ការ​ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០១៦នឹងចាប់ផ្តើមនៅខែក្រោយ

រដ្ឋាភិបាលបានប្រកាសថាការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦ នឹងចាប់ផ្តើមអនុវត្តនៅដើមខែក្រោយនេះ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី១៦ ខែមិថុនា បានឲ្យដឹងថាការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទត្រូវទៅបង់ប្រាក់ពន្ធនេះនៅតាមសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធានាគារកាណាឌីយ៉ា ក.អ ឬធនាគារអេស៊ីលីដា។ អ្នកបង់ពន្ធត្រូវយកប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទដោយមិនបាច់ដាក់លិខិតប្រកាសបង់ពន្ធ។ ករណីបាត់ប័ណ្ណនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យស្នើសុំបោះពុម្ពប័ណ្ណបង់ពន្ធសាជាថ្មីនៅសាខាពន្ធដារខេត្ត-ខណ្ឌឬនៅសាខាណាមួយនៃធនាគារទំាងពីរខាងលើ ដោយបង់កម្រៃសេវា៥០០០រៀល។

ដោយឡែកបើម្ចាស់យានយន្តដែលមិនមានប័ណ្ណសម្គាល់ការបង់ពន្ធទេ ម្ចាស់យានយន្តត្រូវបំពេញនិងដាក់លិខិតប្រកាសបង់ពន្ធចំនួន២សន្លឹកតាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារដោយភា្ជប់មកជាមួយឯកសារបង់ពន្ធឆ្នាំ២០១៥។

ករណីបាត់ឯកសារបង់ពន្ធនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យសុំលិខិតបញ្ជាក់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដើម្បីប្រើប្រាស់ក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦។

សេចក្តីប្រកាសបន្តថាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារនឹងចុះត្រួតពិនិត្យពីការប្រកាសបង់ពន្ធនេះនិងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះទំាងឡាយណាដែលមិនបានប្រកាសបង់ពន្ធតាមកាលកំណត់ខាងលើ។

ទោះជាបែបនេះក្តីនៅឆ្នាំ២០១៦នេះរាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ម៉ូតូផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ