លោក ហ៊ុន សែន ឲ្យក្រុមហ៊ុនទូរសព្ទនិងប្រព័ន្ធផ្សព្វផ្សាយថា «មីក្រូហិរញ្ញវត្ថុជារបស់ឯកជន»

បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុនទូរសព្ទនិងប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយថា “មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ” ខណៈលោកបញ្ជាបន្ថែមទៀតឲ្យ​ម្ចាស់​ក្រុមហ៊ុនទូរសព្ទទាំងអស់ត្រូវប្រើសារសំឡេងដូចគ្នានេះ​នៅក្នុងទូរសព្ទ (Call Tunes) ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅព្រឹកនេះ លោក ហ៊ុន សែន បានរិះគន់មន្រ្តីរដ្ឋាភិបាលរបស់លោកថា​ធ្វើការ «ស្ទក់» ក្នុងការផ្សព្វផ្សាយថា ​“មីក្រូហិរញ្ញវត្ថុជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ” ដោយ​លោកថាពលរដ្ឋនៅតែមានការយល់ច្រឡំថា ពួកគេជំពាក់លុយរដ្ឋដដែល។ លោកបានបញ្ជាឲ្យក្រុមហ៊ុនទូរសព្ទទាំងអស់ រួមទាំងព្រះសង្ឃផងត្រូវជួយ​ផ្សព្វផ្សាយពីបញ្ហានេះ។ លោកថ្លែងថា «អីចឹងទេលេងមួយនគរហ្មង។ វិទ្យុផ្សាយ ទូរទស្សន៍ផ្សាយ សារព័ត៌មានចុះនៅពីលើហ្នឹង ហើយ Online រត់ ហើយទូរទស្សន៍នានារត់អក្សរទៅ លើកលែងតែកន្លែងផ្សាយពាណិជ្ជកម្ម។ ហើយ​ផ្សាយពាណិជ្ជកម្មក៏អាចធ្វើ​បានដែរ រៀប​ចំស្ពតពាណិជ្ជកម្មមួយ មានអីពិបាក»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ពលរដ្ឋខ្មែរភាគច្រើនកំពុងជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលអាចមានការព្រួយបារម្ភខ្លាចមានបក្សនយោបាយណាមួយយកករណីនេះធ្វើជាលេស ដើម្បីកេងចំណេញនយោបាយ។

លោកថា៖ «ទី១ បញ្ហានេះដោយសារតែការមើលឃើញ ឮពាក្យដែលប្រជាពលរដ្ឋសម្រាប់អ្នកដែលជំពាក់មីក្រូហិរញ្ញវត្ថុហ្នឹងគិតថា ជំពាក់គាត់ ទី២ រដ្ឋាភិបាលអាចមានការបារម្ភដែរថា រឿងបំណុលនេះ ប្រសិនបើមិនមានការបញ្ជាក់ឲ្យច្បាស់ទេថាលុយមីក្រូហិរញ្ញវត្ថុជារបស់ឯកជនទេ​ ខ្លាចថាមានការយករឿងបំណុលហ្នឹងទៅជា នៅក្នុងកម្មវិធីនយោបាយ ឃោសនានយោបាយទៅ»។

លោក ងែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍ នៃក្រុមក្រុមហ៊ុន EMC យល់ថា ចំណាត់ការរបស់រដ្ឋាភិបាលហាក់មានភាពប្រញាប់ប្រញាល់ពេក ដោយលោកថា វាអាចនាំឲ្យសាធារណជនមានការភាន់ច្រឡំ។ លោកបន្ដថា បើគ្រាន់តែការញែកឲ្យដាច់រវាងស្ថាប័ន និងឯកជន រដ្ឋាភិបាលអាចធ្វើតាមវិធីសាស្ដ្រធម្មតា និងតាមសម្រួលក៏បាន។

លោកថា៖ «វាមានហេតុផលម្យ៉ាងដែរ ដែលកន្លងមក ប្រជាពលរដ្ឋគាត់តែងតែខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយគាត់យល់ថា គាត់តែងតែហៅថា លុយរដ្ឋអីអញ្ចឹង។ ខ្ញុំក៏មិនយល់ពីចេតនារបស់គាត់១០០ភាគរយដែរ មែនទែនទៅ បើនិយាយពីការញែកឲ្យដាច់រវាងវិស័យឯកជន ហើយនិងរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវណាស់ គ្រាន់តែថាមធ្យោបាយក្នុងធ្វើគាត់រៀងប្រញាប់ពេក ធ្វើឲ្យមហាជនមានជាសំណួរ ចំណោទអីចឹង»។

ក្រៅតែពីបញ្ជាបែបនេះ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ «ប្រាសាក់» ដែលមាន​និមិត្តសញ្ញាអក្សរ «រររ» នោះត្រូវប្តូរស្លាកនេះចេញ បន្ទាប់ពីធនាគារ អេស៊ីលីដា បាន​ប្តូររូបហង្សចេញពីនិមិត្តសញ្ញារបស់ខ្លួនរួចហើយ។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យអាជ្ញាធរនៅមូលដ្ឋានបញ្ឈប់សកម្មភាព​ចូលរួម​រឹបអូសទ្រព្យសម្បត្តិពលរដ្ឋដែលជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ ខណៈដែលតុលាការ​ចុះអនុវត្តសាលក្រម៕

រាយការណ៍បន្ថែម ដោយ ​ពេជ្រ ចំរ៉ុង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ