វិភាគ៖ តើសវនាការឃាតកម្មលោក​ កែម ឡី នឹងវិវត្តន៍ទៅបែបណា?

រូបសំណាកលោក កែម ឡី ក្នុងពិធីរំលឹកខួបការស្លាប់របស់លោក

ការបាញ់សម្លាប់លោក កែម ឡី ទំនងជាមនុស្សរាប់ម៉ឺននាក់កំពុងរងចាំមើលថា តើទីបំផុតទៅ មា​​​​​ន​​​​ជន​​​សង្ស័​​​យ​ប៉ុ​ន្មាននាក់ ត្រូវរដ្ឋាភិបាលនាំខ្លួនមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះ។

ថ្វីបើក្រោយកើតហេតុ សមត្ថកិច្ចបានបង្ហាញមុខ​បុ​រស​ម្នាក់ឈ្មោះថា ​«ជួប សម្លាប់» ដែល​គេសង្ស័យថា ជា​​​​​ខ្មាន់​​​កាំភ្លើងបាញ់សម្លាប់លោក កែម ឡី ក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនគិតថា មានមនុ​ស្សច្រើ​នទៀ​តរួមដៃគ្នាសម្លាប់អ្នកវិភាគនយោបាយដ៏លេចធ្លោមួយនេះ ដែលតែងតែរិះគន់រដ្ឋាភិបាលឥតសម្ចៃមាត់ ពី​កង្វះអភិ​​​បាលកិច្ច និងបញ្ហាបូរភាពទឹកដី។

មុនធ្វើការវិភាគថា តើការស្វែងរកយុត្តិធម៌សម្រាប់លោក កែម ឡី បានកម្រិតណានោះ យើងសូមរំ​ឭក​ពី​អ​​​​​តីត​កាលបន្តិចសិនថា លោក កែម ឡី ត្រូវខ្មាន់កាំ​ភ្លើងបាញ់សម្លា​ប់នៅក្នុងហា​ងស្តាម៉ា​តមួយ ​ស្ថិតក្នុ​ង​ស្ថា​​​នី​យ៍​​​ប្រេ​ងឥន្ទនៈកាល់តិច ជាប់ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

កន្លែ​ងគេធ្វើឃាត លោក កែម ឡី នោះឡោមព័ទ្ធទៅដោយកាមេរ៉ាសុវត្ថិភាពស្អេកស្កះ ពោលគឺការមេរ៉ាសុវត្ថិភាពត្រូវបានគេបំពាក់ទាំងក្នុងស្តាម៉ាតនិងនៅតាមបង្គោលភ្លើងស្តុបទាំង៤ នៅផ្លូវបំបែកនោះ។

ប៉ុន្តែជិតមួយឆ្នាំមកនេះ គេសង្កេតឃើញថាស្ថាប័នពាក់ព័ន្ធ រួមទាំងតុលាការផង មិនទាន់បាន​បង្ហាញ​មុខជ​នសង្ស័យណាផ្សេងទៀតក្រៅពី «ជួប សម្លាប់» នោះទេ។

ការមិនទម្លាយព័ត៌មានជាសាធារណៈនេះ បង្កឲ្យអ្នកតាមដានមួយចំនួនយល់ថា ការបាញ់សម្លាប់លោក កែ​ម ឡី អាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។

មុនមានការបាញ់សម្លាប់នោះ លោក កែម ឡី និយាយពីចំនុចរសើបរបស់រដ្ឋាភិបាល ដូចជាបញ្ហាព្រំដែន ដែលលោកថាមាន​ការ​ទន្ទ្រានកាន់កាប់ពីប្រទេសជិតខាង។

ហើយអ្វីដែលធ្ងន់ជាងនេះ លោក កែម ឡី បានអត្ថាធិប្បា​យ​ពាក់​ព័ន្ធនឹ​ង​របា​យការណ៍ Global Witness ដែ​លអង្គ​ការ​មា​​នការិ​យាល័យនៅក្រៅប្រទេសនោះ បានបង្ហា​ញពីការក្តោ​បក្តាប់​ជំនួញនៅកម្ពុជារបស់​ក្រុម​គ្រួសា​រ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយដាក់​ចំណងជើងថា «អាណាច​ក្រជំនួញ​ត្រ​កូលហ៊ុន»។

ប៉ុន្តែក្រោយពី Global Witness ចេញរបាយការណ៍ស៊ើបអង្កេតនេះ កូនៗរបស់លោក​នាយក​រដ្ឋមន្រ្តីបា​ន​ប្រ​តិ​ក​ម្មច្រានចោលរបាយការណ៍នេះ ដោយថា​របា​​យ​​កា​​រណ៍នេះ ”ពោ​រពេញដោយ​កំ​ហុសនិងព័ត៌មា​​ន​មិន​ពិត” ​ក្នុងគោលបំ​ណងប​ង្អាប់និងប​ង្ខូចកិត្តិ​យ​ស​គ្រួ​សារត្រកូលហ៊ុន។

ទោះជាយ៉ាងណា សំណុំរឿងឃាតកម្មបាញ់សម្លាប់លោក កែម ឡី នេះ នឹងត្រូវតុលា​ការលើ​កយក​មម​ជំនុំ​ជ​​ម្រះ នៅដើមខែមីនាខាងមុខនេះ  បើគ្មានការប្រែប្រួលនោះ ហើយចម្ងល់នានាដែលសាធា​រណ​ជនកំ​ពុ​ង​ទន្ទឹ​ងរងចាំ ថាតើនឹងមាននរណាផ្សេងទៀតត្រូវនាំខ្លួនមកកាត់​ទោសនោះ​ នឹងបង្ហា​ញក្រោ​យ​បិទបញ្ចប់​នៃ​​​​​ស​​វនាការនេះ។

បើតុលាការបើកសវនាការដូចការគ្រោងទុកមែន តើឃាតកម្មលោក​ កែម ឡី នឹងវិវត្តន៍ទៅបែបណា?

អ្នកវិភាគលើកឡើងប្រហាក់ប្រហែលគ្នាថា បើគេពិនិត្យពីភាពឯករាជ្យរបស់តុលាការបច្ចុប្បន្ន ពួកគេថាឃា​តកពិតនិងអ្នកនៅពីក្រោយឃាតកម្មនេះ ទំនងជាមិនត្រូវវែកមុខទេ ហើយថាការវិវត្តនៃដំណើ​រក្តី​នេះ នឹងឆ្លើយតបទៅនឹងការចង់បានរបស់រដ្ឋាភិបាល ច្រើនជាងផ្តល់យុត្តិ​ធម៌ជូន​គ្រួសា​រជនរ​ងគ្រោះ​និ​ង​កា​​រទា​មទាររបស់មហាជន។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា គេពិបាកនិយាយពីលទ្ធ​ផល​នៃស​វ​នាការជំនួ​សមន្ត្រី​តុ​លាការដែលកាន់សំណុំរឿងនេះ។ ប៉ុន្តែលោកវិភាគថា បើពិនិត្យមើលពីសក​ម្មភា​ព​ស្ងៀ​​មស្ងាត់ របស់មន្ត្រីរដ្ឋាភិបាលនិងតុលាការជិ​ត​មួ​​យ​​​​ឆ្នាំមកនេះ គឺមិនបានបង្ហាញមុខអ្ន​កពាក់ព័ន្ធ​ណាផ្សេងទៀត ថានៅពីក្រោយការបាញ់សម្លាប់នេះទេ លោកថាសំណុំរឿងនេះ ទំនងជាមាន​តែ​ជ​នស​ង្ស័យ «ជួប សម្លាប់» ម្នាក់គត់ត្រូវទទួលទោសម្នាក់ឯង។

លោកថា៖ «ទី២ ភស្តុតាងឯកសារ ដែលគេហៅថាការស្គែនក្រយៅដៃ ត្រង់ទ្វារដែលឃាតករ​កាន់​ពេ​ល​ចូលបា​ញ់លោក កែម ឡី ហ្នឹង ដានជើងឃាតកដែលចូលបាញ់ហ្នឹង យើងអត់មានស្គែន យើងអត់​មាន​បាចម្សៅប៉ាចអីបង្ហាញសាធារណជនទេ។ ហើយរូបភាពកាមេរ៉ាសុវត្ថិភាព ក៏យើងអត់បង្ហាញ រូប​ភា​ពតា​ម​ផ្លូ​វក៏យើងអត់បង្ហាញ។ ដូច្នេះ​កង្វះខាតភាពមន្ទិលសង្ស័យនេះ សើរើរឿងក្តីទាំងអស់​នេះ វាអត់បានផ្តល់​ជំនឿដល់គ្រួ​សារ​ជន​រងគ្រោះ​ ប្រពន្ធលោក កែម ឡី ឬក៏មហាជនទេ។ ដល់អញ្ចឹងខ្លឹមសារនៃការកាត់ក្តីនេះ វាអត់បា​នផ្តល់​ជំ​នឿ​​​ដល់មហាជនទេ ដូចនេះរដ្ឋាភិបាលពុំអាចលួងចិត្ត បញ្ចប់វប្បធម៌និទណ្ឌភាពបានទេ»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើទោះបីសវនាការនោះតុលាការបានបង្ហាញកាមេរ៉ាសុវត្ថិភាពឬភស្តុតាងខ្លះក៏ដោយ ប៉ុន្តែលោ​កវិភា​គថា គ្រួសារជនរងគ្រោះនិងសាធារណាជន នៅតែគិតថាភស្តុតាងទាំងនោះ ជាវត្ថុកែឆ្នៃ ដែលលោកថាសំ​ណុំ​​រឿងបាញ់សម្លាប់លោក កែម ឡី នេះ រដ្ឋាភិបាលពិបាកស្តារមុខមាត់បើគ្មានជនណាផ្សេងទៀតត្រូវ​នាំ​ម​​កបង្ហា​ញឲ្យពលរដ្ឋជឿបានពីតម្លាភាពនៃការស៊ើបអង្កេតនោះ​។

លោកថា៖«ខ្ញុំគិតថាជាទូទៅបើតាមសវនាការបច្ចុប្បន្ននេះ ដោយសាតែកង្វះបង្ហា្ញញព័ត៌មានទៅមហាជន អញ្ចឹងទេ អ្វីដែលសមត្ថកិច្ចគេបង្ហាញ គេបំភ្លឺទៅតុលាការ អាហ្នឹងតុលាការគេនឹងយកមកប្រើ ហើយ​គេកា​ត់ក្តី ទៅតាមនោះហើយ គេនឹងមិនធ្វើដើម្បីឆ្លើយតប ទៅតាមការទាមទារ និងតម្រូវការ ឬកាជឿជាក់ របស់​ម​ហាជនទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនោះវិភាគទៀតថា បើប្រព័ន្ធតុលាការមួយនូវតែមិនអា​ចរកយុត្តិ​ធម៌ជូនពលរដ្ឋទូទៅបាន លោកថានឹងមិនបានស្តារប្រជាប្រិយភាពជូនរដ្ឋាភិបាលបានទេ ហើយ​មួយវិញ​ទៀ​ត​លោកវិភាគថា ភាពអសកម្មនេះ​នឹងបង្កឲ្យជាតិបែកបាក់ នឹងធ្វើឲ្យ​សង្គម​ពោ​ពេ​ញ​ដោយការលាបពណ៌គ្នា រវាងអ្នកគាំទ្ររដ្ឋាភិបាលនិងអ្នកមិនគាំទ្រ។

អ្នកវិភាគនយោបាយមួយរូបទៀត គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា តាមការសង្កេតរបស់លោក ការមិនបង្ហាញជាសាធារណៈ ពីចំណាត់ការកោះហៅម្ចាស់ស្តាម៉ាតទៅសាកសួរ មិនសួរនាំប្រ​ព​​ន្ធ​​​ជ​ន​សង្ស័យ «ជួប ​សម្លាប់​» មិ​ន​​ប​ង្ហាញពីដំណើរការស៊ើបអង្កេតទៅលើនឹងព័​ត៌​មានអន្តរជាតិ​មួយ​ដែ​​ល​​​ចុះ​​ផ្សាយថា ជួប សម្លាប់ មានទំនាក់ទំ​នងជា​មន្ត្រីយោ​ធានៅ​ខេត្តសៀម​រាម មុនចាប់ខ្លួន​នៅភ្នំពេ​ញជា​ដើ​​ម​នោះ​​ លោកវិភាគថា សវនាការខាងមុខនេះ យុត្តិធម៌សម្រាប់លោក កែម ឡី ហាក់នូវតែគ្មានពន្លឺ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគទៀតថា ក្នុងសង្គមមួយ បើប្រព័ន្ធយុត្តិធម៌ មិនបានធានាពីសិទ្ធិ​ស្មើ​គ្នាចំពោះ​មុ​ខច្បា​ប់ លោកថា វានឹងបង្កការឈឺចាប់ដល់អ្នករងគ្រោះកាន់តែច្រើន ហើយថាទីបំផុតនឹងជំរុ​ញ​ឲ្យ​​កា​​រដឹ​កនាំ​មួយជួបវិបត្តិធ្ងន់ធ្ងរទៅថ្ងៃអនាគត។

លោកថា៖ «បើតុលាការបែបហ្នឹង នៅក្នុងសង្គមអត់មានយុត្តិធម៌ គឺអយុត្តិធម៌ ហើយសង្គមមួយអយុត្តិធម៌ ពីដើមមក មានអ្នកប្រាជ្ញគេថា សង្គមអយុត្តិធម៌អត់រស់យូរទេបាទ»។

ការ​​បាញ់សម្លាប់មនុស្សក្រៅច្បាប់ ហើយឃាតកពិតមិនទាន់បាននាំមកកាត់ទោសនេះមានច្រើនករណីកាលពីពេលកន្លងទៅ។

អតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ដែលស្និទនឹងបក្សប្រឆាំង ក៏ត្រូវគេបាញ់សម្លាប់នៅថ្ងៃទី២២​ខែមក​​រាឆ្នាំ​២​០​០​​​៤​ ពេលលោកកំពុងអា​នកាសែត​នៅជា​ប់របងវ​ត្តល័ង្កា រាជធានីភ្នំពេញ។

ប្រធានអង្គការការពារបរិស្ថាន លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់នៅ ស្រុកមណ្ឌលសីមា ខេត្ត​កោះកុង ពេលជនរងគ្រោះរូបនោះ ចុះស្រាវជ្រាវបទល្មើសព្រៃឈើ។

មិនតែប៉ុណ្ណោះ តារាចម្រៀងល្បីៗដូចជា កញ្ញា ទូច ស៊ូនិច និងអ្នកស្រី ពិសិដ្ឋ ពីលីកា ជាដើម ក៏ត្រូវខ្មា​ន់កាំ​​ភ្លើងបាញ់សម្លាប់ក្រៅច្បាប់ដូចគ្នាដែរ។ តែជនរងគ្រោះទាំងនោះ មិនទាន់ទទួ​លបា​នយុត្តិធ​ម៌ទេ បើទោះ​បី​​ឃាត​​​កម្មនោះ បាន​កន្ល​ងទៅច្រើនឆ្នាំ ជាង១០ឆ្នាំហើយក៏ដោយ។

ចំណែកករណីបាញ់សម្លាប់លោក កែម ឡី វិញ បើទោះបីជាលោកនាយករដ្ឋមន្ត្រីបានចា​ត់ទុកថា ជាអំពើឃោឃៅនិង​ស្តី​ប​ន្ទោសថាជាការធ្វេសប្រហែសរបស់អាជ្ញា​ធរ​ក៏​ដោ​យ ក៏ប៉ុន្តែ​អ្នកវិភា​​គអះអា​ង​ប្រហាក់​ប្រហែ​ល​គ្នា​​ថា យុ​ត្តិ​​ធ​ម៌ពិតសម្រាប់គ្រួសារ លោក កែម ឡី អា​ចនឹ​​​ងគ្មា​ន​ព​ន្លឺ​​​ដូ​ច​​គ្រួ​សារជ​នរង​គ្រោះ​ដទៃ​ទៀត​ដែ​រ​។​

មួយវិញទៀត អ្នកវិភាគ ​​បា​ន​ដាក់ការព្រួយបារម្ភថា អ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលពីបញ្ហាព្រំដែន បញ្ហា​ អំពើពុករលួយ នឹង​នៅ​​តែប្រ​​ឈម នឹងកា​រចាប់ដាក់​ពន្ធនាគា​រ ឬអំពើឃា​តក​​​ម្ម គ្រប់ពេល បើ​ស្ថា​​ប័​ន​ជា​តិ​ធំ​ៗ​ រួមទាំងតុ​​លាកា​រផ​ង មិនទាន់ឯករាជ្យនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ