កូន​ស្រី​លោក កឹម សុខា ​អះ​អាង​ថា ឪពុក​នាង​សម្រេច​ចិត្ត​ឈរ​លើ​ឆន្ទៈ

កញ្ញា កឹម សម្មាធីតា និងលោក កឹម សុខា (FB: Samathida Kem)

កូន​ស្រី​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ បាន​អះ​អាង​ថា ឪពុក​របស់​នាង​​នៅ​តែ​រក្សា​ជំហរ​មិន​ចូល​រួម​នឹង​ចលនា​សង្គ្រោះ​ជាតិ​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នោះ​ឡើយ ដោយ​ថា ជំហរ​បែប​នេះ ត្រូវ​បាន​សម្រេច​ឡើង​ដោយ​ឆន្ទៈ។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស​ដើម្បី​គេច​ពី​បណ្ដឹង​នានា​នៅ​តុលាការ​កម្ពុជា​នោះ បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ អំពី​ការ​ផ្ដួច​ផ្ដើម​បង្កើត​នូវ​​​ «​ចលនា​សង្គ្រោះ​ជាតិ» បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ប៉ុន្តែ មេធាវី​លោក កឹម សុខា គឺ​លោក ហេង ផេង បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ បាន​សម្រេច​ចិត្ត​មិន​ចូល​រួម​ និង​មិន​គាំ​ទ្រ​​ចលនា​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក សម រង្ស៊ី នោះ​ទេ។

បើ​តាម​ការ​អះ​អាង​របស់​មេធាវី​រូប​នេះ លោក កឹម សុខា នៅ​តែ​បន្ត​ទាម​ទារ​យក​មកវិញ​នូវគណ​​​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ជាង ៣​លាន​សំឡេង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣។

បន្ទាប់​ពី​លោក កឹម សុខា បាន​បង្ហាញ​ជំហរ​បែប​នេះ​តាម​រយៈ​មេធាវី​របស់​លោក​រួច​មក លោក សម រង្សី បាន​រៀបរាប់​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក កឹម សុខា មិន​អាច​ប្រកាស​ជំហរ​គាំ​ទ្រ​ «ចលនា​សង្គ្រោះ​ជាតិ» ​នោះ​ទេ ដោយសារ​តែ​លោកស្ថិត​ក្នុង​កណ្ដាប់​ដៃ​លោក ហ៊ុន សែន។

ទោះជាយ៉ាងណា កូន​ស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម សម្មាធីតា បាន​អះអាង​លើ​គណនី​ហ្វេសប៊ុក​របស់​នាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ផង​ដែរ​ថា ឪពុក​របស់​នាង​សម្រេច​ដោយ​ឈរ​លើ​ឆន្ទៈ​ផ្ទាល់​ខ្លួន ដោយ​មិន​ខ្លាច​បញ្ហា​សុវត្ថិភាព​នោះ​ឡើយ។

កញ្ញា កឹម សម្មាធីតា រៀបរាប់​ថា​៖ «ក្នុង​នាម​ក្រុម​គ្រួសារ​របស់​លោក កឹម សុខា នាង​ខ្ញុំ​សូម​បញ្ជាក់​ថា រាល់​ការ​សម្រេច​ចិត្ត​របស់​ឪពុក​នាង​ខ្ញុំ គឺ​ធ្វើ​ឡើង​ដោយ​ឆន្ទៈ​របស់​លោក។ រូប​លោក​ពុំ​ដែល​សម្រេច​អ្វី​មួយ​ដែល​ផ្ទុយ​ពី​ឆន្ទៈ​លោក​ដោយ​ហេតុ​ថា ខ្លាច​ពី​សុវត្ថិភាព​ឡើយ»។

កញ្ញា​បន្ថែម​ថា៖ «ឪពុក​របស់​នាង​ខ្ញុំ​មាន​ស្មារតី​រាំង​មាំ និង​ឧត្ដម​គតិ​ដែល​ពុំ​មាន​នរណា​ម្នាក់​អាច​ឃុំ​បាន​ឡើយ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង ហង្ស វិទូ យល់ថា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និងមន្ត្រីរបស់បក្សនេះ កំពុងខ្វែងគំនិតផ្ទៃក្នុងបក្ស ដោយថា បើពួកគេនៅតែបន្តបកស្រាយផ្ទុយគ្នាបែបនេះ អ្នកដែលទទួលបានប្រយោជន៍ គឺបក្សកាន់អំណាច។

ដំណាក់កាលនេះ លោកថា អតីតមេដឹកនាំបក្សប្រឆំាង និងមន្ត្រីរបស់ខ្លួន ត្រូវប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ ហើយត្រូវរួមគ្នាគិតធ្វើយ៉ាងណា ដើម្បីឲ្យពួកគេបានចូលរួមប្រកួតប្រជែងនយោបាយប្រកបដោយតម្លាភាព និងទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិ។

លោកយល់ថា៖ «រឿងទាក់ទងនឹងការខ្វែងគំនិត គឺលោក សម រង្ស៊ី ផ្ទាល់ និងក្រុមកូនលោក កឹម សុខា គួរតែជួបគ្នាដោយផ្ទាល់និយាយគ្នា ដើម្បីដោះស្រាយបញ្ហាជៀសវាងការខ្វែងគំនិត និងការយល់ប្រឡំ ដែលនំាទៅដល់ការបែកបាក់។ ចំណុចទីបី គណបក្សសង្គ្រោះជាតិ គឺគាត់ត្រូវតែប្រើយុទ្ធសាស្ត្រ វិធីសាស្ត្រការទូត ដើម្បីឲ្យប្រជាពលរដ្ឋគាត់យល់អំពីគណបក្សសង្គ្រោះជាតិ ថា សង្គ្រោះជាតិមានគោលដៅរឹងមំាច្បាស់លាស់ ហើយដើម្បីពន្យល់ទៅដល់អន្តរជាតិ ដើម្បីឲ្យអន្តរជាតិគាត់ធ្វើអន្តរាគមន៍ជួយនៅក្នុងលក្ខខណ្ឌណាមួយ ដែលអាចជួយបាន»។

ក្រុម​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង បាន​ឈាន​ទៅ​ដល់​ការ​ខ្វែង​គំនិត​គ្នា បន្ទាប់​ពី​លោក សម រង្ស៊ី ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ផ្ដួច​ផ្ដើម​​បង្កើត​ចលនា​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​កន្លង​មក​នេះ។

ចលនា​ថ្មី​នេះ ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ឃុំក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ