ប្រមុខ​កាទូត​ហ្វីលីពីន​បង្ហាញ​មន្ទិល​សង្ស័យ​ទៅ​លើ​ដំណោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋ​មន្ត្រី​ការបរទេស​ហ្វីលីពីន លោក Perfecto Yasay នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​មន្ទិល​សង្ស័យ​ថា ជម្លោះ​អធិបតេយ្យ​ភាព​ដែន​ទឹក​ជាមួយ​ប្រទេស​ចិន មិន​អាច​នឹង​​ដោះ​ស្រាយ​បាន​ជា​រៀង​រហូត ប៉ុន្តែ លោក​ថា វា​ជា​ការ​ប្រសើរ​បើ​ចាត់​ទុក​បញ្ហា​នេះ​មួយ​ដុំ ចូល​រួ​ម​ជាមួយ​ក្រុង​ប៉េកាំង និង​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​ការ​ពារ​សេចក្ដី​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ថា​មិន​បង្ខំ​ចិន​ឲ្យ​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​កាល​ពី​ឆ្នាំ​មុន​នោះ ប្រមុខ​ការទូត​ហ្វីលីពីន លោក Perfecto Yasay បាន​និយាយ​ថា ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​ចំណុច​ជាប់​គាំង ដែល​មិន​អាច​បំបែក​បាន ហេតុនេះ យក​ល្អ គេ​ត្រូវ​តែ​ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​ពី​ក្រុង​ប៉េកាំង​ទៅ​វិញ។

អំឡុង​ពេល​ឆ្លើយ​បំភ្លឺ​ព្រឹទ្ធ​សភា លោក Yasay បាន​និយាយ​ថា ជំហរ និង​គោល​បំណង​ជា​យុទ្ធសាស្ត្រ​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង បាន​បង្ហាញ​ថា គ្មាន​ដំណោះ​ស្រាយ​អាច​កើត​ឡើង​នោះ​ឡើយ។

លោក ឌូទើតេ បាន​ផ្លាស់​ប្ដូរ​គោល​នយោបាយ​ការ​បរទេស​របស់​ហ្វីលីពីន​ទាំង​ស្រុង ដោយ​បាន​ងាក​ទៅ​រក​ចិន​វិញ​ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ ទេសចរណ៍ និង​ការ​វិនិយោគ​លើវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រវាង​ប្រទេស​ទាំង​ពីរ។ លោក Yasay និយាយ​ថា វិធីសាស្ត្រ​ថ្មី​នេះ គឺ​ដើម្បី​ទាញ​យក​ប្រយោជន៍​សម្រាប់​ប្រទេស​ហ្វីលីពីន។

លោក Yasay បាន​លើក​ឡើង​បែប​នេះ តែ​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន ដែល​បាន​បង្ហាញ​ក្ដី​បារម្ភ​ខ្លាំង​ក្លា ទៅ​លើ​ប្រទេស​ចិន ដែល​បាន​កសាង​ប្រព័ន្ធ​សព្វាវុធ​នៅ​លើ​បណ្ដា​ប្រជុំ​កោះ​ស្ថិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

បើ​តាម​ក្រុម​មន្ត្រី​អាមេរិក បាន​អះ​អាង​ថា ចិន​ស្ទើ​តែ​សម្រេច​បាន​ទាំង​ស្រុង​ទៅ​ហើយ​ចំពោះ​ការ​កសាង​រចនា​សម្ព័ន្ធ​នៅ​លើ​ប្រជុំ​កោះ​នានា ដែល​ហាក់ដូច​ជា​ត្រូវ​បាន​ចិន​រៀបចំ​ឡើង​សម្រាប់​បំពាក់​មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ