វិភាគ៖ រដ្ឋគួរធ្វើអ្វីទៀតដើម្បីជួយអ្នកក្រីក្រដែលកំពុងជាប់បំណុល?

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់ គេសង្កេតឃើញរដ្ឋាភិបាល បានប្រើយន្តការជាច្រើន​ ដូចជា​កា​រធ្វើច្បាប់ទប់ស្កាត់សំឡេងអ្នករិះគន់ និងធ្វើកំណែទម្រង់យកចិត្តម្ចាស់ឆ្នោត។ យន្តការដែលគេមើលឃើញថា ទប់ស្កាត់សំឡេងរិះគន់នោះ គឺការកែច្បាប់គណបក្សនយោបាយ ក្រោម​សំឡេ​ងរិះគន់ ពីសហគមន៍ជាតិ និងអន្តរជាតិ។

ប៉ុន្តែ​យន្តការមួយទៀតដែលអ្នកតាមដានមើលឃើញថាអាចទាក់ទាញការគាំទ្រពី​ពលរដ្ឋក្រីដែ​លកំ​ពុ​ង​ជា​​ប់​​​​បំ​ណុលនោះ គឺការដែលរដ្ឋាភិបាលកំណត់តម្លៃអត្រាការប្រាក់ត្រឹម១៨ភាគក្នុង​មួយឆ្នាំឬ​១,៥ភាគ​រយ​​ក្នុ​ង១ខែ សម្រាប់ក្រុមហ៊ុនដែលរកស៊ីចងការប្រាក់ ខណៈគ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុបច្ចុប្បន្ន កំពុងដំ​ណើ​រការសេ​វា​កម្មរ​បស់ខ្លួន ៣៦ភាគរយក្នុងមួយឆ្នាំ ឬស្មើ៣ភាគរយក្នុងមួយខែ។

ក្រោយពីរដ្ឋាភិបាលប្រកាសបែបនេះ អ្នកជំនាញមួយចំនួនបានព្យារករណ៏ថា ចំណាត់ការនេះបានទាក់​ទា​​ញ​ព​​ល​រដ្ឋក្រីក្រដែលកំពុងត្រៀមខ្លូនទៅរកសេវាខ្ចីប្រាក់ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។

ប៉ុន្តែអ្នកជំនាញដដែល ក៏បានព្រមានដែរថា ការដាក់កំហិត អត្រាកា​រប្រាក់ធ្លាក់​ចុះ​យ៉ា​ង​​គំហុ​កបែបនេះ អាចនឹងជំរុញឲ្យគ្រឹះស្ថានផ្តល់ប្រាក់កម្ចីមួយចំនួនប្រឈមនឹងបិទទ្វារឬលែ​ង​ផ្តល់​ប្រាក់កម្ចី​ដល់កូនបំណុលនៅក្រោម៥ពាន់ដុល្លារ។

ចំនុ​ចនេះ ពួកគេថាពលរដ្ឋដែរគ្មានលទ្ធភាពប្រើសេវាកម្មមីក្រូហិរញ្ញវត្ថុនោះ ពួកគេនឹងងាកទៅ​ចងការប្រា​ក់ពីអ្ន​ករ​កស៊ីធម្មតាវិញ ប​ង្កហានិភ័យកាន់តែខ្ពស់ពីបំណុលនេះ បើរដ្ឋាភិ​​បាលមិន​ជួយ​ស​​​ម្រួ​ល​​ទៅ​លើយន្ត​កា​​រមួ​យចំនួនដែលអាចឲ្យគ្រឹះស្ថានស្របច្បាប់អាចរស់បាននោះ។

បើទោះបីជាការលើ​កឡើងនោះ យើងនូវមិនទាន់ដឹងថាជាការព្រមានស​ម្រាប់ការពារ​ប្រយោជន៍ក្រុ​មហ៊ុ​ន​ឯក​ជ​នដែលរកស៊ីចងការប្រាក់ ឬក៏យ៉ាងណាក៏ដោយ តែប្រធានប​ទដែលយើ​​ង​​​យ​​កមក​ធ្វើកា​រវិភាគនៅថ្ងៃនេះ យើ​ង​ច​ង់​ដឹ​​ងថា តើរដ្ឋាភិបាលគួរធ្វើអ្វីទៀត ដើម្បីជួ​យដល់ពលរដ្ឋក្រី​​ក្រ ដែ​ល​ត្រូ​វ​កា​​រប្រា​ក់ក​ម្ចីជាចាំបាច់នោះ?

អ្នកសិក្សាស្រាវជ្រាវវិស័យហិរញ្ញវត្ថុ លោក ប៉ាក យ៉ង លើកឡើងថា ចរាចណ៍សាច់ប្រាក់​ដែលគ្រឹះស្ថានមីក្រូ​ហិ​​រញ្ញ​​វត្ថុបកំពុងប្រើការនោះ លោកថាបានពីកម្ចីក្រៅប្រទេសផងនិងក្នុងស្រុកផង។

កម្ចីពីក្រៅប្រទេសលោកថា មានអត្រាការប្រាក់ពី៨ទៅ៩ភាគរយនិងប្រាក់រៀលពី១៣ទៅ១៤ភាគរយ និង​​ចំណា​យទៅលើការបង់បពន្ធ និងប្រតិបត្តិករ១៤ភាគរយទៀត។ លោកថាបើរ​ដ្ឋាភិ​បាល​កំ​​ណត់ត្រឹម​ដើមខែមេសានេះទៅ​ត្រូវអនុវត្តអត្រា​ការប្រាក់ត្រឹ​ម១៨ភាគរយ​ក្នុងមួយឆ្នាំនោះ​លោ​កថាជា​កា​រប្រឈម របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

បើតាមលោក ប៉ាក យ៉ង ជំហានដំបូង ធនាគារជាតិត្រូវបង្ហាញ​ជំហរគំា​ទ្រលើ​វិស័យនេះអស់ពីលទ្ធភាព ដើ​ម្បីជំរុញឲ្យគ្រឹះស្ថានទាំងនោះប្រតិបត្តិការដូចដើម។

ទី​២លោកថា ធនាគារត្រូវធ្វើជាអ្នកបោះដុំ ដោយបញ្ចេញសាច់ប្រាក់ដែលខ្លួនមាន​ក្នុងអត្រាកា​រប្រាក់ទា​ប ដ​​ល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងទ​ម្លា​ក់ពន្ធខ្លះ ដូចជាពន្ធកាត់ទុក១៤ភាគរយ ពន្ធលើប្រាក់ចំណេញ ពន្ធផ្នែកយីហោនិងពន្ធផ្សេងៗ ប្រ​​មា​​ណ​ជា​២ភាគរយទៀតជាដើម។

លោក ប៉ាក យ៉ង លើកឡើងទៀតថា ការជួយរយៈពេលយូរ គឺរដ្ឋាភិបាលត្រូវបង្កើ​តគោលនយោ​បាយឲ្យកម្មករឬមន្ត្រីរាជការដែលបើកប្រាក់ខែតាមធនាគារ កុំឲ្យពួកគេដកប្រាក់សុទ្ធ​មកចាយវាយដូ​ចបច្ចុ​ប្បន្ន លោកថានោះអាចនឹងជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុបន្តប្រតិការរបស់ខ្លួនច្រើនឆ្នាំទៅ​មុខ ហើយអត្រាការប្រា​ក់​នេះនឹងអា​ចធ្លាក់ចុះច្រើនជាងនេះ ជួយដល់អ្នកនៅតាមជនបទដែលក្រីក្របាន។

លោកថា៖ «ខ្ញុំឧទាហរណ៍មួយ ដូចជាលុយ កម្មករកាត់ដេរនៅភ្នំពេញ មានចំនួន៧០ម៉ឺននាក់ បើម្នាក់ បើកមួ យ១០០ដុល្លារវាបាន១លានដុល្លារក្នុង១ខែ។ បើសិនជាយើងកុំឲ្យគាត់បើកលុយចេញពីកុង អញ្ចឹងយើងសល់ ៧លានដុល្លារក្នុង១ខែ អញ្ចឹងយើងសល់៧០០លានក្នុង១ឆ្នាំ។ ប្រភពទុនហ្នឹងគឺសេរូអត់មានពេលកំនត់ទេ ហើយក៏អត់មានការប្រាក់ដែរ។ អញ្ចឹងយើងជួយគាត់បានច្រើន។ ដូចគ្នាដែរ បើយើងមើ​លពលករនៅ​ស្រុកថៃ១លាន២សែននាក់ ហើយគាត់ផ្ញើ​មកផ្ទះប្រហែល​ជា១​០០ដុល្លារក្នុងមួយខែដូចគ្នាដែរ ហើយកុំឲ្យគាត់ដកចេញ កុំប្រើជាសាច់ប្រាក់សុ​ទ្ធប្រើជា​កាតអញ្ចឹ​ង១លា​ន២សែ​នបើយើងគុណនឹង១២វា១២០០លានដុល្លារបូកនឹងអា៧០០លានក្នុង១ឆ្នាំវិញវាប្រហែលជា២ពាន់លានដុល្លារទៅហើយគ្រាន់តែពីរផ្នែកហ្នឹង។ ​ខ្ញុំលើកទឹក​ចិត្ត​អញ្ចឹងខ្ញុំ​ឲ្យយោបលនេះទៅរដ្ឋាភិបាល ហើយធនាគារ និងគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ ក៏ត្រូវធ្វើអញ្ចឹងដែរ»។

យ៉ាងនេះក្តីលោក ប៉ាក យ៉ង អះអាងថា បញ្ហាទាំងនេះសមា​គមមីក្រូហិរញ្ញវត្ថុ​បានដាក់សំ​ណើមួ​យចំនួ​នស្នើទៅរដ្ឋា​ភិបាលហើយ។ ប៉ុន្តែលោកថាមិនទាន់មានការឆ្លើយតបទេ។

ទោះជាយ៉ាងណា គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ បានដាក់​ចេញ​នូវ​គោល​នយោបាយចំនួ​ន​​១៣ចំនុច​សម្រាប់​​ការ​អភិវឌ្ឍ ឃុំ​ សង្កាត់ ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២២។ ​ក្នុងនោះប​ក្សកា​ន់អំណាចក៏​​​បា​​ន​សន្យា​​ថា​នឹងកាត់​បន្ថយ​អត្រា​ការប្រាក់​មីក្រូ​ហរិញ្ញវត្ថុ​បន្ថែម​ទៀតដែរ។

អ្នកប្រឹក្សាយោបល់ឯករាជ្យ លោក ង៉ែត​ ជូ លើកឡើងថា ជម្រើសមួយទៀតដែលរដ្ឋាភិបាល អាចជួ​យដ​ល់ប្រតិបត្តិការយូរអង្វែងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្តុ និងជួយដល់ពលរដ្ឋ ដែលត្រូវការខ្ចីប្រាក់ អត្រា​ការប្រាក់ទាបបាន លោកថា រដ្ឋាភិបាលអាចខ្ចីប្រាក់ពីប្រទេសជាដៃគូ ដែលមានអត្រា​ការប្រាក់ត្រឹ​ម១ភា​គរ​យនោះ មកចែកចាយបន្តដល់គ្រឹះស្ថានឯកជនវិញ ដោយគិតអត្រាកា​រប្រាក់​ត្រឹមតែ​៣​ឬ៤ភាគរយ ខណៈ​ក្រុមហ៊ុ​នឯកជនបច្ចុប្បន្នស្វែ​ងរកការចងការប្រា​​ក់ពីធនាគារធំ​ៗទាំង​នោះផ្ទា​ល់ អត្រា​ការប្រាក់​​ពី៨ទៅ៩​ភា​គរ​​យនោះ។

លោកថា៖ «រដ្ឋាភិបាលត្រូវពិចារណារិះរកគ្រប់វិធីធ្វើយ៉ាងណាត្រូវផ្តល់ប្រភពទុននិងមានការប្រាក់ទាប ។ការ​ប្រាក់​សព្វថ្ងៃ៧ទៅ៨ភាគរយ[សម្រាប់លុយដុល្លារ]និង១៣ទៅ១៤ភាគរយសម្រាប់លុយរៀលហ្នឹង គឺបើអា​ចកាត់បា​នត្រឹម៤ទៅ៥ភាគរយនឹងអាចជួយបានច្រើន។ មានន័យថាការប្រាក់​សព្វថ្ងៃថ្លៃដើ​ម៩ បើគា​ត់កា​ត់បា​​ន៥​នៅសល់៤ គឺអាចជួយបាន។ ខ្ញុំជឿជាក់ថាគា​ត់អាចនឹងបន្ត​ទៅមុខបើ​ទោះបីគាត់ខាតខ្លះក៏ដោយ គាត់​​​ប្រហែ​លជាមិនរាថយទេ»។

បើតាមអ្នកស្រាវលើវិស័យហិរញ្ញវត្ថុអះអាងថា គិតឆ្នាំ២០១៦ ពលរដ្ឋជាង២លានគ្រួសារបានជា​ប់បំ​ណុលក្នុង​នោះ​២០ភា​គរយជាប់បំណុលលើសពី២ស្ថាប័ន ៥១ភាគរយ ពិបា​​ករកលុ​​យ​​ស​ង ទៅគ្រឹះស្ថាន​មី​ក្រូ​​​ហិរញ្ញ​វត្ថុ ៤៥ភាគរយសងយឺតរៀលរាល់ខែ និង១,៥ភា​គរយ ​គ្មា​​នលទ្ធភាពសង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ