សហគមន៍កសិករអះ​អាង​ថា បន្ត​ប្រឈម​មុខ​នឹង​កង្វះ​ទឹកនិង​កម្ចី​ធនាគារ​មាន​ការ​ប្រាក់​ខ្ពស់

តំណាងសហគមន៍កសិករខ្នាតតូចនៅតាមបណ្តាខេត្តនានា​ ឲ្យដឹងថា តំបន់ខ្លះខ្វះទឹកធ្វើស្រែ និងប្រឈម​នឹង​កម្ចីប្រាក់ពីធនាគារមាន​​អត្រាការប្រាប់​ខ្ពស់ ដោយថា ករណី​នេះ​​ធ្វើឲ្យប៉ះពាល់ដល់ការធ្វើកសិកម្មរបស់ប្រជាសហគមន៍។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវ ស្តីពី «កសិករខ្នាតតូច និងការពាក់ព័ន្ធក្នុងកសិពាណិជ្ជកម្ម និង​ឥទ្ធិពលសម្រាប់ការ​ប្រតិបត្តិ​របស់សាជីវកម្ម និងផលប៉ះពាល់លើជីវភាពជនបទនៅកម្ពុជា»​នៅ​ថ្ងៃ​នេះ តំណាង​សហគមន៍មកពីខេត្តកំពង់ឆ្នាំង លោក ចក់ ធឿន បានថ្លែងប្រាប់​អ្នកសា​រ​ព័ត៌​មានថា នៅក្នុង​ខេត្តរបស់លោក មានកសិករជាង ១ពាន់នាក់​ ដាំបន្លែ ​ចិញ្ចឹម​សត្វ និងដាំស្រូវ ប៉ុន្តែ លោកថា​ នៅ​មិន​ទាន់​អាច​ផលិតបានគ្រប់គ្រាន់សម្រាប់ផ្គត់​ផ្គង់នៅ​ទីផ្សារនៅឡើយ ដោយ​​សារ​​​ខ្វះប្រព័ន្ធស្រោចស្រប់ និង​ថវិកាធ្វើជាដើមទុនជាដើម។

លោកថ្លែងថា៖ «បញ្ហាប្រឈមវាមានបី ទីមួយទឹក​ ទីពីរ គឺដើមទុនរបស់ពួកគាត់​ គាត់ពង្រីកទៅអត់បានទេ ហើយមានដីគេឲ្យជួល​ អញ្ចឹង​គាត់​អត់​មាន​លុយទៅជួលដីហ្នឹងទេ ហើយកសិករភាគច្រើនគឺ​ខ្ចីគេ[ធនាគារ]បានតិច ហើយការប្រាក់ខ្ពស់​ទៀត មិនបាច់ចាំនិយាយច្រើនទេ និយាយ​តែ​ដាំ​ត្រកួតក៏សងអត់ចង់គ្រាន់ទៅវិញដែរ​​​ ហេតុអី ខ្ចីពីធនាគារមកបានតែមួយខែ​ អញ្ចឹងមួយខែឡើងទាំងការ អត់ទាន់ទេ គាត់​អាចមានបញ្ហា»។

ទីប្រឹក្សាស្រាវជ្រាវឯករាជ្យ​ផ្នែកកសិកម្ម លោក ហៀង សារ៉ាវ័ន្ត យល់ថា រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​តាមរយៈការ​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​កសិករខ្នាតតូចឲ្យ​ទទួលបានប័ណ្ណកាន់កាប់ដីធ្លី និង​សេវាកម្ចីពីធនាគារទាប​ ដោយថា ​ទើប​កសិករ​​ធ្វើ​កសិកម្ម​ទទួលបាន​ផលវិជ្ជ​មានល្អ​​។

លោកថ្លែងថា៖ «យើងស្នើ​រាជរដ្ឋាភិបាលយើង រៀប​ចំប្រព័ន្ធផ្តល់​សិទ្ធិកាន់កាប់​ដីធ្លីរបស់កសិករ​ខ្នាតតូចឲ្យបានល្អ​ ហើយខាងស្ថាប័នពាក់ព័ន្ធ​​ ខាងធនាគារ ឥណទាន រៀបចំឬក៏ជួយដល់ខាងក្រុមហ៊ុន​​វិនិយោគខាងកសិកម្ម​​ ជួយផ្តល់​ជាកម្ចី​ដែលមានការប្រាក់ទាប​ អាចធានាដល់​ការទុកចិត្តដល់កសិករ​​​​»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទេនៅថ្ងៃនេះ។

របាយការណ៍​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រជា​ពលរដ្ឋ​បាន​ចង​ក្រង​សហគមន៍​កសិករ​ខ្នាត​តូច​នៅ​តាម​បណ្ដា​នានា រួម​មាន ខេត្ត​ព្រះវិហារ កំពង់ស្ពឺ កំពត កណ្ដាល និង​ខេត្ត​កំពង់ឆ្នាំងជា​ដើម។

បើ​តាម​របាយការណ៍​ដដែល​នេះ នៅ​តាម​តំបន់​មាន​ដងស៊ីតេ​ប្រជាជន​ខ្ពស់ សហគមន៍​កសិករ​ខ្នាត​តូច អាច​ដាំ​ដុះ​ដំណាំ​លើ​ផ្ទៃ​ដី​តិច​ជាង ១​ហិកតា ខណៈ​ដែល​កសិករ​អាច​ដាំ​ដុះ​លើ​ផ្ទៃ​ដី ១០​ហិកតា ឬ​ច្រើន​ជាង​នេះ ឬ​ក៏​ចិញ្ចឹម​សត្វ​បាន ១០​ក្បាល នៅ​តាម​តំបន់​ពាក់​កណ្ដាល​ស្ងួត​កក្រោះ។

របាយការណ៍ជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៣ ឲ្យដឹងថា ពលរដ្ឋ​កម្ពុជា​ប្រកប​របរ​កសិកម្ម​មាន​ចំនួន ១​លាន ៨៨​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស និង​កាន់​កាប់​ដី​កសិកម្ម​ជា​មធ្យម ១.៦៤​ហិកតា​ក្នុង​មួយ​គ្រួសារ ក្នុង​នោះ​គ្រួសារ​កសិករ ៤៧​ភាគរយ កាន់​កាប់​ដី​កសិកម្ម​តិច​ជាង ១​ហិកតា និង ៤៥​ភាគរយ​ទៀត កាន់​កាប់​ដី​កសិកម្ម​ចន្លោះ​ពី ១ ទៅ ៣.៩៩​ហិកតា។

របាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០១១ បាន​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា ១១​លាន ១​សែន​នាក់ រក​ប្រាក់​ចំណូល​បាន ២.៣០​ដុល្លារ​ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ១៥​លាន ៤​សែន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ