តុលាការ​កោះ​ហៅ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​លោក ជុន ច័ន្ទបុត្រ

លោក ជុន ច័ន្ទបុត្រ លោក ឡុង រី និង​ អ្នកស្រី មូរ សុខហួរ​ រាប់ពីឆ្វេង​ទៅស្តាំ​

តុលាការ​កម្ពុជា បាន​សម្រេច​ចេញ​ដី​កា​កោះ​ហៅ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ និង​តំណាង​រាស្ត្របក្សប្រឆាំង២​រូប​ទៀត​ ឲ្យ​ចូល​បំភ្លឺជា​បន្ត​បន្ទាប់ ជុំ​វិញ​​ការចោទ​ថា បាន​បន្លំ​ខ្លួន​ចូល​ពន្ធធនាគារ កាល​ពេល​ថ្មីៗ​នេះ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ លោក ជុន ច័ន្ទបុត្រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​ជាមួយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​​លោក ឡុង រី នៅ​ពេល​ចូល​ទៅ​សួរ​សុខ​ទុក្ខ​​សកម្មជន​ដទៃ​ទៀត​របស់​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

នៅ​ក្នុង​​បញ្ជី​ចុះ​ឈ្មោះ​អ្នក​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​នោះ លោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីន​វុទ្ធី ត្រូវ​បាន​គេ​ចោទ​ថា បាន​បន្លំ​ខ្លួន​ជា​ជំនួយ​ការ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ភូត​កុហក​សមត្ថកិច្ច។

ក្នុង​ដីកា​កោះ​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សៀង សុខ បាន​សម្រេច​​កោះ​ហៅ​លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ខែ​ឧសភា ជុំ​វិញ​ការ​ចោទ​ថា បាន​ផ្ដល់​ព័ត៌មាន​ភូត​កុហក​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ។

ក្រៅ​ពី​លោក ជុន ច័ន្ទបុត្រ តំណាង​រាស្ត្រ អ្នកស្រី មូរ សុខហួរ និង​លោក ឡុង រី ក៏​ត្រូវ​បាន​តុលាការ​ហៅ​​ឲ្យ​ចូល​បំភ្លឺ​ផង​ដែរ នៅ​សប្ដាហ៍​ក្រោយ​ផង​ដែរ នៅ​ក្នុង​ដំណើរ​រឿង​តែ​មួយ​នេះ។

តុលាការ​បាន​សម្រេច​ចេញ​ដី​កា​កោះ​ហៅ​បែប​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ លើក​ឡើង​​ថា លោក ជុន ច័ន្ទបុត្រ អាច​ជាប់​ពន្ធនាគារ ប្រសិន​បើ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ចេតនា​បន្លំ​សមត្ថកិច្ច​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ