យុវជន​នៅ​តំបន់​ទេសចរណ៍​មួយ​បន្ត​រំឭក​ពី​តម្លៃ​ស្លឹកត្នោត​ឲ្យ​ភ្ញៀវ​ចាប់​អារម្មណ៍​វប្បធម៌​ខ្មែរ​

យុវជនមួយក្រុម នៅតំបន់ទេសចរណ៍ខេត្តសៀរាប ធ្វើយុទ្ធនាការពាក់មួកស្លឹកត្នោត (រូបថត៖ បូ​ សាវី)

យុវជនមួយក្រុម នៅតំបន់ទេសចរណ៍ខេត្តសៀមរាប ធ្វើយុទ្ធនាការពាក់មួកស្លឹកត្នោត ដែលពួកគេយល់ថា ដើម្បីទាក់ទាញ ការចាប់អារម្មណ៍ពីភ្ញៀវជាតិនិងអន្តរជាតិ ឲ្យយល់ពីតម្លៃវប្បធម៌ខ្មែរ ខណៈមានមួកដួន ខ្លះដែលពលរដ្ឋវៀតណាមនិយមពាក់ មានតាំងលក់នៅតំបន់អង្គរនោះដែរ។

យុវជនទាំងនោះមកពីតាមសាកលវិទ្យាល័យមួយចំនួននៅខេត្ដសៀមរាប និងតាមបណ្ដាខេត្ដផ្សេងជាច្រើនទៀត ដោយមានពាក់មួកនៅលើក្បាលនិងស្រែកព្រមៗគ្នាថា «មួកត្នោត មួកខ្មែរ»។

ពួកគេបានជិះកង់តាមវិថីសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប ឆ្ពោះទៅកាន់តំបន់ប្រាសាទអង្គរវត្ដ។

និស្សិតឆ្នាំទី៣ផ្នែកច្បាប់មកពីសាកលវិទ្យាល័យបៀលប្រាយលោក សឿ សារីរតន៍ ឲ្យវីអូឌីដឹងថា ការដង្ហែមួកស្លឹកត្នោតនេះ ក្នុងគោលបំណងឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិដឹងថាជាមួកស្លឹកត្នោតខ្មែរនេះជាកេរិ៍វប្បធម៌ជាតិខ្មែរ។

យុវជនរូបនោះកត់សំគាល់ឃើញថា បច្ចុប្បន្ននេះ កន្លែងលក់វត្ថុអនុស្សាវរីយ៍មួយចំនួននៅតំបន់ប្រាសាទបុរាណ ដាក់លក់មួកដួនបរទេស និងមានតម្លៃថ្លៃ ដែលលោកថា ក្រុមអ្នកលក់នោះមិនយល់ពីតម្លៃរបស់ស្នារដៃកូនខ្មែរ ទើបពួកគេដង្ហែមួកស្លឹកត្នោតខ្មែរដើម្បីឲ្យពលរដ្ឋខ្មែរ និងភ្ញៀវអន្ដរជាតិស្គាល់ពីស្នារដៃរបស់ខ្មែរ។

កញ្ញាហែម គន្ធា ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ដ្រឆ្នាំទី៣ខេត្ដសៀមរាប ផ្នែក Business ឲ្យដឹងថា ការបាត់បង់មួកស្លឹកត្នោតខ្មែរ ក៍ដូចបាត់បង់កេរិ៍តំណែលវប្បធម៌ជាតិខ្មែរដែរ ដោយសារដើមត្នោតជាអត្ដសញ្ញាណជាតិខ្មែរ។

កញ្ញាបន្ដថា កន្លងមក ភ្ញៀវទេសចរណ៍អន្ដរជាតិភន្ដច្រឡំមួកត្នោតខ្មែរ ជារបស់មួកបរទេស ខណៈដែលមួកដួនមានវត្ដមាននៅកន្លែងលក់វត្ថុអនុស្សាវរីយ៍ក្នុងតំបន់ប្រាសាទបុរាណ។ ក្រុមយុវជនទាំងនោះអំពាវនាវដល់យុវជនគ្រប់ជួយថែរក្សានិងអភិរក្សមួកត្នោតខ្មែរនេះឲ្យបានគង់វង្ស ដើម្បីជាកេរិ៍តំណែលវប្បធម៌ជាតិខ្មែរ។

គួរបញ្ជាក់ថា ការដង្ហែមួកស្លឹកត្នោតខ្មែររបស់ក្រុមយុវជននេះជាលើកទី៣ហើយ ដែលលើកទី១មួយមានអ្នកចូលរួមជាង១០០នាក់លើកទី២០០នាក់និងលើកទី៣នេះជាង២០០នាក់។

ក្រុមយុវជន អះអាងថា ក្រោយពីបង្ហាញមួកស្លឹកត្នោតនេះឡើងវិញ ពួកគេកត់សម្គាល់ឃើញថា បវរកញ្ញាពិភពលោក និងភ្ញៀវទេសចណ៍ជាតិអន្ដរជាតិ ដែលមកទស្សនារម្មណីដ្ឋានប្រាសាទបុរាណ ក៍ប្រើប្រាស់មួកត្នោតខ្មែរនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ