ពលរដ្ឋថា របងការដ្ឋាន​ជាប់​ស្តាត​អូឡំាពិក​ដួល​កិនលើអ្នក​ដំណើរ​ម្នាក់

របងការដ្ឋានជាប់ស្តាត​អូឡំាពិក​ដួលកិន​លើ​ដំណើរម្នាក់នៅ​ថ្ងៃ​ចន្ទ​នេះ (រូប​ពីទំព័រ​ហ្វេសប៊ុក ​Mrfunny)

ប្រជាពលរដ្ឋមួយចំនួននៅក្បែរស្តាតអូឡំាពិក និងអ្នកធ្វើដំណើរសម្តែងការព្រួយបារម្ភពីសុវត្ថិភាព ដោយពួកគេអះអាងថា មានករណីរលំរបងដែកផ្សារភ្ជាប់ជាមួយស័ង្កសីបានដួលរលំសង្កត់លើក្មេងស្រីម្នាក់នៅថ្ងៃចន្ទនេះ។

បើតាមពលរដ្ឋ ហេតុការណ៍នេះបានកើតឡើងនៅខាងជើងជាប់ស្តាតអូឡាំពិក ចម្ងាយប្រហែលជាង១០០ម៉ែត្រពីកន្លែងដែលធ្លាក់ដែកត្រូវចំក្បាលស្ត្រីម្នាក់ស្លាប់ កាលពីចុងឆ្នាំ២០១៤។

ពលរដ្ឋនៅក្បែរការដ្ឋានសាងសង់សំណង់នៅស្តាតអូឡំាពិកដែលអះអាងថាបានឃើញហេតុការណ៍នោះបានប្រាប់VODក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា របងការដ្ឋាន៣ផ្ទាំងបានរលំសង្កត់លើដៃក្មេងស្រីម្នាក់ជាអ្នកដំណើរ ខណៈដែលត្រាក់ទ័រកាយដីកំពុងកាយដីនាម៉ោងជាង១១ថ្ងៃត្រង់ ដើម្បីរៀបចំប្រព័ន្ធលូ ស្ថិតនៅខាងជើងជាប់របងស្តាតអូឡំាពិក។ ពលរដ្ឋរូបនោះបញ្ជាក់ថា គាត់មានការព្រួយបារម្ភពីសុវត្ថិភាព ជាពិសេសពេលធ្វើដំណើរនៅក្បែរការដ្ឋានសាងសង់នោះ។

ពលរដ្ឋរូបនោះបន្តថា៖ “រាល់ថ្ងៃហ្នឹងខ្ញុំព្រួយបារម្ភមែនទែន។ បើខ្ញុំមុខរបរនៅ ចេះតែរកស៊ីកន្លែងហ្នឹង ចេះតែឈរទៅ ចេះតែរកទៅ មិនដឹងម៉េច ព្រោះវាធ្លាក់រហូតដែរ ឈរៗដែកពីលើមកហ្នឹង វាធ្វើមិនប្រយ័ត្នដែរក្រុមហ៊ុនហ្នឹង”

អ្នកដំណើរម្នាក់លោក ហេង តារា ដែលអះអាងថាបានឃើញព្រឹតិ្តការណ៍នោះផ្ទាល់ ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យការដ្ឋាននោះឡើងវិញ ដោយលោកថា ដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ លោកមានប្រសាសន៍ថា៖ “ស្នើទៅសមត្ថកិច្ចឲ្យជួយមើលការខុសត្រូវ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋទំាងអស់គ្នា ដើម្បីជិះទៅមកឲ្យបានសុខសប្បាយទំាងអស់គ្នា កុំឲ្យមានបញ្ហាធ្លាក់នេះ ធ្លាក់នោះលើប្រជាពលរដ្ឋ”

យ៉ាងណាក៏ដោយ នៅពេលVODព្យាយាមសុំការបំភ្លឺពីកម្មករសំណង់ជាច្រើននាក់នៅស្តាតអូឡំាពិកនោះ ពួកគេអះអាងថា មិនបានដឹងរឿងនេះទេ ដោយថា គ្រោះថ្នាក់នោះចំពេលពួកគេឈប់សម្រាកបាយថ្ងៃត្រង់។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ក្រោយពីមានករណីដួលរបងកិនសិស្សម្នាក់នោះ ក្រុមហ៊ុនបានហៅជនរងគ្រោះទៅដោះស្រាយបញ្ចប់ភ្លាមៗ។ ប៉ុន្តែលោកថា យ៉ាងណាក៏ដោយ លោកនឹងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើម្បីឲ្យមានការត្រួតនិត្យឡើងវិញលើការដ្ឋានសំណង់នោះ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំនឹងពំានាំយកចំណុចនេះ ដើម្បីពិភាក្សាជូនអភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យមានវិធានការ ពីព្រោះជាបញ្ហាសុវត្ថិភាព។ ខ្ញុំគិតថាត្រូវតែមានចំណាត់ការមួយចំនួនដែលត្រូវឲ្យការដ្ឋានត្រូវតែគោរពទៅតាមបទដ្ឋានឲ្យបានត្រឹមត្រូវ”

គួររំឭកថា កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ មានករណីធ្លាក់ដែកប្រវែងជាង២ម៉ែត្រពីលើអគារដែលកំពុងសាងសង់នៅក្បែរស្តាតអូឡាំពិក ត្រូវចំក្បាលស្រីម្នាក់ដែលកំពុងជិះម៉ូតូ បណ្ដាលឱ្យស្ដ្រីរូបនោះស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ