លោកហ៊ុន សែនប្រកាសមិនលើកលែងឲ្យអ្នកនយោបាយកំពុងជាប់ឃុំទេ

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងបែបចំអកទៅអតីតមន្ត្រីបក្សប្រឆាំងមួយចំនួនដែលកំពុង​ជាប់​ឃុំ​ថា មិនអនុញាតឲ្យមានសេរីភាពនោះទេដោយថា អតីតមេដឹកនាំបក្សនេះ​ដើរបំផុសបំ​ផុល​រឿង​មិន​ល្អ​​នៅក្រៅប្រទេស។

ក្នុង​ជំនួបសំណេះសំណាលជាមួយកម្មករកាលពីម្សិលមិញ លោក ហ៊ុន សែន បានថ្លែងទំនងជាចំអកទៅអតីតមន្ត្រីបក្សសង្គ្រោះជាតិរួមមាន​លោក កឹម សុខា លោក អ៊ំ សំអាន លោក មាជ សុវណ្ណារ៉ា និងមន្ត្រីបក្សនេះមួយចំនួនទៀតថា លោកមិនអនុញ្ញាតឲ្យអ្នកទាំងនោះនៅក្រៅឃុំទេ​។

លោកថ្លែងថា«អ្នកជាប់គុកនៅភ្នំពេញ ដែលសុំលើកលែងទោស​ ក៏ត្រូវ​តែជាប់គុកបន្ថែម​ដែរ គ្មានលើក​ឲ្យឯងទេ មេចង្រៃវាធ្វើសកម្មភាពបែបហ្នឹង សុំបន្ត​ជាប់គុកបន្ត​ទៀត​ទៅ ឯងដោះលែង ហុង សុខហួរ មួយ គេថា​សម្ពាធអន្តរជាតិ​បើកាលណានៅតែបន្ត​ធុនហ្នឹងមិនលើកលែងទោសឲ្យអ្នកណាទេ ហើយ​មិន​បាច់​    បញ្ជូ​ល​​ក្នុ​​ងការលើកលែងទោសទេ  ព្រោះអ្នកខ្លះសាលក្រមមិនទាន់ចូលជាស្ថាពរ នៅក្តីនៅឡើយ ទុកវា​នៅ​ហ្នឹង ព្រោះមេវាប្រហើនពេក​»

លោកមេធាវី សុក សំអឿន បានពន្យល់តាមនីតិវិធីច្បាប់ជាទូទៅថា ច្បាប់ចែងថា មិនឲ្យបុគ្គលគ្រប់រូប​ជ្រៀតជ្រែកកិច្ចការតុលាការនោះទេ ប៉ុន្តែលោកថា ច្បាប់មិនបានចែងដាក់ទោសអ្នកដែលជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះឡើយ​។ប៉ុន្តែលោកយល់ថា ប្រសាសន៍របស់លោក ហ៊ុន សែន អាច​ធ្វើ​ឲ្យសាធារណៈជនមានការភ័ន្តច្រឡំលើស្ថាប័នតុលាការថា មិនមានភាពឯ​ករាជ្យ​។

លោកថ្លែងថា«ការនិយាយបែបហ្នឹង អាចធ្វើ​ឲ្យអ្នកស្តាប់គេយល់ប្រឡំថា តុលាការយើងវាអត់ឯករាជ្យ​ភាព ​ មតិសាធារណៈជនគេគិតថាចឹង ដល់ពេលតុលាការសម្រេច​ទៅតាម ឧប្បមាថា តុលាការសម្រេច​ផ្ទុយពីហ្នឹង​វាអត់អីទេ តុលាការ​សម្រេច​តាមវាទៅជា​ នាំគ្នាគិតថា តុលាការ​កាត់ក្តីតាមអ្នកនយបាយ វាទៅជាចឹងវិញ​»

មាត្រា១២៨ថ្មី និង១២៩ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា អំណាច​តុលាការជាអំណាចឯករាជ្យ ហើយចៅក្រមត្រូវ​បំពេញភារកិច្ចរបស់ខ្លួន​ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងស្របតាមសម្បជញ្ញៈរបស់ខ្លួន។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ បានកាត់ទោស លោក មាជ សុវណ្ណរ៉ា ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទដឹកនាំកុបកម្មនិងចូលរួមចលនាកុបកម្ម បន្ទាប់ពីការ​តវ៉ា​ឲ្យ​បើកទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ក្រៅពីលោក មាជ សុវណ្ណរ៉ា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចផ្តន្ទាទោសសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំក្នុងសំណុំរឿងដូចគ្នានេះដែរ។

ក្រោយមក​ទៀត សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បានសម្រេចផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់​​ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យជាប្រាក់៤លានរៀល ដោយចោទពីបទបទញុះញង់ឲ្យ​ប្រព្រឹត្តបទឧក្រិ​ដ្ឋជា​អាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម និង​​​ញុះ​​​ញង់ឲ្យមានការរើសអើង ក្រោយពីអតីតតំណាងរាស្ត្ររូបនេះ និយាយថា ការបោះបង្គោលព្រំដែន តាម​ស​ន្ធិ​សញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ធ្វើឲ្យកម្ពុជា​បាត់ដី​ខ្លះ​ទៀតទៅវៀតណាម។

ចំណែក លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង «ឃុបឃិត» ជាមួយ​បរទេស ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប៉ុន្តែ គណបក្ស​ប្រឆាំង​តែង​តែ​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ