បំផ្ទុះ​គ្រាប់​បែក​នៅ​ភាគ​ខាង​ត្បូង​ថៃ សម្លាប់​មនុស្ស​៣​នាក់​ របួស​១៨​នាក់

សារព័ត៌មាន​បាងកកប៉ុស្តិ៍​របស់​ថៃ​បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៣​នាក់ បាន​ស្លាប់ ហើយ​ ១៨​​នាក់​ទៀត​បាន​រង​របួស បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្ត​យ៉ាឡា ភាគ​ខាង​ត្បូង​ថៃ។

កាសែត​ថៃ​ដដែល​នេះ បាន​រាយការណ៍បន្ថែម​ថា ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ម៉ូតូ​មួយ​គ្រឿង បាន​ផ្ទុះ​ឡើង​នៅ​ម៉ោង ៦​ព្រឹក​ថ្ងៃ​នេះ នៅ​ក្នុង​ផ្សារ​មួយ ស្ថិត​នៅ​ទីរួម​ខេត្ត​យ៉ាឡា ដែល​ជា​ខេត្ត​ភាគ​ខាង​ត្បូង​នៅ​ជាប់​ព្រំដែន​ជាមួយ​ម៉ាឡេស៊ី។

តម្រួត​ថៃ បាន​និយាយ​ថា បុរស​វ័យ​ក្មេង​ម្នាក់ បាន​ចត​ម៉ូតូ​នៅ​ជិត​តូប​លក់​ប្រហុក​មួយ​កន្លែង ស្ថិត​ក្នុង​ផ្សារ​ភិម៉ុលឆៃ។ ស្ត្រី​ដែល​ជា​ម្ចាស់​តូប​នោះ បាន​ប្រាប់​បុរស​រូប​នោះ ឲ្យ​យក​ម៉ូតូ​ចេញ ប៉ុន្តែ បាន​រត់​ចេញ​យ៉ាង​លឿន​ទៅ​វិញ។

ស្ត្រី​រូប​នោះ បាន​ចេញ​ទៅ​អូស​ម៉ូតូ​នោះ​ចេញ ហើយ​បន្ទាប់​មក វា​ក៏​ផ្ទុះ បណ្ដាល​ឲ្យ​ស្ត្រី​រូប​នោះ និង​បុរស​ជា​អតិថិជន​ម្នាក់ ស្លាប់​ភ្លាមៗ។

ក្រៅ​ពី​អ្នក​ស្លាប់​ទាំង​២​នាក់​ខាង​លើ កាសែត​បាងកក ប៉ុស្តិ៍ បានចុះ​ផ្សាយ​ថា មនុស្ស ១៩​នាក់ បាន​រង​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ជា​បន្ទាន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ អ្នក​រង​របួស​ម្នាក់ បាន​ស្លាប់​ផង​ដែរ។

គ្មាន​ក្រុម​ណា​មួយ​ចេញ​មុខ​ប្រកាស​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​វេលា​ថ្ងៃ​ត្រង់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ