នាយករដ្ឋមន្ត្រីប្រាប់លោក​ ផៃ ស៊ីផាន ថាធ្វើអ្នកនាំពាក្យកុំចង់ល្បី

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (រូបកាលពីពេលកន្លងទៅ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថាធ្វើអ្នកនាំពាក្យកុំចង់ល្បី ចំពោះការអត្ថាធិប្បាយនានា ដែលលើសពីការកំណត់ឬខុសពីថ្នាក់ដឹកនាំរដ្ឋាភិបាល។​

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃ​ពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងលោក ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអត្ថាធិប្បាយពីតួនាទីរបស់លោក សុខ អាន ដែលទទួលមរណភាពនៅពេលថ្មីៗនេះ និងអ្នកដែលត្រូវទទួលខុសត្រូវបន្ត។​

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោក ផៃ ស៊ីផាន មានគុណសម្បត្តិច្រើនហើយ តែលោកថា លោកមានការសោក​ស្តាយចំពោះការអត្ថាធិប្បាយដែលខុសការពិត ដែលនាំឲ្យមានការយល់ច្រឡំចំពោះតួនាទីរបស់លោក សុខ អាន។

លោកមានប្រសាសន៍ថា៖«មិនមែនអ្នកព័ត៌មានខុសទេ យើងអ្នកផ្តល់ព័ត៌មានខុស រួចអ្នកមានចេតនាអាក្រក់ក៏យកទៅពង្រីកថែមទៅ  អត់មានដូរអីទាំងអស់ វាទៅជាឆ្កួតអស់ចឹងទៅ ឥឡូវដើម្បីកែ ចាក់មួយម្ជុរ បាត់ឆ្កួត ឲ្យចប់រឿងតែម្តង»។​

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា លោក​សុខចិត្តស្តីបន្ទោសមន្ត្រី តែមិនឲ្យប៉ះពាល់រដ្ឋាភិបាលនោះទេ។​

លោកមានប្រសាសន៍បន្តថា៖«អ្នកបោះមេនៅឯនេះ ស្រាប់តែចេញទៅឯណា ឯណី អស់រលីង ចឹងបង្ខំចិត្តត្រូវតែនិយាយហើយ ។ សូមទោសឯកឧត្តម ផៃ ស៊ីផាន ខ្ញុំត្រូវតែ  បើមិននិយាយនៅតែធ្វើឲ្យគេច្រឡំរដ្ឋាភិបាលងាប់ហើយ ចឹងសុខចិត្ត ខុសឯកឧត្តម ហើយឯកឧត្តម ត្រូវឈឺខ្លួនបន្តិចហើយ តែខ្ញុំមិនសុខចិត្តឲ្យរដ្ឋាភិបាលខ្ញុំត្រូវរងការប្រមាថ និង​យល់ខុសទេ»។

វីអូឌី ព្យាយាមសុំការបកស្រាយ ពីលោក ផៃ ស៊ីផាន លើ​បញ្ហាដែលលោក​បានអត្ថាធិប្បាយជាមួយ សារព័ត៌មាន ដែលនាំឲ្យលោកនាយករដ្ឋមន្ត្រីខឹងសម្បារនេះ ប៉ុន្តែលោក ផៃ ស៊ីផានមិនលើកទូរសព្ទ។​

យោងតាម​កាសែត The Cambodia Daily ចុះផ្សាយនៅថ្ងៃនេះ គឺលោក ផៃ ស៊ីផាន ថ្លែងថា តួនាទីរបស់លោក សុខ អាន ទាំងអស់ត្រូវប្រគល់​ឲ្យលោក ប៊ិន ឈិន គឺមិនប្រគល់ឲ្យអ្នកផ្សេងជួយកាន់នោះទេ។​

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ​២០១៧​។ ក្រោយការទទួលមរណភាពរបស់លោក​មានការផ្សព្វផ្សាយថា លោក សុខ អានមានតួនាទីសំខាន់ៗ​ជាង២០ ហើយមានការចោទសួរពីអ្នកប្រើហ្វេសប៊ុកថា តើអ្នកណាខ្លះនឹងទទួលខុសត្រូវតួនាទីទាំងនោះបន្ត​?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ