រដ្ឋាភិបាលបង្កើតគណៈកម្មការសិក្សាកម្ទេចសារធាតុអាវុធគីមីកាកសំណល់សង្រ្គាម

រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការមួយដើម្បីរៀបចំនីតិវិធីបំផ្លាញចោលសារធាតុអាវុធគីមីកាកសំណល់ដែលសល់ពីសង្រ្គាម។

នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី៩ ខែឧសភា គណៈកម្មការបំផ្លាញនេះមានភារកិច្ចរៀបចំនីតិវិធីបំផ្លាញចោលនូវអាវុធគីមីដែលបានរកឃើញនៅក្នុងភូមិសាស្រ្ត ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី និងអាវុធគីមី ជីវសាស្រ្តវិទ្យុសកម្ម នុយក្លេអ៊ែរ និងសារធាតុផ្សំនៃអាវុធទាំងអស់នោះនៅក្នុងតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

គណៈកម្មការនេះក៏មានភារកិច្ចទំនាក់ទំនងជាមួយប្រទេសសាមីនិងអង្គការអន្តរជាតិនានាដែលពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយនិងវិធីសាស្រ្តបំផ្លាញតាមគោលការណ៍សុវត្ថិភាព សន្តិសុខ និងបរិស្ថាន។

គណៈកម្មការនោះមានលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិជាប្រធាននិងអនុប្រធានរួមមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋលេខាធិការក្រសួងការបរទេសនិងជាប្រធានអាជ្ញាធរជាតិអាវុធគីមី លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលនិងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី លោក អ៊ិត ប្រាំង និងរដ្ឋេលខាធិការក្រសួងយុត្តិធម៌និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី លោក ព្រហ្ម សិទ្ធត្រា។ អភិបាលខេត្តមណ្ឌលគីរី ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងតែ្រងនិងរតនគិរី ជាសមាជិកនៃគណៈកម្មការនេះ។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ប្រាប់វីអូឌីនៅថ្ងៃពុធនេះថារហូតមកដល់ពេលនេះមិនទាន់មានកិច្ចប្រជុំណាមួយដើម្បីសម្រេចពីនីតិវិធីនៃការកម្ទេចនិងកំណត់ថ្ងៃនៃការកម្ទេចបំផ្លាញនៅឡើយទេ។ លោកបញ្ជាក់ថាកាលពីពីរបីខែមុន នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ក្រុមជំនាញបានរកឃើញធុងជ័រមួយចំណុះប្រមាណ២០០លីត្រដែលក្នុងធុងមានសារធាតុគីមីជាម្សៅជាង១០គីឡូក្រាម។

លោកបន្តថាធុងទាំងនោះជាធុងចាស់ ច្រេះចាប់ ធ្លុះធ្លាយ បន្សល់តាំងពីសម័យសង្រ្គាម ហើយត្រូវបានប្រទះឃើញក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកបញ្ជាក់ថាអាជ្ញាធរខេត្តក៏បានរកឃើញធុងស្រដៀងគ្នានេះនៅចំណុច១០កន្លែងផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិរី តែមិនមានសារធាតុម្សៅគីមីនៅក្នុងធុងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ