ពលរដ្ឋសុំឲ្យអភិបាលរាជធានីភ្នំពេញថី្មបញ្ចប់វិវាទដីធ្លីដើម្បីសន្លឹកឆ្នោត២០១៨

អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ

អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ ដែលមិនទាន់ទទួលបានសំណង ជំរុញឲ្យអភិបាលរាជធានីភ្នំពេញដែលនឹងត្រូវចូលកាន់តំណែងថ្មី គឺលោក ឃួង ស្រេង ដោះស្រាយបញ្ចប់វិវាទដីធ្លីឲ្យអស់ដើម្បីសន្លឹកឆ្នោតឆ្នាំ២០១៨។

ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ៣០នាក់មកពី៤សហគមន៍ក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះប្រមូលផ្តុំគ្នាមុខខុទ្ទកាល័យនាយករដ្ឋមន្រ្តីជាថ្មីទៀត ដើម្បីតាមដានញត្តិរបស់ពួកគេដែល ដាក់សុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីពេលកន្លងមក។ ខណៈពេលកំពុងជួបជុំគ្នាពលរដ្ឋទាំងនោះអំពាវនាវឲ្យលោក ឃួង ស្រេង ដោះស្រាយបញ្ចប់ ជម្លោះដីធ្លីរបស់ពួកគេឲ្យបានឆាប់និងមានតម្លាភាព ដោយថាដើម្បីទាក់ទាញសន្លឹកឆ្នោត២០១៨។

តំណាងពលរដ្ឋ៧គ្រួសារនៅសហគមន៍បឹងកក់ដែលមិនទាន់ទទួលបានសំណង គឺអ្នកស្រី ហុង សុខេង ឲ្យដឹងថា ពួកគាត់៧គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីនជាង១០ឆ្នាំ ដោយឆ្លងកាត់អភិបាលក្រុងចំនួន២នាក់ហើយ រហូតមកដល់ពេលនេះ ប៉ុន្តែនៅតែពុំទាន់មានដំណោះស្រាយ។

អ្នកស្រីបន្ថែមថា «សម្តេច ហេង សំរិន សញ្ញេឲ្យខ្ញុំ លោក សុខ ឥសាន ក៏បានសញ្ញេឲ្យពួកខ្ញុំ ហេតុអីពួកគាត់(អភិបាលក្រុងចាស់ កែប ជុតិមា និង ប៉ា សុជាតិវង្ស)មិនដោះស្រាយឲ្យពួកខ្ញុំ អញ្ចឹងពួកខ្ញុំនូវតែតស៊ូមតិចឹង ខ្ញុំអត់ឈប់ទេ ព្រោះគាត់ធ្វើមន្រ្តីថ្នាក់ក្រោមគាត់បំរើរាស្រ្ត ហើយបើសិនគាត់មិនដោះស្រាយឲ្យរាស្រ្ត បានន័យថាគាត់មិនបំរើរាស្រ្ត គាត់បំរើចោរ អញ្ចឹងខ្ញុំសូមសំណូមពរទៅសម្តេចនាយករដ្ឋមន្រ្តី បើមន្រ្តីថ្នាក់ក្រោមមិនបម្រើរាស្រ្ត គឺអ្នកឯងបំផ្លាញបក្ស បើបម្រើរាស្រ្ត អ្នកឯងជួយបក្ស ហើយពួកខ្ញុំក៏មិនទាមទារអីហួសគោលការណ៍ដែរ បើតាមអនុក្រឹត្ស១២.៤៤ហិកតារបស់នាយករដ្ឋ គឺពួកខ្ញុំបានដីគ្រប់ គឺអត់បាតម៉ាតិកដែរហើយពេលប្តូរចៅវាយក្រុងថ្មីពួកខ្ញុំ ចុះឲ្យដល់៥៣%ហើយហេតុអីមិនដោះឲ្យពួកខ្ញុំ ហេតុអីនៅតែគំនាបមកទៀត»

ពលរដ្ឋអតីតបឹងកក់អ្នកស្រី ស៊ា ណារ៉េត និយាយថា ជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមស៊ូកាគូអ៊ីនក្នុងតំបន់បឹងកក់បានធ្វើឲ្យពួកគាត់លំបាកវេទនានិងបង្ខំចិត្តទទួលសំណងទាំងបង្ខំ ដោយថាអភិបាលក្រុងចាស់ទាំងពីរ គឺលោក កែប ជុតិមា និងលោក ប៉ា សុជាតិវង្ស មិនបានដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋឲ្យមានម្លាភាពនោះទេ។ អ្នកស្រីសង្ឃឹមលើលោក  ឃួង ស្រេង ដែលត្រូវឡើងកាន់តំណែងថ្មីនឹងដោះស្រាយមានតម្លាភាពជូនពួកគាត់។

អ្នកស្រីបន្ថែមថា «អភិបាលក្រុងលោក ប៉ា សុជាតិវង្ស គាត់ព្យាយាមធ្វើបាបប្រជាពលរដ្ឋ យកដីនេះទៅឲ្យបក្សពួកគ្នាគាត់មួយក្តាប់តូច គាត់មិនព្យាយាមដោះឲ្យពលរដ្ឋទេ បើគាត់ព្យាយាមដោះ ពលរដ្ឋនឹងបានគ្រប់ចំនួនហើយមិនដើរតវ៉ារញ៉េរញៃ ហើយខ្ញុំសុំលើកពីគុណសម្បត្តិពីឯកឧត្តម ឃួង ស្រេង ដែលគាត់ទើបឡើងអភិបាលក្រុងថ្មី សុំគាត់កុំយកគំរូតាមលោក ប៉ា សុជាតិវង្ស សន្យាខ្យល់ជាមួយពលរដ្ឋគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន អញ្ចឹងបានជាគាត់ធ្លាក់អាណត្តិហ្នឹង ហើយពេលឯកឧត្តមឡើងថ្មីនេះ ពួកខ្ញុំនឹងសង្ឃឹមបានដំណោះស្រាយ»

ពលរដ្ឋម្នាក់ទៀតមកពីសហគមន៍បុរីកីឡាអ្នកស្រី ង៉ូវ ណារី ឲ្យដឹងថា នៅសហគមន៍នោះមានពលរដ្ឋប្រមាណជិត១០០គ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយ ដោយពលរដ្ឋខ្លះកំពុងស្នាក់នៅលើអាគារចាស់និងខ្លះទៀតស្នាក់នៅផ្ទះបងប្អូន។

អ្នកស្រីអំពាវនាវសុំលោក ឃួង ស្រេង ដោះស្រាយវិវាទដីធ្លីតាមសហគមន៍នានាក្នុងរាជធានីភ្នំពេញឲ្យបានចប់ដើម្បី ទាក់ទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។

អ្នកស្រីបន្ថែម «ឥលូវពួកខ្ញុំសង្ឃឹមលើឯកឧត្តម ឃួង ស្រេង ម្តងទៀតតើការរំពឹងទុករបស់ខ្ញុំនេះ លើឯកឧត្តម ឃួង ស្រេង នេះតើគាត់ដោះស្រាយមានតម្លាភាពឬមួយគាត់ចង់បានសន្លឹកឆ្នោតឬទេសម្រាប់ឆ្នាំ២០១៨ គួរណាតែគាត់យោគយល់ដល់ពួកខ្ញុំជាម្ចាស់ឆ្នោតផង កុំធ្វើឲ្យពួកខ្ញុំវេទនាពេក អញ្ចឹងខ្ញុំសង្ឃឹមលើឯកឧត្តមហើយ ខ្ញុំផ្តាំតាមសារព័ត៌មាននេះ សុំឲ្យឯកឧត្តមធ្វើម៉េចកុំដើរតាមកន្លងចាស់លោក កែប ជុតិមា លោក ប៉ាសុជាតិវង្ស និងលោក មាន យ៉ាដា ទៀត ព្រោះពួកនេះធ្វើឲ្យពូកខ្ញុំវេទនាច្រើនឆ្នាំហើយ»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញកំពុងធ្វើការដោះស្រាយបញ្ចប់និងបានដោះស្រាយចប់នៅសហគមន៍មួយចំនួនហើយ ដូចបុរីកីឡានិងបឹងកក់ ប៉ុន្តែលោកថា ពលរដ្ឋខ្លួនឯងទេដែលមិនព្រមមកទទួលយកសំណងតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ។

លោកបន្ថែមថា «បើនិយាយពីការដោះស្រាយ យើងអាចនិយាយបានថា យើងដោះស្រាយបានទាំងអស់ហើយ យើងបានដោះស្រាយទាំងអស់ដោយសារតែយើងបានបិទបញ្ចប់នៃការដោះស្រាយ ហើយសម្រាប់ពួកគាត់ដែលកំពុងតែដើរតវ៉ានោះ ក៏យើងមានការផ្តល់ជូននូវគោលនយោបាយនៃការដោះស្រាយរួចទៅហើយសំខាន់បងប្អូនយើងមកទទួលឬមិនទទួលប៉ុណ្ណឹងទេ អញ្ចឹងយើងគ្មានអ្វីផ្សេងទេសម្រាប់ការដោះស្រាយជូនពួកគាត់ អញ្ចឹងមានតែអំពាវនាវឲ្យពួកគាត់អញ្ជើញមកទទួលឲ្យបានឆាប់ទៅជៀសវាងទុកយូរធ្វើឲ្យខាតបង់ជាប្រយោជន៍ផ្ទាល់ខ្លួនពួកគាត់»

បើតាមក្រុមពលរដ្ឋឲ្យដឹងថា ពួកគេមិនអាចទទួលយកដំណោះស្រាយដែលជាគោលនយោបាយរបស់សាលារាជធានីភ្នំពេញបានទេ ដោយថាផ្តល់សំណងតិចពេកនិងមិនតម្លាភាព។

កន្លងមកសង្គមស៊ីវិលធ្លាប់លើកឡើងថា បញ្ហាជម្លោះដីធ្លីជាចំណែកមួយធ្វើឲ្យគណបក្សប្រជាជនកម្ពុជាធ្លាក់ប្រជាប្រិយភាពផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ