លិខិតមិត្តអ្នកអាន៖ បញ្ឈឺចិត្តរាស្ត្រឯង

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

មន្ត្រីកើតពីរាស្ត្រនិងរស់ដោយសារប្រាក់ខែរដ្ឋ ដែលបានពីចំណូលពន្ធ និងបង់ពន្ធដោយរាស្ត្រ​ទោះឋានៈណាក៏ដោយ។ មន្ត្រីគ្រប់គ្នាដែលរាស្ត្របោះឆ្នោតគាំទ្រឲ្យធ្វើជាអ្នកតំណាង ជា​ប្រមុខ​ដឹកនាំ ត្រូវតែបំពេញកាតព្វកិច្ចរាជការបម្រើរាស្ត្រវិញប្រកបដោយចំណេះដឹង សតិ​សម្បជញ្ញៈ មនសិការ ស្មោះត្រង់ និងយុត្តិធម៌។ តែផ្ទុយស្រឡះមន្ត្រីភាគ​ច្រើន​បែរ​ជា​អនុវត្ត​ផ្ទុយ​ពីកាតព្វកិច្ចខាងលើទៅវិញ។ មន្ត្រីខ្លះ បានឋានៈ បានតួនាទី ក៏ចាប់ផ្តើមឡើងទ្រើង សម្ញែងឬក បង្អួតរាង អួតក្អេងក្អាង សំដីថ្លោសដាក់រាស្ត្រ។ មន្ត្រីខ្លះ​បម្រើការងារ​មិនបាន​ដិតដល់ ហើយឆ្លៀតយកឋានៈ តួនាទីទៅរកស៊ីក្រៅ ប្រជែងនឹងអាជីវករ និងពាណិជ្ជករ ហើយ​ខ្លះ​ទៀតរំលោភយកដីរាស្ត្រទាំងបំពានដោយឥតអៀនខ្មាស។ ពេល​រាស្ត្រ​ប្តឹងទៅ​តុលាការ​កម្រ​​ឃើញទទួលបានយុត្តិធម៌ណាស់ បើទោះពួកគាត់ជាម្ចាស់កម្មសិទ្ធិពិតប្រាកដក៏ដោយ។

អ្នកប្រាជ្ញ បណ្ឌិត អ្នកស្នេហាជាតិ មានតាំងពីព្រះសង្ឃ តារាសម្តែង សកម្មជនបរិស្ថាន ប្រធានសហជីព អ្នកវិភាគសង្គម និងប្រជាជនសាមញ្ញ​បាន​ខិតខំយ៉ាង​សកម្ម​ដើម្បី​បម្រើ​ប្រយោជន៍​រួមបស់ជាតិ។ ទង្វើល្អប្រកបដោយធម៌ និងមនសិការរបស់ពួកគាត់ ធ្វើឲ្យ​ប្រជារាស្ត្រទូទៅគោរពស្រលាញ់ពួកគាត់អស់ពីចិត្ត។ រដ្ឋាភិបាលមិន​ត្រឹមតែ​មិនបានជួយ​គាំពារសុវត្ថិភាព និងផ្តល់តម្លៃដល់ការងាររបស់ពួកគាត់ប៉ុណ្ណោះទេ​ បែជាបណ្តែតបណ្តោយ​ឱ្យពួកជនទុច្ចរិតបាញ់ប្រហារពួកគាត់ទាំងកណ្តាលថ្ងៃចែស ដោយឥតខ្លាច​ញញើតច្បាប់​បន្តិចសោះឡើយ។ ហើយនៅពេលពួកគាត់រងនូវអំពើឃាតកម្មពីពួកឧក្រិដ្ឋជន អជ្ញាធរ​រដ្ឋាភិបាល​មិនដែលរកមុខឃាតករពិតឃើញឡើយ រីឯតុលាការក៏​មិនបានផ្តល់​ភាពយុត្តិធម៌​ដល់ជន​រងគ្រោះនិងគ្រួសារជនរងគ្រោះដែរ។ ​ការបង្កភាពអយុត្តិធម៌​នៅផ្ទាល់នឹង​ភ្នែកម្តង​ហើយ​ម្តងទៀតដដែលជាដដែល ធ្វើឱ្យ  គ្រួសារ សាច់ញាតិ មិត្តភក្តិ និង​សាធារណជន​ទូទៅ​ឈឺចាប់ហួសថ្លែង។

បន្ថែមលើសនេះ មនុស្សស្អាតស្អំដែលធ្លាប់ជួយប្រជាពលរដ្ឋ រួមមានសកម្មជនដីធ្លី មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និងមន្ត្រីអង្គការសហប្រជាជាតិ ត្រូវបានតុលាការផ្តន្ទាទោស​យ៉ាង​អយុត្តិធមម៌បំផុត។ បើទោះជាប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល អង្គការជាតិ អង្គការអន្តរជាតិ និង​រហូតដល់អង្គការសហប្រជាជាតិ ដែលជាអង្គការកំពូលរបស់ពិភពលោក ទាមទារឱ្យ​ដោះលែង​អ្នកជាប់ឃុំមនសិការទាំងអស់នោះចេញវិញក៏ដោយ ក៏រដ្ឋាភិបាល​និងតុលាការ​កម្ពុជា​មិនខ្ចីស្តាប់និងអនុវត្តតាមឡើយ។ ទង្វើផ្គើន​របស់​រដ្ឋាភិបាល​និង​តុលាការ​ធ្វើ​ប្រជាពលរដ្ឋ​ទូទៅរឹតតែឈឺចាប់បន្ថែមទៀត។

រាស្ត្រឈឺណាស់ ឈឺរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំជាប្រចាំ គឺឈឺដោយសារការរងនូវអំពើអយុត្តិធម៌ ពីពួកមន្ត្រីអសមត្ថភាព មន្ត្រីទុច្ចរិត និងមន្ត្រីពុករលួយ។ តើនៅ​ដើម្បីបញ្ឈឺ​ចិត្តរាស្ត្រ​ដល់ណា​ទៀត? រាល់ថ្ងៃរាស្ត្រ​រស់បៀមការឈឺចាប់នេះ ទុកក្នុងទ្រូងគឺបន់ឱ្យតែដល់ថ្ងៃបោះឆ្នោតទេ នឹង​អាលទៅបោះឆ្នោតព្យាបាលការឈឺចាប់នេះចេញពីទ្រូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ