ក្រសួង​សុខាភិបាល​ក្រើន​រំលឹក​ពលរដ្ឋ​ឲ្យ​បង្ការ​ខ្លួន​ពី​ជំងឺ​អំឡុង​រដូវ​ក្ដៅ​ហួត​ហែង

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 10:57 AM | សុខភាព | 0 | 3206

ក្រសួង​សុខាភិបាល ​បាន​ក្រើន​រំលឹក​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ឧស្សាហ៍​តាម​ដាន​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​ឲ្យ​បាន​យ៉ាង​តិច ២​ដង​ក្នុង​មួយ​ថ្ងៃ នៅ​អំឡុង​រដូវ​ក្ដៅ​ហួត​ហែង​នេះ។

ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ខែ​មេសា​នេះ សីតុណ្ហភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ចន្លោះ​ពី ៣១ ទៅ ៣៦​អង្សារ ពោល​គឺ​មាន​ស្ថានភាព​ក្ដៅ​ហួត​ហែង​ស្ទើ​នៅ​ទូទាំង​ប្រទេស។

ខណៈ​ដែល​​សីតុណ្ហភាព​ក្ដៅ​ហួត​ហែង​បែប​នេះ នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ ​​បាន​អំពាវ​នាវ​ទៅ​​ប្រជា​ពលរដ្ឋ​ ឲ្យ​បង្ការ​ខ្លួន​ពី​​ជំងឺ​ផ្សេងៗ​ ដែល​អាច​កើត​មាន​ក្នុង​ស្ថានភាព​បែប​នេះ។

ក្នុង​សារ​អប់រំ​សុខភាព​អំឡុង​រដូវ​ក្ដៅ ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​​របស់​ខ្លួនកាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ ក្រសួង​សុខាភិបាល​បាន​​ណែនាំ​​ពលរដ្ឋ​​ឲ្យ​ជ្រក​ក្រោម​ម្លប់​​ឱ្យ​បាន​ច្រើន​ ជៀសវាង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ផ្ទាល់​ ជៀស​វាង​ការ​ពិសា​ស្រា​ ​និង​ទឹក​ដែល​មាន​កំហាប់​ស្ករ​ខ្ពស់ ស្លៀក​ពាក់​ស្តើង ស្រាល មាន​ពណ៌​ភ្លឺ​ ពិសាទឹក​ឱ្យ​បាន​ច្រើន​ជាង​ពេល​ធម្មតា និង​ងូត​ទឹក​ឱ្យ​បាន​ញឹក​ញាប់​។​

ក្រសួង​សុខាភិបាល ក៏​បាន​ក្រើន​រំលឹក​ពលរដ្ឋ ឲ្យ​​តាម​ដាន​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ​ឱ្យ​បាន ​២​ដង​ក្នុង​មួយ​ថ្ងៃ​ ដូច​ជា ​ក្មេង​អាយុ​ក្រោម​ ៥​ឆ្នាំ​ មនុស្ស​ចាស់​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​ជន​ដែល​មាន​ជំងឺ​រុំារ៉ៃ​។​

នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆំាង​នឹង​ជំងឺ​ឆ្លង​ បាន​បន្ថែម​ថា រោគ​សញ្ញា​រមួល​ក្រពើ​ជា​សញ្ញា​បឋម​បញ្ជាក់​ថា ​មាន​ជំងឺ​ទាក់​ទង​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ដែល​អាច​វិវត្តិ​​ទៅ​ជា​ជំងឺ​អស់​កំលាំង​ល្ហិតល្ហី​ ដោយ​កំដៅ​ខ្លាំង ឬ​ដួល​សន្លប់​ដោយ​សារ​កំដៅ​ខ្លាំង​។​

ក្នុង​ករណី​ដែល​មាន​រោគ​សញ្ញា​ទាំង​នេះ​ ក្រសួង​ក្រើន​រំលឹក​ពល​រដ្ឋ​ត្រូវ​តែ​ប្តូរ​អ្នក​ជំងឺ​ទៅ​កន្លែង​ត្រជាក់​ បញ្ចុះ​កំដៅ​ខ្លួន​ជា​មួយ​កន្សែង​ត្រជាក់ ឬ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​៕​

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required