មន្ត្រី​សហជីពម្នាក់​ត្រូវក្រុមហ៊ុនកាស៊ីណូព្យួរការងារ ក្រោយផ្តល់បទសម្ភាសជាមួយសារព័ត៌មាន

សមាជិក​សហជីពមួយ​រូបបម្រើការងារនៅក្រុមហ៊ុនកាស៊ីណូ ហ្គ្រែន ដាយអឺម៉ន ស៊ីធី ក្នុងក្រុងប៉ោយប៉ែត ត្រូវបានក្រុមហ៊ុនព្យួរការងារ ក្រោយពី​រាយការណ៍លក្ខខណ្ឌការងារក្នុងក្រុមហ៊ុនប្រាប់អ្នកសារព័ត៌មានវីអូឌីកាលពី​សប្តាហ៍មុន។

សមាជិក​សហជីពមូលដ្ឋានដែលជាសមាជិកសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក អ៊ុំ ឆាយយ៉ា កាលពីថ្ងៃទី១៤កុម្ភៈ បាន​ប្រាប់​សារព័ត៌មាន​វីអូឌី​ជុំវិញបញ្ហាលក្ខខណ្ឌការងារមួយចំនួនក្នុងក្រុមហ៊ុន​កាស៊ីណូឋ ហ្គ្រែន ដាយអឺម៉ន ស៊ីធី ដែលសហជីពចោទថា កំពុងអនុវត្តលក្ខខណ្ឌការងារផ្ទុយពីច្បាប់។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បាន​សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិល​មិញ​ថា សហជីព ១រូប គឺលោក អ៊ុំ ឆាយយ៉ា បម្រើការងារនៅកាស៊ីណូហ្គ្រែន ត្រូវបានក្រុមហ៊ុនព្យួរការងារហើយកាលពីម្សិល​មិញនេះ។

លោក ប៉ាវ ស៊ីណា បន្តថា ករណីក្រុមហ៊ុនព្យួរការងារសហជីពនេះ គឺធ្វើឡើងទាំងកម្រោល និងខុសច្បាប់ស្តីពីការងារ ហើយថា បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងស្ថិតក្នុងបណ្តឹងរបស់សហជីពពាក់ព័ន្ធរឿងមិនអនុវត្តច្បាប់ការងារនេះផងដែរ។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីម្ចាស់ក្រុមហ៊ុន កាស៊ីណូហ្គ្រែន ដាយអឺម៉ន ស៊ីធី បានទេជុំវិញការព្យួរការ​ងារមន្រ្តីសហជីពនេះ។

ប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យ លោក រស់ សារុំ មានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុននោះរំលោភ​សិទ្ធិ ឬរំលោភច្បាប់ការ សហជីព ឬកម្មករ និយោជិត​ត្រូវ​ដាក់ពាក្យ​បណ្ដឹង​ទៅមន្រ្តីការងារ ឬក្រសួងការងារ មិនត្រូវ​រាយការណ៍ប្រាប់​សារព័ត៌មានបែបនេះ​ទេ ដោយលោកថា ការធ្វើបែបនោះ វាអាចប៉ះពាល់សិទ្ធិរបស់ក្រុមហ៊ុន។

លោកបន្ថែមថា៖ «កម្មករនិយោជិត​ស្ថិតនៅក្រោមច្បាប់ស្តីពីការងារទាំងអស់ បើសិនជាក្រុមហ៊ុន​ធ្វើអ្វីដែលមិនបាន​ត្រឹមត្រូវ ត្រូវ​លើកសំណើរទៅក្រុមហ៊ុនសុំឲ្យកែលម្អ។ ប្រសិនបើក្រុមហ៊ុន ឬនិយោជកនោះមិនព្រមកែលម្អ សហជីព ឬកម្មករនោះ ត្រូវធ្វើពាក្យបណ្តឹងមួយមកមន្ទីរការងារ ដើម្បីធ្វើការសម្របសម្រួល និងធ្វើការផ្សះផ្សារ។ ប្រសិនបើមន្ទីរការងារសម្របសម្រួសមិនបានទេ យើងនឹងបញ្ជូនទៅក្រុមប្រឹក្សាអជ្ញាកណ្តាល ហើយក្រុមប្រឹក្សាដោះស្រាយមិនបាន ភាគីទាំងពីរអាចប្តឹងទៅ​តុលាការបន្តទៀត មិនដើរទៅបរហារកេរ្តិ៍ក្រុមហ៊ុនគេបានទេ»។

ប្រធានកម្មវិធីចងក្រងនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) អ្នកស្រី ឆន សុខា មានប្រសាសន៍ថា សហជីព ឬកម្មករ មានសិទ្ធិរាយការណ៍ទៅគ្រប់ភាគីពាក់ព័ន្ធនូវបញ្ហាលក្ខខណ្ឌការងាររបស់ពួកគេ ប្រសិនក្រុមហ៊ុននោះអនុវត្តផ្ទុយច្បាប់ការងារ។ ប៉ុន្តែ អ្នកស្រីថា កម្មករ ឬសហជីពមិនអាចរាយការណ៍ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនបានឡើយ។

កាលពីថ្ងៃទី១៤កុម្ភៈ សមាជិកសហជីពចលនាកម្មករកម្ពុជាប្រចាំក្រុមហ៊ុន កាស៊ីណូហ្គ្រែន ដាយអឺម៉ន ស៊ីធី លោក អ៊ុំ ឆាយយ៉ា ប្រាប់វីអូឌីថា៖ «ក្រុមហ៊ុនអនុវត្តការងារច្រើនម៉ោងរហូតដល់១២ម៉ោង ទី២ថ្ងៃឈប់សម្រាក ការឈប់សម្រាក  របស់បុគ្គលិកអត់ធ្វើតាមច្បាប់ទេ១ខែគាត់ឈប់បានតែ២ថ្ងៃទេ ហើយការដាក់ទោសពិន័យបុគ្គលិកហ្នឹងអត់ អនុវត្តតាមច្បាប់ទេ គឺធ្វើតាមតែអំពើចិត្តរបស់ថៅកែដូចថាថៅកែមិនពេញចិត្តរឿងអីមួយចង់ដកចោលដកចោល និងមួយទៀតធ្វើការលួចម៉ោងពេក ដូចថាវាលោតម៉ោងលឿនពេក ធ្វើឲ្យបុគ្គលិកពីបាកធ្វើការងារ»។

កាលពីថ្ងៃទី១២កុម្ភៈ សហជីពបានចោទក្រុមហ៊ុនកាស៊ីណូ ២ នៅក្រុងប៉ោយប៉ែត គឺក្រុមហ៊ុនកាស៊ីណូហ្គ្រែន ដាយអឺម៉ន ស៊ីធី និងក្រុមហ៊ុន កាស៊ីណូ DNA Star អនុវត្តលក្ខខណ្ឌការងារផ្ទុយពីច្បាប់ការងារ។

កាល​នោះ សហជីពបាន ស្នើទៅមន្ទីរការងារខេត្តបន្ទាយមានជ័យ ឲ្យ​ចុះពិនិត្យមើលអំពីស្ថានភាពលក្ខខណ្ឌការងារនៅ​ក្រុមហ៊ុនកាស៊ីណូទាំងពីរនោះ និងបណ្តាក្រុមហ៊ុនផ្សេងៗទៀត ដែលកំពុងដំណើរការក្នុងខេត្តនេះ ឲ្យអនុវត្តច្បាប់បានត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ