លោកនាយករដ្ឋមន្ត្រីត្រូវផាកពិន័យក្រោយជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព

លោកនាយក​រដ្ឋមន្ត្រីជិះម៉ូតូឌុប​បុរសម្នាក់ដែលជាអ្នក​រត់ម៉ូតូ​ឌុប ក្នុងស្រុក​ស្រែអំបិល (រូបភាព៖ ហ្វេសប៊ុកលោកនាយក​រដ្ឋមន្ត្រី)

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង បានផាកពិន័យលោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងបុរសម្នាក់ទៀតក្នុងអំពើល្មើសចរាចរណ៍ជិះម៉ូតូមិនបានពាក់មួយកសុវត្ថិភាព និងគ្មានផ្លាកលេខ។

ក្នុងបង្កាន់ដៃ ផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លោក ស៊ុន ណែម បានពិន័យលោក នាយករដ្ឋមន្ត្រីចំនួន១៥០០០រៀល និងបានឲ្យលោកបង់ប្រាក់ពិន័យនេះនៅក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរទៅគោរវិញ្ញាណក្ខន្ធលោក សាយ ភូថង មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តត្រាតប្រទេសថៃ និងបានឆ្លងកាត់ស្ពានស្រែអំបិល ខេត្តកោះកុងនៅថ្ងៃទី១៨ ខែមិថុនា លោកបានជួប និងចុះជិះម៉ូតូជាមួយបុរសម្នាក់ដែលលោកថាជាអ្នករត់ម៉ូតូឌុប។ នៅពេលនោះលោក នាយករដ្ឋមន្ត្រី ជាអ្នកបើកម៉ូតូ ចំណែកម្ចាស់ម៉ូតូជាអ្នកជិះពីក្រោយ  ហើយអ្នកទាំងពីរមិនបានពាក់មួកសុវត្ថិភាពនោះទេ រីឯម៉ូតូទៀតសោតក៏គ្មានផ្លាកលេខដែរ។

ជាការឆ្លើយតបនឹងការផាកពិន័យនេះ លោកនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២២ ខែមិថុនា បានសរសេរលើទំព័រហ្វេសប៊ុកលោកថាលោកនឹងបង់ប្រាក់ផាកពិន័យនេះ និងថាលោកក៏បង់ប្រាក់ផាកពិន័យជំនួសម្ចាស់ម៉ូតូផងដែរ។

លោកសរសេរទៀតថា ៖ ខ្ញុំបានដឹងជាមុនហើយថា បើទោះបីខ្ញុំសុំអភ័យទោសជាសាធារណៈហើយក៏ដោយ ក៏នគរបាលនៅតែផាកពិន័យខ្ញុំដដែល ព្រោះខ្ញុំបានសាងនូវកំហុសរួចស្រេចទៅហើយ…ខ្ញុំទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ប្អូនម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជាកំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ ដើម្បីសម្រាលនូវការលំបាករបស់គាត់ និងទុកលទ្ធភាពឱ្យគាត់ទៅធ្វើផ្លាកលេខ”។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ថា អភ័យឯកសិទ្ធិសភា ឬនាយករដ្ឋមន្ត្រីរបស់លោក មិនអាចជួយលោកឲ្យរួចផុតពីការផាកពិន័យពីមន្ត្រីនគរបាលចរាចរណ៍បានទេ។ លោកនាយករដ្ឋមន្ត្រី ក៏អំពាវនាវសុំកុំឲ្យអ្នកគាំទ្ររូបលោកថ្នាំងថ្នាក់នឹងមន្ត្រីនគរបាលចរាចរណ៍ដែលពិន័យរូបលោក ហើយលោកថាមន្ត្រីរូបនោះគួរតែត្រូវបានលើកទឹកចិត្ត និងយកគំរូតាមក្នុងការអនុវត្តច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ក្នុងពិធីចែកសញ្ញាបត្រឲ្យសិស្សសាលាភូមិន្ទរដ្ឋបាល លោកនាយករដ្ឋមន្ត្រីបានថ្លែងសុំទោសជាសាធារណៈចំពោះការដែលលោកជិះម៉ូតូដោយមិនបានពាក់មួកសុវត្ថិភាពនេះផងដែរ។ លោកក៏បានបានអះអាងថា បើសិនជាមានការផាកពិន័យលោកសុខចិត្តទទួលយកការផាកពិន័យនោះពីមន្ត្រីនគរបាលចរាចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ