បក្ស​កាន់​អំណាច​ដាក់​បញ្ចូល​បញ្ហា​មនុស្ស​ចាស់​ក្នុង​កម្មវិធី​នយោបាយ​ថ្មី​របស់​ខ្លួន

នាយកមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

មនុស្សវ័យ​ចាស់ ត្រូវ​បាន​​គណបក្ស​កាន់​អំណាច​ដាក់​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​ថ្មី​របស់​ខ្លួន ខណៈ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូល​មក​ដល់ បន្ទាប់​ពី​គណបក្ស​ពីរ បាន​លើក​យក​បញ្ហា​នេះ​ដាក់​ចូល​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​រួច​មក​នោះ។

ឯកសារ​នៃ​មហា​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​មករា បាន​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​មួយ​នេះ បាន​ដាក់​បញ្ចូល​គោល​នយោបាយ​មនុស្ស​វ័យ​ចាស់​ទៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២៣​។

គណបក្ស​កាន់​អំណាច​បាន​សម្រេច​បែប​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​អំពី​គោល​នយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យ​ចាស់ ២០១៧-២០៣០ ដោយ​លោក​ផ្ទាល់​ធ្វើ​ជា​ប្រធាន​មូលនិធិ​មនុស្ស​វ័យ​ចាស់​។

លោក​ ហ៊ុន សែន ថ្លែង​ថា៖ «​ជា​កា​ពិត​ គោល​នយោបាយ​ជាតិ​ស្តីពីមនុស្ស​ចាស់ ២០១៧​ ដល់ ​២០៣០​នេះ គឺ​ជា​ការ​បើ​ក​ទំព័រប្រវត្តិ​សាស្ត្រ​ថ្មី​នៃ​ប្រព័ន្ធ​គាំ​ពារសង្គម​​មួយ ដោយ​ផ្តោត​លើ​ការ​ការ​ពារ​មនុស្ស​ចាស់​នៅ​កម្ពុជា ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវកា​រ​ជាក់​ស្តែង​របស់​ពួកគាត់ ក្នុង​បរិក្ខា​នៃ​ការ​ផ្លាស់​ប្តូរយ៉ាងឆាប់​រហ័ស​នៃ​ប្រជាសាស្ត្រ​ និង​ដំណើរ​ការ​អភិវឌ្ឍសង្គម​ និង​សេដ្ឋ​កិច្ច​ជាតិ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្ស​នេះ​បាន​សម្រេច​ឲ្យ​មាន​កម្មវិធី​នយោបាយ​គាំពារ​ដល់​មនុស្ស​វ័យ​ចាស់​ដែល​គ្មាន​ទីពឹង តាម​រយៈ​ការ​បង្កើត​មជ្ឈ​មណ្ឌល​ប្រមូល​ផ្ដុំ និង​ផ្ដល់​ការ​ថែទាំង​ផ្នែក​សុខភាព និង​សុវត្ថិភាព​ដល់​ពួកគាត់។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ មនុស្ស​វ័យ​ចាស់​ដែល​នឹង​ស្ថិត​នៅ​ក្រោម​កម្ម​វិធី​នយោបាយ​ថ្មី​នេះ ត្រូវ​បាន​សំដៅ​ទៅ​ដល់​ក្រុម​មនុស្ស​ចាស់​គ្មាន​ទីពឹង ប៉ុន្តែ គណបក្ស​នេះ​មិន​បាន​កំណត់​ចំនួន​ថវិកា​ជាក់​លាក់​សម្រាប់​ផ្ដល់​ជូន​ដល់​មនុស្ស​វ័យ​ចាស់ ដែល​នឹង​ត្រូវ​ទទួល​បាន​ការ​គាំ​ពារ​នោះ​ឡើយ

លោកថា៖ «អត់ទីពឹងបានន័យថា អត់មានប្រភពចំណូល អត់មានកូនចៅថែរក្សា កូនចៅខ្វះលទ្ធភាព ឬមួយក៏គាត់តែលតោលឯកកាទៅ។ អ្នកខ្លះគាត់ថា រៀបស្លាប់គ្រាន់តែបានឃើញក្តារមឈូស ឬមួយរៀបស្លាប់គ្រាន់តែបានសម្លការីមួយចាន គាត់វាអស់ចិត្តនោះណា ដែលយើងជួបប្រទះនៅក្នុងសង្គមជាក់ស្តែងរបស់យើងនេះ។ អញ្ចឹង យើងដោះស្រាយបញ្ហាហ្នឹង កុំឲ្យគាត់មានអារម្មណ៍រវើរវាយ អណ្តែតអណ្តូងទៅផ្សេងៗកាន់តែអស់សង្ឃឹមទៅ វាធ្វើឲ្យសុខភាពកាន់តែទ្រុឌទ្រោមថែមទៀត»។

ទោះជាយ៉ាងណា ការ​សម្រេច​បែប​នេះ​របស់​បក្ស​កាន់​អំណាច ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​គណបក្ស​នយោបាយ​២​ទៀត បាន​លើក​យក​បញ្ហា​នេះ ដាក់​ចូល​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន​រួច​មក​ហើយ​នោះ។

នៅ​ក្នុង​គោល​នយោបាយ ៧​ចំណុច​របស់​ខ្លួន​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​សម្រាប់​មនុស្ស​វ័យ​ចាស់ ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​ និង​ដឹកនាំ​រដ្ឋាភិបាល​នោះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ជាង ២​ឆ្នាំ​មុន​នោះ​ដោយ​ក្រុម​បញ្ញាវ័ន្ត​មួយ​ក្រុម​នោះ ក៏​បាន​ដាក់​បញ្ចូល​បញ្ហា​នេះ​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន​ផង​ដែរ ដោយ​សន្យា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ១៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ដល់​មនុស្ស​វ័យ​ចាប់​ពី ៦៥​ឆ្នាំ​​ឡើង។

អ្នក​នាំពាក្យ​គណបក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​លោក សាម អ៊ីន បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថា ​គោល​នយោបាយ​សម្រាប់​មនុស្ស​ចាស់​របស់​គណបក្ស​ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​ពួកគាត់ ដោយ​ថា​ ចំនួន​ថវិការ​ក្នុង​ទំ​ហំ​ប៉ុននេះ​ គឺ​មិន​ចោ​ទ​ជា​បញ្ហា​សម្រាប់​រដ្ឋាភិបាលនោះ​ទេ។

លោកថា៖ «ក្នុង​វិស័យ​បួន​មាន​វិស័យ​សង្គម​កិច្ច​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ស្ត្រី​ឆ្លង​ទន្លេ យក​ចិត្ត​ទុក​ដាក់​ដល់​មនុស្ស​ចាស់ ជួយ​ដល់កម្ម​ករ​ពេល​អត់​ការ​ងារ​ធ្វើ​ជាដើមហ្នឹង។ អញ្ចឹង​ យើង​គិតគូរពី​ការ​ចំណាយ​ទៅ​លើ​វិស័យ​អាទិភាព​បួន​ហ្នឹង ដែលចំណាយ​ប្រមាណ​តែ ២៥​ភាគ​រយនៃ​ថវិកាប្រមាណ​ ៦ពាន់​លាន​ដុល្លារទេ។ អញ្ចឹង​យើង​គិត​ថា រឿង​នេះ​មិន​មែន​ជា​រឿង​លំបាក​ក្នុង​កា​អនុវត្ត​ជាក់​ស្តែង​ទេ​ ហើយ​ម្យ៉ាង​ទៀតគោលនយោបាយ​របស់​គណបក្សប្រជា​ធបតេយ្យ​មូល​ដ្ឋាន ​យើង​នឹង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិឲ្យ​កាន់​តែ​ឡើង​ខ្លាំង​ជា​បច្ចុប្បន្ន»។

អ្នក​វិភាគ​វ័យ​ក្មេង ​លោក​ ហង្ស វិទូ យល់​ថា តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​នេះ បាន​បង្ហាញ​ថា​ អ្នក​នយោបាយ​​កំពុង​ផ្តោត​លើ​មនុស្ស​ចាស់ ​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព និង​​ការ​គាំ​ទ្រ​ពី​ប្រជា​ពល​រដ្ឋ​​នាពេល​ជិត​បោះឆ្នោត។

លោក​ថា៖«ដូច​ខ្ញុំបាន​បញ្ជាក់​ហើយ​ សម្រាប់​គោល​នយោបាយ​គាំ​ពារមនុស្ស​ចាស់(របស់​បក្សប្រជាជន)​នេះ មាន​យូរ​ហើយ​ ប៉ុន្តែ​ គ្រាន់​តែរដ្ឋាភិបាល​ហាក់​បី​ដូច​ជា​អនុវត្តន៍​បាន​តិច​តួច​បំផុត! ដូច្នេះ​ហើយ ​បើ​សិន​ជា​អាច​មាន​ប្រជា​ប្រិយ​ភាព​មាន​តែ ខ្ញុំ​គិត​ថា ​សម្រាប់​គណបក្ស​នយោបាយ​ថ្មី​វិញ​ដូច​ជា​គណបក្ស​ប្រ​ជាធិបតេយ្យ​មូល​ដ្ឋាន ខ្ញុំ​គិតថា​ ពួកគាត់​ហាក់​ដូច​ជា​មានប្រជា​ប្រិយ​ភាព​ជាង​គណបក្សប្រជា​ជន​កម្ពុជា​ដែល​មាន​តែ​ការ​ផ្សព្វផ្សាយចាស់​ដែល​ការ​អនុវត្តគ្មា​ន​ប្រសិទ្ធភាព»។

របាយការណ៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​ឲ្យ​ដឹង​ថា មនុស្សវ័យ​ចាស់​មានអាយុពី ៦០ឆ្នាំឡើង​ក្នុងឆ្នាំ២០១៣ មានប្រមាណ ៨% ឬ​ស្មើនឹង ១ លាន ២​សែននាក់នៃប្រ​ជាជ​ន​កម្ពុជា​ស​រុប ១៥​លាននាក់។

ចំនួន​មនុស្សចាស់ ត្រូវ​បាន​ព្យាករ​ថា នឹងកើនដល់ ២លាននាក់ ឬ​ស្នើនឹង​ ១១%​នៃ​​​​ប្រជា​​ជ​ន​​សរុប​ប្រមាណ ១៨លាននាក់​នៅឆ្នាំ២០៣០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ