ុន្តែ ​រហូត​មក​ទល់​ពេល​នេះ ​ភាគី​វៀត​ណាម​នៅ​តែ​បង្អូស​ពេលវេលា​ មិន​ឆ្លើយ​តប​​ចំពោះ​ការ​ស្នើ​រសុំ និង​មិន​បញ្ជូន​ខ្លួន​ជន​ដៃ​ដល់ ​មក​កម្ពុជា​ឱ្យ​បាន​ឆាប់នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ “គេ​អត់​ទាន់​ឆ្លើយ​យើង​កំពុង​តែ​ទាម​ទារ​ដែរ​ គេ​ថា ​ចាំ​សួរ​ថ្នាក់​លើ​គេ អីចឹង​អត់​ទាន់​ឆ្លើយ​​ ដូច​ជា​គេ​ចេះ​តែ​អូស​ពេល​ម៉េច​មិន​ដឹង យើង​កំពុង​តែ​សួរ​នាំ​គាត់​ ជំរុញឱ្យ​គាត់ ប៉ុន្តែ​ មិន​ដឹង​ថា ​ច្បាប់​ស្រុក​គេ​ទាក់​ទង​និតិ​វិធី មិន​ដឹង​យ៉ាង​មេច”។

លោក​បន្ថែម​ថា ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​កម្ពុជា​នឹង​បន្ត​ជម្រុញ​ឲ្យ​មាន​ការ​ឆ្លើយតប និងបញ្ជូន​ជន​ល្មើស​ខាង​លើ​មក​ផ្តន្ទា​ទោស​​តាម​ច្បាប់​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០១៦​កន្លង​មក ​អាជ្ញាធរ​វៀតណាម​បាន​ឃាត់​ខ្លួន​ជន​ល្មើសឈ្មោះ ង្វៀន ថាញ់​ដុង ​ពី​បទ​ធ្វើ​ទារុណកម្ម​ក្មេង​ប្រុស​កម្ពុជា​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី ដែល​ជន​ល្មើស​រូប​នោះ​បាន​បង្ហោះ​វីដេអូ​បង្ហាញ​សកម្មភាព​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​ខាង​លើនោះ​នៅ​តាម​បណ្តាញ​សង្គម​ពីរ​ខែ​មុន​ការ​ចាប់​ខ្លួន​ជន​ល្មើស​រូប​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ