នាយករដ្ឋមន្រ្តីការពារ​ចំណាត់​ការ​រដ្ឋាភិបាល​ចាប់ខ្លួន​តំណាងរាស្រ្ត អ៊ុំ សំអាន

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាការចាប់ខ្លួនតំណាងរាស្រ្តគណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដោយថាតំណាងរាស្រ្តរូបនោះបានញុះញង់បង្កឲ្យមានភាពស្មុគស្មាញនិងមានជម្លោះជាមួយប្រទេសជិតខាង។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសុក្រជាការដកស្រង់សម្តីរបស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថាការឃាត់ខ្លួននេះជាជម្រើសតែមួយគត់ ដោយថាក្នុងន័យថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ក្នុងសង្គម។ លោកសរសេរទៀតថា ការចាប់ឃាត់ខ្លួនលោក អ៊ុំ សំអាន បានធ្វើឡើងដោយអនុលោមទៅតាមច្បាប់និងដែនសមត្ថកិច្ចរបស់រដ្ឋាភិបាល។

លោកបានសរសេរថា៖ “ការឃាត់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន គឺត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដែលឋិតនៅក្នុងបន្ទុកនៃការញុះញង់ ធ្វើឲ្យមានភាពស្មុគស្មាញនិងជម្លោះជាមួយប្រទេសជិតខាងដែលប្រឆាំងនិងរដ្ឋធម្មនុញ្ញនិងច្បាប់កម្ពុជា”

ចំណែករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងសម្តីរបស់នាយករដ្ឋមន្រ្តីនៅលើហ្វេសប៊ុករបស់លោកថា៖ ពួកហ្នឹងអានរដ្ឋធម្មនុញ្ញមិនដែលអានចប់ទេ គេនិយាយពីអភ័យឯកសិទ្ធិសមាជិកសភា តែគេមិនមើលឃ្លាបន្តទៀតដែលថាបន្តលើកលែងតែ…

ទាក់ទងនឹងការឃាត់ខ្លួននិងឃុំខ្លួនលោក អ៊ុំ សំអាន អង្គការសង្គមស៊ីវិលនិងគណបក្សសង្រ្គោះជាតិចាត់ទុកថាជាការរំលោភលើរដ្ឋធម្មនុញ្ញនិងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារួមតូច។

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ធ្លាប់បានលើកឡើងថាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន នៅតែមានអភ័យឯកសិទ្ធិ ដោយលោកថាសភានឹងដកអភ័យឯកសិទ្ធិរបស់លោក ប្រសិនមានការស្នើពីតុលាការនិងទទួលបានការគាំទ្រពីសំឡេង២ភាគ៣នៃសមាជិករដ្ឋសភា។

មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន គឺលោក ជួង ជូងី បានដាក់លិខិតទៅតុលាការកាលពីថ្ងៃព្រហស្បតិ៍ដើម្បីសុំឲ្យកូនក្ដីរបស់លោកនៅក្រៅឃុំ ដោយលោកអះអាងថា កូនក្ដីរបស់លោកមិនបានប្រព្រឹត្តបទល្មើសនិងនៅមានអភ័យឯកសិទ្ធិជាតំណាងរាស្រ្តឡើយ។

លោកមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំជាមេធាវី ហើយបើគាត់រត់គេចខ្លួនតើគាត់រត់គេចខ្លួនទៅណា បើគាត់ជាសមាជិកតំណាងរាស្រ្តគាត់មិនមែនបោះបង់តួនាទីជាតំណាងរាស្ត្ររបស់គាត់ទេ ហើយគាត់មានលំនៅឋាននៅស្រុកខ្មែរទៀត។ ហើយម្យ៉ាងទៀតបើសិនគាត់ចង់គេចពីតុលាការវិញ គាត់អត់ចូលស្រុកទេ ពីព្រោះគាត់មានសញ្ជាតិអាមេរិកគាត់អាចចេញចូលទៅអាមេរិកបាន អញ្ចឹងបើគាត់ចង់គេចពីតុលាការគាត់នៅអាមេរិកមិនបាច់មកទេ អញ្ចឹងលក្ខខណ្ឌនៃការឃុំខ្លួននោះ វាអត់ត្រូវទាល់តែសោះ អញ្ចឹងអត់ត្រូវឃុំខ្លួនគាត់ទេ ត្រង់នឹងហើយដែលខ្ញុំសុំឲ្យដោះលែងគាត់វិញ”

គួរបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មនឹងរឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ ក្រោយពីការចាប់ខ្លួននេះ នៅថ្ងៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។

លោក អ៊ុំ សំអាន ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដោយស្ថិតនៅក្រោមការពិនិត្យលើបទចោទទាំងពីរ៕ ដោយ ទូច សុខា និងខាន់ លក្ខិណា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ