ការឃោសនាបោះឆ្នោតបីថ្ងៃ គ.ជ.ប ថាទទួលបាន១បណ្តឹងពីគណបក្សនយោបាយ

បក្សនយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

មន្ត្រីជាន់ខ្ពស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា រយៈពេលបីថ្ងៃនៃការឃោសនាបោះឆ្នោតឃុំសង្កាត់ គ.ជ.ប ទើបទទួលបាន១បណ្តឹងនៅខេត្តតាកែវ ដែលសកម្មជនគណបក្សប្រជាជនកម្ពុជាបឹ្ដងគណបក្សសង្គ្រោះជាតិ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ពាក្យបណ្តឹងនោះ សកម្មជនគណបក្សប្រជាជនកម្ពុជា បានបឹ្ដង បក្សសង្គ្រោះជាតិ ដោយចោទថា សកម្មជន​បក្ស​ប្រឆាំង​បាន​រារាំង​សកម្មភាព​ឃោសនា​របស់​ពួកគេ ប៉ុន្តែមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិបានប្ដឹងបកទៅលើគណបក្សប្រជាជនវិញ។ លោកបន្តថា ពាក់ព័ន្ធបណ្តឹងនេះ  គណៈកម្មការខេត្តរៀបចំការបោះឆ្នោត កំពុងធ្វើការដោះស្រាយ ប៉ុន្តែលោកថា ចំពោះករណីមិនមានបញ្ហាអ្វីធំនោះទេ។

លោកថា «លូវហ្នឹងពាក្យបណ្ដឹង​របស់គណបក្សទាំងពីរ មិនបានសះជានៅថ្នាក់ឃុំសង្កាត់ទេចឹងបានឡើងមកគណៈកម្មការខេត្តតាកែវ រៀបចំការបោះឆ្នោតហើយ គ.ជ.ប តាមឋានានុក្រមគឺជាបន្ទុកនិងការទទួលខុសត្រូវដោះស្រាយបណ្ដឹងរបស់គណៈកម្មាការខេត្តតាកែវ រៀបចំការបោះឆ្នោត អត់ទាន់មកដល់គ.ជ.បទេ»។

យ៉ាងណាក៏ដោយ សម្រាប់គណបក្សនយោបាយវិញ លើកឡើងប្រហាក់ហែលគ្នា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបីថ្ងៃមកនេះ ​ មិនទាន់មានបញ្ហាអ្វីធំកើតឡើងនោះទេ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការឃោសនាបោះឆ្នោត មិនទាន់មានបញ្ហអ្វីកើតឡើងជាដុំកំភួននោះទេ។

លោកថា «មិនមានបញ្ហាគួរកត់សម្គាល់នោះទេ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតមានដំណើរការល្អ  ដោយស្របទៅតាមការចង់បានរបស់សហរដ្ឋអាមេរិកផងដែរ។ លោកបន្តថា ក្នុងរយៈពេលបីថ្ងៃនេះកន្លងមក គឺមានថ្ងៃដំបូងនៅខេត្តតាកែវ  ដែលសកម្មជនគណបក្សសង្គ្រោះជាតិបានឈររារាំងការហែក្បួនរបស់គណបក្សប្រជាជន។

លោកថា «ខ្ញុំសំណូមឲ្យគ្រប់គណបក្សនយោបាយប្រកួតប្រជែងគឺត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌នីតិវិធីនឹងគោលការណ៍ដែលមានចែងរបស់គ.ជ.ប​​ជាពិសេសធ្វើឲ្យបានត្រឹមត្រូវទៅតាមបទបញ្ញត្តិមានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នោះយើងអាចធានាបាននៅបរិយាកាសនយោបាយល្អសម្រាប់ផលប្រយោជន៍ទាំងអស់គ្នា គឺឆ្ពោះទៅការបោះឆ្នោតទទួលដោយជោគជ័យ»។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ សកម្មជន​បក្ស​កាន់​អំណាច​នៅ​ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវបាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ គ.ជ.ប. ប្ដឹងសកម្មជន​បក្ស​ប្រឆាំងលោក កែវ អ៊ាត និង​សកម្មជន​​១៥​នាក់​ទៀត ដោយ​ចោទ​សកម្មជន​ប្រឆាំងបានរារាំងការហែក្បួនរបស់ពួកគេ។ នៅក្នុងពាក្យបណ្ដឹងសកម្មជន​បក្ស​កាន់​អំណាច ទាម​ទារ​សំណង​ខូច​ខាត ២០​លាន​រៀល​ក្នុង​ម្នាក់ៗ ទាមទារ​ឲ្យ​ផ្ដន្ទា​ទោស​ក្រុម​សកម្មជន​បក្ស​ប្រឆាំង និង​ប្ដឹង​ឲ្យ​លុប​ឈ្មោះ​លោក កែវ អ៊ាត និង​សកម្មជន​ដទៃ​ទៀត ពី​បញ្ជី​បោះឆ្នោត។ ប៉ុន្តែសកម្មជនបក្សប្រឆាំងបានប្តឹងបកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ