សហភាពអឺរ៉ុប៖ វិសោធនកម្មច្បាប់បក្សនយោបាយ ប៉ះពាល់ជាអវិជ្ជមានដល់បរិយាកាសបោះឆ្នោត

សហភាពអឺរ៉ុបលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាការរឹតត្បិតខ្លាំងដល់សកម្មភាពរបស់គណបក្សនយោបាយ និងថាការនេះ នឹងធ្វើឲ្យមានចម្ងល់ពីភាពស្របច្បាប់នៃការបោះឆ្នោត។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធទី២២កុម្ភៈនេះ  ប្រតិភូសហភាពអឺរ៉ុបបានលើកឡើងនូវក្ដីបារម្ភអំពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា ដោយថា ការធ្វើវិសោធនកម្មច្បាប់នយោបាយ ដែលត្រូវបានរដ្ឋសភាកម្ពុជារបស់គណបក្សប្រជាជន ទើបបានអនុម័តកាលពីថ្ងៃទី២០កុម្ភៈកន្លងទៅនេះ ជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពលើគណបក្សនយោបាយនានា និងអាចឈានដល់រំលាយគណបក្សនយោបាយផ្សេងទៀតផងដែរ។

បើតាមសេចក្ដីថ្លែងការណ៍នេះ សហភាពអឺរ៉ុបបារម្ភថា ការអនុម័តច្បាប់គណបក្សនយោបាយនឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ដោយថា នាំឲ្យមានមន្ទិលសង្ស័យពីភាពស្របច្បាប់នៃការបោះឆ្នោត។

សហភាពអឺរុបបានទទូចឲ្យអាជ្ញាធរកម្ពុជាធានាឲ្យមានបរិយាកាសនយោបាយល្អប្រសើរមួយ ដោយអនុញ្ញាតឲ្យគណបក្សប្រឆាំង និងសង្គមស៊ីវិលអាចចូលរួមក្នុងដំណើរការបោះឆ្នោតដោយសេរី និងគ្មានការបំភិតបំភ័យ។

កាលពី​ពេល​ថ្មី​ៗ​នេះ ទាំងសមាជិក​សភាអាមេរិក និង​សមាជិក​សភាអឺរ៉ុប ​ក៏បាន​រិះគន់​ទៅ​លើ​ច្បាប់​នេះផងដែរ​ ដែលថា​ ​អាច​នាំ​កម្ពុជាឈានទៅ​រក​ការ​គ្រប់​គ្រងផ្ដាច់មុខរបស់គណ​បក្សតែមួយ​ទៅ​ថ្ងៃ​អនាគត ដោយ​ថា​ច្បាប់​នេះ​ នឹង​បើ​ក​សិទ្ធិ​ឲ្យ​រដ្ឋា​ភិ​បាល មាន​អំណាចកាន់​តែ​ខ្លាំង ​ក្នុង​​ការ​រារាំង​បក្ស​នយោបាយ​ដទៃ ដែល​ជាគូរប្រជែង​ខ្លួន​ ហើយ​ទៅ​ថ្ងៃ​មុខវា​ជា​គ្រោះ​ថ្នាក់​មួយ​នៃ​ដំណើ​ការ​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ