មាស ច័ន្ទមាន បន្តចាញ់ក្នុង​ការ​ប្រកួត​អន្តរជាតិ

កីឡាករ មាស ច័ន្ទមាន ចាញ់កីឡាករ​ថៃ Soun Tepheap ដោយ​ពិន្ទុ (រូបភាព៖ សុខ ឆាយ)

ក្នុងប៉ុន្មានប្រកួតចុងក្រោយ កីឡាករជើងខ្លាំងជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម មាស ច័ន្ទមាន ឬសារឹម ង៉ា ហាក់ដូចជាមានយីអ៊ុនមិនសូវល្អសោះ នៅពេលជួបប្រកួតជាមួយកីឡាករថៃ។ ជាក់ស្ដែងការប្រកួតរបស់គេកាលពីថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ក៏មានសំណាងមិនល្អផងដែរ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។

ការប្រកួតដែលបានធ្វើឡើងនោះគេកត់សម្គាល់ថាកីឡាករកម្ពុជា មាស ច័ន្ទមាស វាយចាញ់៥ទឹកតែម្ដង បើទោះជាគេមានឱកាសវាយឲ្យកីឡាករថៃឈ្មោះ Soun Tepheap បែកឈាមក្រោមភ្នែក ដែលធ្វើឲ្យគេមើលឃើញថាមានប្រៀបជាងគេ។ ស្ទើរគ្រប់តែកាលៈទេសៈនៃការវាយចេញទាំងអស់ កីឡាករកម្ពុជាបានតែវាយចេញច្រើនប៉ុណ្ណោះ ប៉ុន្តែបើសំដៅដល់ឱកាសចំប្លង់គឺតិចតួចបំផុត។ បើកុំតែមួយកែងពេញទំហឹងរបស់មាស ច័ន្ទមាន បានបណ្ដាលឲ្យកីឡាករថៃបែកមុខ កុំអីគេចាត់ទុកថាកម្រិតឡើងប្រកួតរបស់គេកាលពីថ្ងៃអាទិត្យនោះ មិនទទួលបានផ្លែផ្កាតែម្ដង។

តាំងពីទឹកទី៣រហូតដល់ទឹកចុងក្រោយ កីឡាករថៃនៅតែមានឱកាសវាយកែង ទាត់ជើងធ្វេងស្ដាំ និងវាយបោកធ្វើឲ្យកីឡាករកម្ពុជាប្រផាប់ចាប់ពភីង។ បើទោះជាត្រូវបែកឈាមដាបពេញថ្ពាល់ខាងធ្វេង ក៏កីឡាកររបស់ថៃ មិនបានចុះញ៉មនោះដែរ ដោយកាន់តែប្រឹងវាយសម្រុក ហើយធ្វើឲ្យអ្នកគាំទ្រកីឡាករកម្ពុជាខកចិត្ត។ វិលទៅទឹកទី២ គេឃើញកីឡាករ មាស ច័ន្ទមាន វាយដូចកំរោលចូល ព្រោះតែខឹងកីឡាករថៃ​ Soun Tepheap ស្ទុះវាយមិនដកដៃធ្វើឲ្យគេទ្រមខ្លួននោះផង។ អ្នកទាំងពីរវាយគ្នាដូចមានគំនុំ ដោយសារតែកីឡាករថៃខឹងរឿងកីឡាករកម្ពុជាវាយឲ្យបែកក្រោមភ្នែកខាងធ្វេង ហើយកីឡាករកម្ពុជាក៏ក្ដៅស្លឹកត្រចៀករឿងកីឡាករថៃគិតតែស្ទុះវាយសន្ធាប់។

ការ​ប្រកួត​រវាង​កីឡាករ មាស ច័ន្ទមាន និង​​កីឡាករ​ថៃ Soun Tepheap (រូបភាព៖ សុខ ឆាយ)
ការ​ប្រកួត​រវាង​កីឡាករ មាស ច័ន្ទមាន និង​​កីឡាករ​ថៃ Soun Tepheap (រូបភាព៖ សុខ ឆាយ)

យ៉ាងណាក៏ដោយ ការស្ទុះចូលរបស់ភាគីទាំងពីរបានទទួលផ្លែផ្កាតែកីឡាករថៃប៉ុណ្ណោះ ដោយបានធ្វើឲ្យ មាស ច័ន្ទមាន កាន់តែច្រឡោត ហើយកីឡាករថៃកាន់តែមានឱកាស។ នៅទឹកទី៤ និងទី៥ កីឡាករកម្ពុជាកាន់តែត្រូវទ្រមខ្លួន បើទោះជាគ្មានស្នាមរយះដូចគ្នានឹងកីឡាករថៃ។ គូនេះត្រូវគេកត់សម្គាល់ថាជក់ចិត្ត និងមានភាពរស់រវើក បើធៀបនឹងគូអន្តរជាតិ៣ទៀត។ កីឡាករថៃបានបង្ហាញអំនួតថាខ្លួននឹងឈ្នះការប្រកួតតាំងពីមុនប្រកាសដោយលោកអាជ្ញាកណ្ដាលម្ល៉េះ។ អីចឹងហើយទើបគ្រាន់តែមានការប្រកាសផ្លូវការ គេឃើញកីឡាករថៃកាន់តែលោតកញ្ជ្រោលនៅលើសង្វៀន។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា ក្នុងមួយរយៈចុងក្រោយនោះ កីឡាករ មាស ច័ន្ទមាន ទទួលបរាជ័យនៅក្រោមដៃកីឡាកថៃច្រើនជាងមានសំណាង។ ប៉ុន្តែលោកថា កីឡាកររូបនេះនៅតែមានទីផ្សារចាប់អារម្មណ៍ក្នុងការផ្គូរផ្គងនៅឡើយទេ ដោយផ្អែកតាមការប្រកួតរបស់គេមិនធ្លាប់ប៉ះរឿងអាស្រូវប្រកួតពាក់ព័ន្ធបញ្ហាប្រកួតលក់ខ្លួន ឬប្រកួតមិនអស់ដៃ។ លោកថា ហេតុផលដែលការប្រកួតបរាជ័យនាពេលចុងក្រោយរបស់ភាគីកម្ពុជា មិនមែនកើតមានចំពោះតែ មាស ច័ន្ទមាន នោះទេ គឺបានកើតមានសឹងនឹងគ្រប់កីឡាករដែលបានផ្គូរផ្គងឲ្យប្រកួត បន្ទាប់ពីលោកបានប្ដូរយុទ្ធសាស្រ្តនាំយកកីឡាករអាជីពនៅក្នុងសហព័ន្ធប្រដាល់ថៃឲ្យមកប្រកួតវិញ។

លោកមានប្រសាសន៍ថា៖ “មួយរយៈហ្នឹង ច័ន្ទមាន ចាញ់មែន ប៉ុន្តែមកពីកីឡាករថៃល្អដែរទេ ព្រោះក្រៅពី ច័ន្ទមាន គេ(អ្នកខ្លាំង)ចាញ់គ្រប់តែគ្នាហ្នឹង”។ លោកថា កីឡាករថៃ Soun Tepheap ធ្លាប់ប្រកួតបាន ៧៦លើក ឈ្នះ៦៤លើក ចាញ់១១លើក ស្មើ១លើក តិចជាងកីឡាករខាងកម្ពុជាដែលធ្លាប់ប្រកួតដល់១១៨លើក ឈ្នះ៩៥លើក និងចាញ់២៣លើក ក៏ពិតមែន។ ប៉ុន្តែផ្អែកតាមកម្លាំង សមត្ថភាព និងផ្លែដៃ ក៏ដូចជាការទាត់ចេញគឺកីឡាករថៃល្អជាង។

នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យនោះ គឺកីឡាករកម្ពុជាទទួលបរាជ័យទាំងអស់ ដោយ ភុំ សារ៉ាយ ដែលជាជើងខ្លាំងល្បីឈ្មោះយូរមកហើយនៅក្នុងពិភពប្រដាល់ ត្រូវកីឡាករថៃ Playalek វាយឲ្យសន្លប់ក្នុងទឹកទី៣។ កីឡាករ យុគ យក្សផ្លែ ចាញ់ពិន្ទុកីឡាករថៃ Kam Laiyouk និងកីឡាករ មាស ភារម្យ គឺសន្លប់ក្នុងទឹកទី២តែម្ដង ក្រោមកីឡាករ Phach Bopha ។ លោក ញាណ សុធី បញ្ជាក់ថា ការប្រកួតអន្តរជាតិចុងក្រោយកីឡាករកម្ពុជាកាន់តែពិបាកឈ្នះ ប៉ុន្តែក៏មិនអាចយកកីឡាករថៃមិនមែនអាជីពមកប្រកួតនាំឲ្យមានការរិះគន់នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ