បទ​យកការណ៍៖ ពលរដ្ឋចាញ់បោកក្រុមហ៊ុន EBC សង្ឃឹមទទួលបានយុត្តិធម៌បើលោក ហ៊ុន សែន ជួយអន្តរាគមន៍

ពលរដ្ឋចាញ់បោកក្រុមហ៊ុន EBC

[Quote]

នេះជាការរៀបរបស់បុរសម្នាក់អំពីផលលំបាក និងបញ្ហាប្រឈមរបស់គាត់ ក្រោយចាញ់បោកលុយ​ក្រុមហ៊ុនវិនិយោគ​ហិរញ្ញវត្ថុ​មួយ ដែលគាត់អះអាងថា ក្រុមហ៊ុនដែលមករកស៊ីបោកប្រាស់នោះ បានចុះបញ្ជីទទួលស្គាល់ដោយរដ្ឋាភិបាល។

ប្រាប់វីអូឌីពេលឡើងមករកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយក្រុមពលរដ្ឋផ្សេងទៀត កាលពីថ្ងៃទី១៩កុម្ភៈ លោក ស រ៉េត រៀបរាប់ថា គ្រួសាររបស់គាត់បានខ្ចីលុយពីធនាគារចំនួន ១ម៉ឺន ៨ពាន់ដុល្លារ ដើម្បីយកទៅចង់ការប្រាក់បន្តជាមួយក្រុមហ៊ុន EBC ដែលប្រកាសផ្តល់ការប្រាក់ខ្ពស់រហូតទៅដល់១០ភាគរយ ដោយលោករំពឹងថា នឹងយកការប្រាក់នោះបង់រំលោះសង់ធនាគារវិញ។

[Quote2]

ដោយ​អះ​អាង​ថា​​មកពី​ខេត្តឧត្តមានជ័យ លោក ស រ៉េត និយាយថា ក្រោយក្រុមហ៊ុន EBC បោក​ប្រាស់​ គ្រួសារគាត់​ត្រូវទទួលបន្ទុករកលុយយ៉ាងច្រើនក្នុង ១ខែៗដើម្បីបង់រំលោះសង់បំណុលធនាគារវិញ។

[Quote3]

បុរសវ័យ៥៤ឆ្នាំរូបនេះឲ្យដឹងថា ដោយសារតែបញ្ហាចាញ់បោកគេ និងគ្មានលុយសង់ធនគារ គ្រួសារត្រូវបង្ខំចិត្តលក់ទ្រព្យមួយចំនួនសងបំណុលស្ថាប័នមេក្រូហិរញ្ញវត្ថុវិញ ហើយថា ក្មួយប្រុសរបស់គាត់ម្នាក់បានពិបាកចិត្តរហូតឈឺស្លាប់។

[Quote4]

កំពុងអង្គុយជុំគ្នាជាមួយពលរដ្ឋផ្សេងទៀតពេលឡើងមកតវ៉ានៅភ្នំពេញដែរនោះ អ្នកស្រី លាស់ រុំ ដែលអះអាងថា​មកពីខេត្តពោធិ៍សាត់ បាននិយាយថា ក្រោយពីមានការឃោសពីបណ្តាញរបស់ក្រុមហ៊ុនដែលចុះផ្សព្វផ្សាយតាមខេត្តដោយសន្យាផ្តល់ការប្រាក់ខ្ពស់ គ្រួសារគាត់បានលក់ដីស្រែ និងលក់គោរួមទាំងខ្ទីប្រាក់គេបន្ថែមសរុបប្រមាណជិត ១ម៉ឺនដុល្លារ យកទៅដាក់បញ្ញើជាមួយក្រុមហ៊ុន EBC នោះ។

[Quote5]

ស្រ្តីមេម៉ាយវ័យ៦៦ឆ្នាំរូបនេះ ឲ្យដឹងថា ក្រោយអស់ដីស្រែ អស់គោ និងគ្មានលុយសង់បំណុលគេផង បានធ្វើឲ្យកូនតែមួយរបស់ គាត់សម្រេចចិត្តចំណាកស្រុកចោលគាត់ ទៅធ្វើការងារសំណង់នៅប្រទេសថៃដើម្បីរកប្រាក់ដោះបំណុលគេ។

[Quote6]

ជាអ្នកភូមិមកពីខេត្តព្រៃវែងដែលអះអាងថា បានចេញបោកប្រាក់ក្រុមហ៊ុន EBC អស់ ១ម៉ឺន ២ពាន់ដុល្លារ លោក សម វុទ្ធី និយាយថា ពលរដ្ឋមានការទុកចិត្ត និងហ៊ានយកប្រាក់រាប់ម៉ឺនដុល្លារទៅដាក់បញ្ញើជាមួយក្រុមនោះ ដោយសារពេលដែលក្រុមហ៊ុនចុះ​ទៅ​ឃោលសនាផ្សព្វផ្សាយ គឺមានការទទួលស្គាល់ពីអាជ្ញាធរថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។

[Quote7]

កំពុងឈរលើកបដាជាមួយក្រុមពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗទៀត ពេលដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីកាលដើមពីសប្តាហ៍នេះ បុរសវ័យ ៦៨​ឆ្នាំ លោក សម វុទ្ធី ឲ្យដឹងថា រឿងឆបោកនោះបានផ្ទុះឡើងតាំងពីឆ្នាំ២០១៥មកម៉្លេះ ហើយពួកគាត់បានឡើងមកកិច្ចអន្តរាគមន៍​ពីអាជ្ញាធរថ្នាក់ជាតិមិនតិចជាង ៥ដងឡើយ ដូចជាក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តីនេះផងដែរ ប៉ុន្តែ មិនទទួលបានដំណោះស្រាយនោះទេ។

[Quote8]

ក្រុមពលរដ្ឋ​ដែល​អះ​អាង​ថា​បាន​ចាញ់​បោក​នោះ បាន​ទាមទារទៅរដ្ឋាភិបាល ឲ្យ​ស្រាវជ្រាវចាប់ប្រធានក្រុមហ៊ុន និងអ្នកពាក់ព័ន្ធមកដោះស្រាយសង់ប្រាក់ពួកគេវិញ ដោយថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈក្នុងការចាប់ គឺជនឆបោកទាំងនោះមិនអាចរត់រួចឡើយ។

ជាជនពិការជើងខាងស្តាំមកខេត្តឧត្តមានជ័យដែលអះអាងថា បានចាញ់បោកលុយអស់ជាង ៣ម៉ឺនដុល្លា លោក វន វឹង និយាយថា ប្រសិនបើ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខជួយអន្តរាគមន៍ ពួកគាត់នឹងទទួលបានយុត្តិធម៌។

[Quote9]

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ លោកមិនបានតាមដានរឿងនេះទេ ដោយបង្វែឲ្យសួរទៅអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិវិញ ប៉ុន្តែ លោកថា សមត្ថកិច្ចកំពុងធ្វើការលើរឿងនេះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា បើតាមរបាយការណ៍ គឺមិនមែនមានតែ ក្រុមហ៊ុន (EBC) មួយទេ ដែលមករកស៊ីបោកប្រាស់ពលរដ្ឋនោះ គឺមានក្រុមហ៊ុនផ្សេងៗទៀត។

លោក សន ជ័យ បន្តថា បញ្ហានេះកើតឡើងដោយសារការធ្វេសប្រហែលរបស់អាជ្ញាធរពាក់ព័ន្ធក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងទៅលើដំណើររកស៊ីរបស់ក្រុមហ៊ុនទាំងនោះ។

[Quote10]

កាលពីឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានធ្វើសន្និសិទសារព័ត៌មានមួយ ដោយបង្ហាញមុខមេខ្លោងមួយចំនួនមាន ឈ្មោះ លោក ស៊ាន តាន់ ជាក្រុមហ៊ុនអ៊ីប៉ីស៊ី (EBC) ឈ្មោះ ហួត សុវណ្ណ ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ ឈ្មោះ ជីហ្គោ សាលី ជាប្រធានសមាគមប្រឹក្សាយោបល់វិនិយោគ និងបក្សពួកផ្សេងទៀត។

ក្រោយសន្និសីទនោះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ២នាក់ បញ្ជូនទៅតុលាការ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន អ៊ីប៉ីស៊ី (EBC) ក្នុងករណីរឿងឆបោកប្រាក់ពលរដ្ឋនេះ។

កាលណោះ ក្រសួងមហាផ្ទៃឲ្យដឹងថា ក្រសួងទទួលបានពាក្យបណ្តឹងពីពលរដ្ឋប្រមាណ ៧ ៤៣០បណ្តឹង ក្នុងចំណោមជនរងគ្រោះ ៥ម៉ឺននាក់ និងទឹកប្រាក់ជាង ៦០លានដុល្លារ ប៉ុន្តែ កាលណោះ មន្រ្តីក្រសួងមហាផ្ទៃថា ទិន្នន័យពិតប្រាកដអាចមានច្រើនជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ