អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពលរដ្ឋ​ភាគ​ពាយព្យ​ឲ្យ​ប្រុងប្រយ័ត្ន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ពី​ថ្ងៃ​ស្អែកទៅ

កំណាត់​ផ្លូវជាតិលេខ៤​ដែល​លិចក្រោមជំនន់ទឹកភ្លៀងកាលពីឆ្នាំមុន(រូបភាពពី​ក្រសួងធនធានទឹក និងឧតុនិយម)

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ពី​ខ្យល់​កន្ត្រាក់ និង​គ្រោះ​ថ្នាក់​ផ្គរ​រន្ទះ ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ​ភាគ​ពាយព្យ​កម្ពុជា ចាប់​ពី​ថ្ងៃ​ស្អែក​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិច​ទៅ​បង្គួរ​​នៅ​បណ្ដា​ខេត្ត​ភាគ​ពាយព្យ​ប្រទេស​នៅ​ថ្ងៃ​ស្អែក និង​ថ្ងៃ​ខាន​ស្អែក​នេះ។

ក្រសួង​បន្ត​ថា ​ភ្លៀង​កក់​ខែ នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​២៣ ខែ​មេសា រហូត​ដល់​ថ្ងៃទី​០២ ខែ​ឧសភា ដោយសារ​ជ្រលង​សម្ពាធ​ទាប​។

ជាមួយ​នឹង​ស្ថានភាព​អាកាស​ធាតុ​បែប​នេះ ក្រសួង​បាន​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ឧត្ដរមានជ័យ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់។

ក្រៅ​ព្រមាន​អំពី​គ្រោះ​ថ្នាក់​ធម្មជាតិ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ៤​គ្រួសារ និង​កុដិ​ ១​ខ្នង នៅ​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវ​ខ្យល់​កន្ត្រាក់​បោក​បក់​លើ​បណ្ដាល​ឲ្យ​​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។

បើ​តាម​របាយការណ៍​នគរបាល​ជាតិ ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ៤០​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់ និង​បន្ទាយមានជ័យ ត្រូវ​ខ្យល់​កន្ត្រាក់​បក់​បោក​បំផ្លាញ​ទាំង​ស្រុង និង​ដោយ​អន្លើ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​មក​ថ្មីៗ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ