អតីតមន្ដ្រីបក្សប្រឆាំងសុំជួបអ្នកជាប់ឃុំ​នៅពន្ធនាគារព្រៃស

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន(រូបថតពីហ្វេសប៊ុក)

អតីតក្រុមមន្ដ្រីបក្សប្រឆាំង បានផ្ញើលិខិតមួយទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដោយស្នើសុំជួបសួរសុខទុក្ខអតីតមន្ដ្រីបក្សប្រឆាំង១២នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសនាចុងខែមីនាខាងមុខនេះ។

យោងតាមលិខិតចុះថ្ងៃទី១៩មីនា អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ៥រូប បានស្នើសុំទៅអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ​ដើម្បីជួបសួរសុខទុក្ខអតីតតំណាងរាស្ដ្របក្សប្រឆាំង លោក អ៊ុំ សំអាន លោក មាស សុវណ្ណារ៉ា និងអ្នកជាប់ឃុំ១០នាក់ផ្សេងទៀត នាថ្ងៃទី៣១មីនាឆ្នាំ២០១៨។

អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា លោក និងមិត្តភក្ដិ គ្រាន់ចង់ទៅសួរសុខទុក្ខអតីតមន្ដ្រី និងសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ និងថា​ ពុំមានចេតនាអាក្រក់នោះឡើយ។

លោកថា៖ «បាទ ខ្ញុំគ្រាន់តែចូលទៅសួរសុខទុក្ខធម្មតា ដោយសារយើងខានចូលទៅជួបគាត់ឡើងប៉ុន្មានខែហើយ។ ខ្ញុំថា ដូចជា មិនគួរបដិសេធនឹងសំណើរបស់ខ្ញុំ គ្រាន់តែចូលទៅជួបសួរសុខទុក្ខអីប៉ុណ្ណឹង ដូចមិនគួរ ប៉ុន្ដែ បើក្រសួងបដិសេធទៀត អាហ្នឹង វាហួសហេតុពេកហើយ ដូចជា បំបាំងបំបិទសិទ្ធិសេរីភាពដូចជាធ្ងន់ធ្ងរហើយ»

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ​លោក នុត សាវនា ប្រាប់ VOD ថា លោកមិនទាន់ទទួលបានលិខិតនេះនៅឡើយទេ។ ប៉ុន្ដែ លោកថា សំណើនេះ ទំនងជាត្រូវបានអនុញ្ញាត ដោយសារអ្នកទាំងនោះ ត្រូវបានតុលាការកាត់ទោសរួចហើយ។

លោកថា៖ «ខ្ញុំអត់បានទទួលបានដែរ ខ្ញុំគិតថា បើតាមក្រសួង ខ្ញុំគិតថា ប្រហែលថ្ងៃនេះ ឬស្អែក បានរដ្ឋបាល គេបានទទួល ហើយថ្ងៃនេះ រវល់រឿងការងារសន្និបាត ក្រសួងផង។ ចំពោះអ្នកដែលកាត់ទោសហើយដូចជា អត់អីទេ លើកលែងតែមានបំរាមពីតុលាការ»

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ក្នុងចំណោមអ្នកទោសទាំង១២នាក់នៅពន្ធនាគារព្រៃស ដែលស្នើសុំសួរសុខទុក្ខនោះ រួមមាន អតីតតំណាងរាស្ដ្របក្សប្រឆាំង លោក អ៊ុំ សំអាន និងអ្នកផ្សេងទៀត ដែលសុទ្ធជាអតីតមន្ដ្រី និងសកម្មជនគណបក្សប្រឆាំង។ លោកថា ពួកគេទាំងនោះ អ្នកខ្លះជាប់ទោស៧ឆ្នាំ និងខ្លះទៀតមានទោសដល់ទៅ២១ឆ្នាំ ក្រោមការចោទពីបទ «ញុះញង់» និង «បង្កអំពើហិង្សានាំឲ្យមានអស្ថិរភាពសង្គម»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ