អតីត​បក្ស​ប្រឆាំង​អំពាវ​នាវ​ឲ្យ​ស៊ើប​អង្កេត​ឲ្យ​បាន​ពិត​ប្រាកដ​លើ​ឃាតកម្ម​មេ​ដឹកនាំ​សហជីព

រំលឹកខួបលោក ជា វិជ្ជា ឆ្នា២០១៨ (ឃុត សុគន្ធ)

បើទោះបី​ជា​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​ក្ដី អតីតគណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បាន​អំពាវ​នាវ​ទៅ​ដល់​អាជ្ញាធរ ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពិត​ប្រាកដ ដោយ​ថា ដើម្បី​វែក​មុខ​ឃាតករ​​ពិត និង​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​នាវ​បែប​នេះ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​នេះ ចំ​ពេល​ដែល​សហជីព​បាន​រៀបចំ​ពិធី​រំឭក​ដល់​មេដឹកនាំ​សហជីព លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពីថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ អតីត​បក្ស​ប្រឆាំង បាន​រៀបរាប់​ថា គណបក្ស​នេះ​មិន​អាច​បំភ្លេច​បាន​នូវ​វីរភាព​របស់​លោក ជា វិជ្ជា នោះ​ឡើយ ដោយ​ថា មេដឹកនាំ​សហជីព​រូប​នេះ បាន​លះ​បង់​គ្រប់​បែប​យ៉ាង និង​ធ្វើ​ពលិកម្ម ដើម្បី​ជួយ​កម្មករ-កម្មការិនី​ខ្មែរ ប្រឆាំង​ទៅ​នឹង​ការ​ជិះ​ជាន់​កេង​ប្រវ័ញ្ច​ពី​សំណាក់​ថៅកែ​«ចិត្ត​ខ្មៅ»។

ក្រៅ​ពី​លើក​តម្កើង​វីរភាព​របស់​មេដឹកនាំ​សហជីព​រូប​នេះ អតីត​គណបក្ស​មួយ​នេះ បាន​អំពាវ​នាវ​ទៅ​សមត្ថកិច្ច ឲ្យ​ស៊ើប​អង្កេត​ឲ្យ​បាន​ពិត​ប្រាកដ ដោយ​ថា ដើម្បី​វែក​មុខ​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ ហើយ​នាំ​យក​ទៅ​កាត់​ទោស​តាម​ច្បាប់។

លោក ជា វិជ្ជា មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ជា​បង​ប្រុស​របស់​លោក ជា មុន្នី ផង​នោះ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ដើម​ឆ្នាំ​២០០៤ ខណៈ​ដែល​លោក​កំពុង​អាន​កាសែត​នៅ​ខាង​លិច​របង​វត្ត​លង្ការ។

ឃាតករ​បាញ់​ប្រហារ​មេដឹកនាំ​សហជីព​រូប​នេះ នៅ​តែ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ បន្ទាប់​ពី​បុរស​ពីរ​នាក់ ​លោក ប៊ុន សំណាង និង​លោក សុក សំអឿន ដែល​ដំបូង​ឡើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​ឃាតករ​​នោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ