អាជ្ញាធរភ្នំពេញរារាំងអ្នកមានជម្លោះដីធ្លីដែលស្វែងរកដំណោះស្រាយ

អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃនេះ បានរារាំងពលរដ្ឋមកពីខេត្តឧត្តរមានជ័យ ខណៈពលរដ្ឋទាំង នោះនាំគ្នាដើរដោយថ្មើរជើងទៅកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋមួយចំនួនឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

អ្នកមានជម្លោះធ្លីប្រមាណ២០នាក់តំណាងឲ្យពលរដ្ឋជាង១០០គ្រួសារ មកពីខេត្តឧត្តមានជ័យ នៅថ្ងៃទី២២ឧសភាឆ្នាំ២០១៧នេះបាននាំគ្នាដើរដោយថ្មើរជើងពីវត្តចាស់ក្នុងខណ្ឌជ្រោយចង្វាគ្រោងទៅដាក់ញត្តិនៅ រដ្ឋសភា ក្រសួង រៀបចំដែនដី ខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងស្ថាប័នផ្សេងទៀត ប៉ុន្តែត្រូវអាជ្ញាធរខណ្ឌដូនពេញរារាំងក្បែរស្ពានជ្រោយចង្វារ ដោយ លើកហេតុផលថារក្សារសណ្តាប់ធ្នាប់ក្រុង។

លោក សាត បូរ៉ា ដែលអះអាងថាជាតំណាងពលរដ្ឋប្រាប់អ្នកសាព័ត៌មានថា ពួកគាត់ជាពល រដ្ឋក្រីក្រប្រមាណជាង១០០គ្រួសារ រស់នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ​ខេត្តឧត្តរមានជ័យ មានជម្លោះដីធ្លីជាមួយអាជ្ញាធរស្រុក ដោយថា កាលពីឆ្នាំ២០១៧ប្រធានរដ្ឋបាលស្រុកគឺលោក ងួន លីន បានយកគ្រឿងចក្រអមដោយកំលាំងសមត្ថកិច្ចចំរុះរាប់រយនាក់ចុះឈួសឆាយដីធ្លី ផ្ទះនិងដំណាំរបស់ពួកគាត់យកទៅឲ្យពលរដ្ឋផ្សេង។

លោកបន្តថា ពេលពួកគាត់តវ៉ាអាជ្ញាធរទាំងនោះបានប្រើហិង្សា និងគំរាមចាប់ដាក់គុកធ្វើឲ្យ ពួកគាត់ភ័យខ្លាចទើបនាំគា្នឡើងមករកកិច្ចអន្តរាគមន៍ពីស្ថាប័នថ្នាក់ជាតិ ប៉ុន្តែត្រូវអាជ្ញាធររាជ ធានីភ្នំពេញរារាំងថែមទៀត។

លោកបន្ថែមថា «មូលហេតុដែលពួកខ្ញុំដើរដោយសារពួកខ្ញុំក្រពួកខ្ញុំមិនសូវប្រាក់អីទេហើយពួក ឡើងសុំឲ្យសម្តេចជួយ។ កន្លងមកពួកខ្ញុំធ្លាប់រកដំណោះស្រាយពីមេភូមិមេឃុំពីអភិបាលខេត្ត ដោយពួកខ្ញុំដាក់ពាក្យបណ្តឹងអស់ ប៉ុន្តែពេលថ្មីៗនេះពេលដែលគេឃើញពាក្យបណ្តឹងខ្ញុំគេ គម្រាប់ចាប់ខ្ញុំដាក់គុកខ្ញុំក៏រងនូវគេចាប់ដាក់គុកដល់ អញ្ចឹងពួកខ្ញុំនាំគ្នាឡើងមកជួបសម្តេចសុំ ឲ្យគាត់ជួយអន្តរាគមន៍ព្រោះពួកខ្ញុំក៍កូនចៅសម្តេចដើរ សុំឲ្យគាត់ជួយវែកញែកឲ្យពួកខ្ញុំផង ហើយអាជ្ញាធរទីក្រុងគួរជួយសម្រេចខ្ញុំផងពួកខ្ញុំក្រីក្រណាស់»។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី វណ្ណ រើន និយាយថា ពួកគាត់រងភាពអយុត្តិធម៌ដោយសារអាជ្ញាធរ ខេត្តរំលោភយកដីធ្លីហើយមកដល់រាជធានីភ្នំពេញត្រូវអាជ្ញាធរក្រុងរំលោភសិទ្ធិថែមទៀត។

អ្នកស្រីបន្ថែម «កាលពីពលរដ្ឋតវ៉ា គេបានប្រើអំពើហិង្សារគេបានវាយបុរសអ្នកភូមិម្នាក់ហើម ហើយស្រ្តីមា្នក់រងរបួសស្រាល កាលនោះគេមានទាហាន ប៉េអឹម និយាយទៅចំរុះ គេទៅនោះ មិនមែនម្នាក់ពីរនាក់ទេគឺរាប់រយនាក់តែម្តង ពេលគេវាយគេតបពួកខ្ញុំក៏អត់ហ៊ានគឺពួកខ្ញុំគេដែរ ហើយគម្រាមថាប្រសិនបើពួកខ្ញុំហានចេញគេនឹងចាប់តំណាងរបស់ពួកខ្ញុំ»។

អ្នកស្រី វណ្ណ រើន បានអំពាវនាវសុំឲ្យស្ថាប័នពាក់ជួយដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ពួកគាត់ ឲ្យឆាប់ និងចេញប័ណ្ណកម្មសិទ្ធិ និងកុំឲ្យមានការរារាំងពេលពួកគាត់ស្វែងរកកិច្ចអន្តរាគមន៍ នៅតាមស្ថាប័នជាតិផងដែរ។

សន្តិសុខខណ្ឌដូនម្នាក់សុំមិនប្រាប់ឈ្មោះនិយាយថា អាជ្ញាធរមិនហាមឃាត់ការដាក់ញត្តិ របស់ពលរដ្ឋនោះទេ ប៉ុន្តែអាជ្ញាធរហាមមិនឲ្យពលរដ្ឋទាំងនោះដើរជាក្រុម ដោយថាដើម្បីរក្សារ សណ្តាប់ធ្នាប់ក្រុង។

លោកបន្ថែមថា «យើងឃាត់ពួកគាត់មិនឲ្យដើរ ប៉ុន្តែបើពួកគាត់ជិះកង់បីឲ្យទៅ ព្រោះគេមិនឲ្យ ពួកគាត់ដើរជាវ៉ូងទាំងកូនទាំងចៅអញ្ចឹងទេ ព្រោះរក្សាសណ្តាប់ធ្នាប់»។

ប្រធានរដ្ឋបាលស្រុកអន្លងវែង លោក​ ងួន លី​ន មានប្រសាសន៍ថា បច្ចុប្បន្នអាជ្ញាធរស្រុកអន្លង់វែងកំ ពុងឈូសឆាយដីចែកជាឡូៗជូនប្រជាពលរដ្ឋក្រីក្រហើយ។ ដោយឡែកលោកថាពលរដ្ឋដែល ឡើងមកនៅភ្នំពេញជាពលរដ្ឋចំណាកស្រុកទើបមករស់នៅក្រោយដែលអាជ្ញាធរមូលដ្ឋានមិនធ្លាប់ស្គាល់ពីមុនមកនោះទេ។

លោកបន្ថែមថា «យើងរៀបបែងចែកជូនពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ទទួលយករាល់ថ្ងៃ ដោយអ្នកចាប់ឆ្នោតមានឡូត្រឹមត្រូវនោះគាត់ធ្វើផ្ទះនៅគ្រប់គ្នាអស់ហើយ ដល់អ្នកដែលទាំង ប្តឹងបន្តនៅភ្នំពេញនោះខ្ញុំមិនដឹងខាងណាដែរខ្ញុំអត់យល់ដែរ ព្រោះអីពលរដ្ឋដែលចំនុចអស់ ហ្នឹងភាគច្រើនពួកគាត់សុទតែមកពីឆ្ងាយទាំងអស់»។

តែទោះជាយ៉ាងណាបើតាមញត្តិរបស់អ្នកភូមិឲ្យដឹងថា ពួកគេបានទៅរស់នៅលើដីមានជម្លោះ នោះតាំងឆ្នាំ២០០៦ ហើយដីទំនាស់នោះមាន ទំហំ៤៥៨ហិកតា ក្នុងនោះ​មានពលរដ្ឋសរុប១២២គ្រួសារ ដោយ១គ្រួសារមានដីចន្លោះពី២ ទៅ៤ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ