ពលរដ្ឋជិត២០០នាក់ទាមទារឲ្យទម្លាក់បទចោទលើតំណាងក្នុងរឿងជម្លោះដីនៅព្រះវិហារ

អ្នកមានជម្លោះដីធ្លីនៅខេត្ដព្រះវិហារ (ដោយ បូ សាវី)

អ្នកមានជម្លោះដីធ្លីជិត២០០នាក់នៅខេត្ដព្រះវិហារបានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការខេត្ដនេះដោយទាមទារឲ្យទម្លាក់បទចោទលើតំណាងពួកគេ៥នាក់ ខណៈតុលាការកោះហៅសាកសួរពាក់ព័ន្ធរឿងជម្លោះដីសហគមន៍កប់ខ្មោច នៅស្រុកសង្គមថ្មី។

ពលរដ្ឋដែលត្រូវតុលាការហៅសាកសួរនោះរស់នៅឃុំរអាង ស្រុកសង្គមថ្មី លោក ឆាយ ចាន់រ៉ា ប្រាប់VODថា តំណាងអ្នកភូមិចំនួន២នាក់ត្រូវតុលាការខេត្ដព្រះវិហារកោះហៅសាកសួរនៅរសៀលថ្ងៃពុធនេះនិងថ្ងៃស្អែកចំនួនបីនាក់បន្ថែមទៀត ប៉ុន្ដែអ្នកភូមិជិត២០០នាក់បានប្រមូលផ្ដុំគ្នាទាមទារឲ្យតុលាការទម្លាក់បទចោទលើតំណាងពួកគេទាំងនោះ។ លោកបន្ដថា តុលាការបានចោទតំណាងពលរដ្ឋពីបទបំផ្លាញអចលនៈវត្ថុអ្នកដទៃតាមបណ្ដឹងក្រុមឈ្មួញទិញដីឈ្មោះ អ៊ុំ វណ្ណា។ ប៉ុន្តែលោក ឆាយ ចាន់រ៉ា អះអាងថាការបំផ្លាញទ្រព្យសម្បត្ដិនេះ ដោយសារឈ្មួញដីនោះឈូសឆាយរំលោភយកដីកប់ខ្មោចរបស់អ្នកភូមិ។ លោកបន្ដថា៖ “គេឈូសឆាយយកដីដាក់ឃ្លាំងល្ងរដល់ពេលយើងខ្ញុំទាំងអស់គ្នាមិនសុខចិត្ដគេធ្វើរៀងនាំគ្នារុះរោងចេញរុញរោងបានប្រហែល១សប្ដាហ៍មកគេធ្វើរបងព័ទ្ធលួស ពួកខ្ញុំរុះរោងចេញហើយគេឲ្យសង់បង្គោលរបងគេ គេចោទយើងខ្ញុំថាបំផ្លាញអចលនៈវត្ថុគេបង

តំណាងអ្នកភូមិមួយរូបទៀតដែលមានវ័យជាង៥០ឆ្នាំលោក ជ្រូក ចាន់ធី ឲ្យដឹងថាដីសហគមន៍សម្រាប់កប់ខ្មោចជាង៧ហិកតា ត្រូវបានឈ្មោះអ៊ុំ វណ្ណា យកលក់ឲ្យឈ្មួញ ខណៈដែលដីនោះអ្នកភូមិទុកជាសម្បត្ដិរួមតាំងពីដូនតា។ លោកបន្ដថា ពួកគេបានស្វែងរកអន្ដរាគមន៍ពីអាជ្ញាធរឃុំ-ស្រុក ប៉ុន្ដែគ្មានស្ថាប័នណាដោះស្រាយឡើយ។ ផ្ទុយទៅវិញលោកថាបែជាតុលាការចោទប្រកាន់ពួកគាត់។ លោកបញ្ជាក់ថាពលរដ្ឋពីរភូមិបារម្ភខ្លាចអស់ដីកប់ខ្មោច ទើបពួកគេបំផ្លាញទ្រព្យសម្បត្ដិដែលសាងសង់លើដីជម្លោះនោះ។ លោកបន្ដថា៖ “គេសួរខ្ញុំទៅ ខ្ញុំឆ្លើយថា ប្រជាជនធ្វើសាក្សីមិនមែនខ្ញុំទាមទារសម្រាប់បុគ្គលតែ៥នាក់ទេដើម្បីយកដីហ្នឹងធ្វើជាសមូហភាពទាំងអស់គ្នា គឺសហគមន៍ភូមិស្ទឹងនៅភូមិផ្នារ ព្រោះដីសមូហភាពហេតុអីហៅប្រាំ-ប្រាំមួយនាក់មក

ករណីនេះចៅក្រមស៊ើបសួរនៃតុលាការខេត្ដព្រះវិហារលោក សាយ ណូរិទ្ធ មានប្រសាសន៍ថារឿងនេះមិនទាន់សម្រេចយ៉ាងណាទេ។

អ្នកសម្របសម្រួលសមាគមអាដហុកខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថាតាមការស៊ើបអង្គេតកន្លងមកពលរដ្ឋចំនួនពីរភូមិមានភូមិស្ទឹងនិងភូមិផ្នារ ពួកគេបានប្រើប្រាស់ដីនោះជាសម្បត្ដិរួមតាំងពីដូនតាមក ប៉ុន្ដែកើតមានជម្លោះនៅពាក់កណ្ដាលឆ្នាំ២០១៥។ លោកបន្ដថាអាជ្ញាធរគ្មានឆន្ទៈដោះស្រាយ ដោយសារមន្ដ្រីទាំងនោះបានឃុបឃិតគ្នាចេញលិខិតទទួលស្គាល់ឲ្យក្រុមឈ្មួញកាន់កាប់ ទើបពលរដ្ឋត្រូវបានតុលាការកោះហៅសាកសួរ។ លោកជុំរុញឲ្យស្ថាប័នតុលាការពិចារណាទម្លាក់បទចោទទៅលើតំណាងអ្នកភូមិទាំងនោះ។

ប៉ុន្តែអភិបាលស្រុកសង្គមថ្មី លោក រស់ ហេង មានប្រសាសន៍ទទួលថាឈ្មោះអ៊ុំ វណ្ណា ពិតជាបានសាងសង់លើដីសហគមន៍នោះ ដែលលោកថាអាជ្ញាធរឃុំចុះហត្ថលេខាទទួលស្គាល់។ លោកអះអាងថា លោកបានសម្របសម្រួលទាំងពីរភាគី ប៉ុន្ដែពួកគេមិនព្រមទើបឈ្មោះ អ៊ុំ វណ្ណា ប្ដឹងពីបទបំផ្លាញទ្រព្យសមត្បត្ដិអ្នកដទៃ។ លោកបន្ថែមថា លោកចង់ឲ្យមានដំណោះស្រាយដែរ ប៉ុន្ដែរឿងដល់ដៃតុលាការហើយ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ