​រដ្ឋាភិបាល​ព្រមាន​ចាត់វិធានការ​អ្នក​ផ្សព្វផ្សាយ​យុទ្ធនាការ​ពាក់​អាវ​ខ្មៅ​លើ​បណ្តាញ​សង្គម​

ក្រសួងមហាផ្ទៃព្រមានថានឹងចាត់វិធានការលើអ្នកដែលផ្សព្វផ្សាយយុទ្ធនាការពាក់អាវខ្មៅលើបណ្តាញសង្គមទាមទារដោះលែមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដោយថាទង្វើនោះខុស បើពុំមានការអនុញ្ញាតពីអាជ្ញាធរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ឲ្យវីអូឌី(VOD)ដឹងនៅថ្ងៃអាទិត្យនេះថា ការធ្វើយុទ្ធនាការ លើបណ្តាញសង្គមក៏ដោយ លោកថា ត្រូវផ្អែកលើគោលការច្បាប់។

បើទោះបីកម្ពុជាមិនទាន់មានច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែតក៏ដោយតែលោក ខៀវ សុភ័គ ថាសមត្ថកិច្ចត្រូវតែចាត់វិធានការដើម្បីទប់ស្កាត់កុំឲ្យមានចលនាបដិវត្តពណ៌ បង្កឲ្យមានភាពវឹកវរក្នុងសង្គម ឈានទៅផ្តួលរលំរដ្ឋាភិបាល។

លោកថា៖ធ្វើអីធ្វើទៅឲ្យតែត្រូវច្បាប់ គឺច្បាប់ថែរក្សាសន្តិភាព ថែរក្សាស្ថិរភាពនយោបាយ ថែរក្សាសាមគ្គីភាពជាតិ អត់មានអ្នកពាក់អាវខ្មៅ អត់មានអ្នកពាក់អាវសទេ ហើយពិសោធមានហើយ មានអ្នកឃោសនាបដិវត្តន៍ពណ៌នៅគុកពីរ បីនាក់មិនទាន់ចេញផង”។

នៅពេលសួរថា នៅក្នុងប្រទេសកម្ពុជាមិនទាន់បង្កើតច្បាប់គ្រប់គ្រងInternetនៅឡើយ តើក្រសួងចាត់វិធានការលើអ្នកប្រើInternetនេះយ៉ាងដូចម្តេច?លោក ខៀវ សុភ័គ ឆ្លើយយ៉ាងខ្លីថា សូមឲ្យអ្នកផ្សព្វផ្សាយលើប្រព័ន្ធInternetឲ្យស្របតាមច្បាប់ កុំឲ្យបង្កគ្រោះថ្នាក់ដល់សន្តិសុខសង្គម។

កាលពីថ្ងៃទី២ខែឧសភា មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៥រូប មានលោក នី សុខា លោក យី សុខសាន លោកណៃ វ៉ង់ដា និងលោកស្រី លឹម មុន្នី ព្រមទាំង អតីតបុគ្គលិកអាដហុកម្នាក់ទៀត គឺលោក នី ចរិយា ដែលទើបទទួលតំណែងជាអគ្គលេខាធិការរង គជប ត្រូវតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារ ចោទថាអ្នកទាំងនោះ បានសមគំនិតសូកប៉ាន់សាក្សី ដូចការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថាការលើកឡើងរបស់លោក ខៀវ សុភ័គ ជាការបិទសិទ្ធិសេរីភាពបញ្ចេញមតិ។ លោកថា រដ្ឋាភិបាលកំពុងភ័យខ្លាចប្រជាពលរដ្ឋដែលទាមទារសិទ្ធិសេរីភាពដោយអហិង្សាលើបណ្តាញសង្គម ខណៈអាជ្ញាធរហាមពួកគេមិនឲ្យជួបជុំជាសាធារណៈ ក្រោមហេតុផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងកកស្ទះចរាចរណ៍។ លោកថា៖”កន្លងមករដ្ឋាភិបាលខ្លាចមុខ ខ្លាចក្រោយពេក ម្តងទៅថាការជួបជុំវាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងកកស្ទះចរាចរណ៍ ម្តងទៅថាពាក់អាវពណ៌ខ្មៅគឺជាសញ្ញាណនៃបដិវត្តន៍ពណ៌ ខ្ញុំគិតថាមិនមែនបដិវត្តន៍ពណ៌ទេ ព្រោះអ្នកពាក់អាវខ្មៅនោះបានបញ្ជាក់ហើយថា សុំឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ហើយបន្ទាប់ពីដោះលែងយុទ្ធនាការនិងឈប់ហើយ”។

មេធាវី ហុង គឹមសួន ពន្យល់តាមនីតិវិធីច្បាប់ថាការផ្សព្វផ្សាយយុទ្ធនាការពាក់អាវខ្មៅលើបណ្តាញសង្គមទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដោយសន្តិវិធី មិនខុសច្បាប់នោះទេ ដោយលោកថា កម្ពុជាមិនទាន់មានចែងច្បាប់គ្រប់គ្រងInternetនៅឡើយ។

លោកថា៖”បើមានច្បាប់ចែងចាំអាជ្ញាធរហាមឃាត់ បើគ្មានច្បាប់ចែង ការធ្វើអត់មានខុសច្បាប់ទេ”។

ទោះជាយ៉ាងណា រដ្ឋាភិបាលអះអាងថា វិធានការបង្ក្រាបនោះ ជាចំណាក់ការច្បាប់ ទប់ស្កាត់កុំឲ្យមានចលនា បដិវត្តពណ៌ ផ្តួលរលំរដ្ឋាភិបាល។
ប៉ុន្តែសម្រាប់ក្រុមអង្គការសង្គមស៊ីវិលវិញ អះអាងថា វិធានការរបស់រដ្ឋាភិបាលនោះ ពួកគេថា ជាការបំពានលើរដ្ឋធម្មនុញ្ញ រំលោភកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងធ្វើស្ថានភាពសិទ្ធិមនុស្សធ្លាក់យ៉ាងគំហុក ជំរុញឲ្យប្រជាធិបតេយ្យដើរថយក្រោយ។

ជាងនេះទៅទៀត កាលពីថ្ងៃទី១៦ ខែឧសភា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំនិងបង្កើតសមាគម លោក ម៉េណា គីអេ (MainaKiai)បានសម្តែងការព្រួយបារម្ភលើការទប់ស្កាត់យុទ្ធនាការស្លៀកពាក់ខ្មៅ របស់សង្គមស៊ីវិលដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ដោយលោកថា កម្ពុជាកំពុងដើរលើផ្លូវខុសផ្ទុយពីច្បាប់អន្តរជាតិ។

យ៉ាងណាក៏ដោយសង្គមស៊ីវិល សហគមន៍ដែលមានជម្លោះដីធ្លី និងបណ្តាញព្រះសង្ឃខ្លះ អះអាងថា ពួកគេនៅតែបន្តធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ នៅលើបណ្តាញសង្គម និងកន្លែងខ្លះទៀត ដោយសន្តិវិធី ដែលពួកគេថាដើម្បីឲ្យរដ្ឋាភិបាលពិចារណាដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនោះ ឲ្យមានសេរីភាពវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ