រដ្ឋាភិបាលសម្រេច​មិនដាក់ឈ្មោះលោក ហ៊ុន សែន នៅខ្លោងទ្វារច្រកចូលឆ្នេរអូរឈើទាល

(រូបថតបង្ហោះលើ​ហ្វេសប៊ុក​របស់​លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ កាលពីថ្ងៃ​ចន្ទ​)

រដ្ឋាភិបាលបានប្រកាសជំហរថានឹងរក្សាឈ្មោះឆ្នេរអូរឈើទាលឲ្យនៅដដែល ដោយមិនប្តូរឈ្មោះនៅខ្លោងទ្វារច្រកចូលថា ឆ្នេរសមុទ្រសម្តេចតេជោសែនដូចការលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ។

ការប្រកាសជំហរនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុក នៅពេលគេឃើញហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានបង្ហោះរូបភាពឆ្នេរនិងមានសរសេរជាអក្សរថា “ឆេ្នរសមុទ្រខេត្តព្រះសីហនុនឹងចាប់ផើ្តមសាងសង់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ និងជាបន្តបនា្ទប់ ដោយមានការចូលរួមពីប្រជាពលរដ្ឋនិងសប្បុរសជនក្នុងប្រទេស“។ ចំណែកក្នុងរូបភាពប្លង់មានសរសេរជាអក្សរថា ខ្លោងទ្វារច្រកចូល “ឆ្នេរសមុទ្រសម្តេចតេជោសែន” ។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធនេះថា រដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គណៈកម្មការធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុ ពុំមានផែនការ កែប្រែឈ្មោះឆ្នេរអូរឈើទាល ទៅឈ្មោះ ឆ្នេរសមុទ្រសម្តេចតេជោសែនដូចការលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ ដោយថាអ្នកលើកឡើងនោះធ្វើដោយមានការយល់ច្រលំ។

យ៉ាងណាក៏ដោយអ្នកលេងហ្វេសប៊ុកដែលមានProfile ឈ្មោះ ហៃ វណ្ណា បានកត់សំគាល់ថា កាលពីថ្ងៃអង្គារម្សិលមិញលោកបានរក្សាទុក(Save)រូបភាពដែលលោក ជា សុផារ៉ា បង្ហោះថា “ខ្លោងច្រកចូលឆ្នេរសមុទ្រសម្តេចតេជោសែន។ ប៉ុន្តែនៅថ្ងៃពុធនេះលោកសរសេរបង្ហោះលើPageរបស់ខ្លួនថាមិនឃើញរូបភាពនោះទេ៖ “រូបភាពទី១ និង រូបភាពទី២ ដែលលោកបានសេវ(Save)ពីទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ា តែឥឡូវរូបភាពទី១ខ្ញុំចូលទៅរកម្ដងទៀតតែអត់ឃើញ?ហេតុអ្វី?”។

រីឯកូនប្រុសលោកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានិត បានសរសេរនៅលើហ្វេសប៊ុករបស់លោកជាភាសាអង់គ្លេសដែលមានន័យថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលឮមិត្តភ័ក្តិនិយាយថា មានការដូចឈ្មោះ ឆ្នេរអូរឈើទាល។ លោកថា លោកមិនគំាទ្រឲ្យមានការដូរឈ្មោះទេ ដោយលោកថាតំាងពីតូចរហូតដល់បច្ចុប្បន្ននេះ លោកស្គាល់តែឈ្មោះឆ្នេរអូរឈើទាល។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី មានប្រសាសន៍ថាការប្តូរជំហររដ្ឋាភិបាល ទំនងជៀសវាងកុំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ អាចធ្វើឲ្យនាយករដ្ឋមន្ត្រីបាត់បង់ប្រជាប្រិយភាព។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកឡើងថារដ្ឋាភិបាលកម្ពុជា សម្រេចយកដីឆ្នេរសាធារណៈមកគ្រប់គ្រង ខណៈមានជនឆ្លៀតឱកាសយកដីតំបន់ឆ្នេរធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

មុនមានការសម្រេចបែបនេះតំបន់ឆ្នេរមួយចំនួននៃខេត្តព្រះសីហនុដែលគ្រប់គ្រងដោយឯកជនពុំអនុញ្ញាតឲ្យសាធារណជនទូទៅចូលលំហែបានទេ ទុកសម្រាប់តែអតិថិជនរបស់គេប៉ុណ្ណោះ ហើយឆ្នេរខ្លះទៀតត្រូវគេព័ទ្ធរបងទុកចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ