លោកហ៊ុន សែនថាកម្ពុជានៅលេខ៥ក្នុងអាស៊ានដែលផ្តល់ប្រាក់ខែខ្ពស់ដល់មន្ត្រី​

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក នាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា កម្ពុជាឈរនៅលំដាប់ថ្នាក់ទី៥ ក្នុងអាស៊ានជាប្រទេសផ្តល់ប្រាក់ខែដល់មន្ត្រីរាជការខ្ពស់ រាប់ចាប់ពីមន្ត្រីថ្នាក់ទាបជាងគេឡើងទៅ ដោយថាមកពី​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ​។

លោកថ្លែងបែបនេះក្នុង​កម្មវិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃនេះថា ដើមចមដែលនាំឲ្យប្រាក់ខែគ្រូបង្រៀន មន្ត្រីរាជការ ដំឡើងជាបន្តបន្ទាប់ ដោយសារបច្ចុប្បន្ននេះកម្ពុជា​មាន​សន្តិភាព និងរដ្ឋាភិបាលធ្វើកំណែទម្រង់​ហិរញ្ញវត្ថុសាធារណៈជាដើម។លោកថ្លែងបែបនេះថា

លោកថ្លែងបែបនេះថា« យើងខ្លាយទៅជាប្រទេសឈរលំដាប់ទី៥ នៃប្រាប់បៀវត្សន៍ក្នុងក្នុងអាស៊ានដែលទាបបំផុតរាប់ទាំងកូនទាហ៊ានរាប់ទាំងមន្ត្រីដែលទាបបំផុត ហើយនេះក៏បានមកពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ចំណូលត្រូវបង្កើនដោយយើងមិនចាំបាច់ទៅប្រកាសដំឡើងពន្ធទេ យកឲ្យអស់តែពន្ធដែលត្រូវយកហើយយើងនិងរួមគ្នាដើម្បីបន្តបានសន្តិភាពវាមានតម្លៃណាស់ ដូចជាជាដូណាល់ត្រាំ គាត់ថា អាមេរិកកាំងហ្វឺសយើងដាក់ភីសហ្វឺសមានសេចក្តីថាអាទិភាពធំជាងគេសន្តិភាព បើអត់មានសន្តិភាពទេ អត់មានធ្វើអ្វីកើតទេកុំទៅឆ្ងល់​​»

លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជក់ថា ប្រទេសណាខ្លះដែលផ្តល់ប្រាក់ខែទាប និង ប្រទេសណាខ្លះផ្តល់ប្រាក់ដល់មន្ត្រីខ្ពស់ជាងកម្ពុជានោះទេ។

លើសពីនេះទៀត លោក ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាបច្ចុប្បន្ន បានបើកប្រាក់បៀវត្សឲ្យមន្ត្រីរាជការ មុនដំណាច់ខែ គឺខុសពីបណ្ដាប្រទេសភាគច្រើន​ លើពិភពលោកផង​ដែរ​។

ទីប្រឹក្សាសមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន យល់ថា កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល​ ប៉ុន្តែលោកថា ដើម្បីឲ្យ​មន្ត្រីរាជការ ជាពិសេស​គ្រូបង្រៀនមានជីភាពសមរម្យ លុះត្រាតែ​រដ្ឋាភិបាល​ផ្តល់ប្រាក់​ខែឲ្យពួក​គេចន្លោះពី៣០០ទៅ៤០០ដល្លារ​ក្នុងមួយខែ។ លោកផ្តល់ជាអនុសាសន៍ថា

លោកផ្តល់ជាអនុសាសន៍ថា«យើងមើលឃើញថារដ្ឋាភិបាលមានលទ្ធភាពដំឡើងប្រាក់ខែជូនមន្ត្រីរាជការ គ្រូបង្រៀនឲ្យទៅដល់៣០០ ទៅ៤០០ដុល្លារ បើសិនជាការលុបបំបាត់អំពើពុករលួយប្រមូលពន្ធដារឲ្យគត់មុតទៅ យើងនិងមានសាច់ប្រាក់សំរាប់ដំឡើងមន្ត្រីរាជការ គ្រូបង្រៀនពីព្រោះយើងបានទាមទារហើយបានផ្តល់អនុសាសន៍ជាបន្តបន្ទាប់រាប់សិបឆ្នាំមកហើយ ប៉ុន្តែទើបពេលនេះ នាយករដ្ឋមន្ត្រីសារភាពថាបានធ្វើកំណែទម្រង់ដំឡើងជូនមន្ត្រីរាជការនោះ យើងសារទរក្នុងការដំឡើងជាបន្តបន្ទាប់នេះ

ដោយឡែកបញ្ហា​សន្តិភាពវិញ លោក រ៉ុង ឈុន បកស្រាយថា នៅកម្ពុជាសន្តិភាពមានតែរូបភាពខាងក្រៅតែប៉ុណ្ណោះ ដោយ​ថាជាក់ស្តែងអ្នកដែលរងគ្រោះពីភាពអយុត្តិធម៌សង្គម និងដៃគូប្រកួតប្រជែងនយោបាយរបស់គណបក្សកាន់​អំណាច​​​ត្រូវ​​បានបិទសិទ្ធិនយោបាយ​។

បើតាមរបាយការណ៍របស់រដ្ឋាភិបាល គឺបច្ចុប្បន្នគ្រូបង្រៀនមានជិត១២ម៉ឺននាក់។ ពួកគេទទួលបានប្រាក់​ខែសរុប ច្រើនបំផុតសម្រាប់គ្រូនៅមហាវិទ្យាល័យ បានជាង១លានរៀល និង​កម្រិ​​តទាបបំផុត នៅវិទ្យាល័យបានជាង៨០ម៉ឺនរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ