កម្មករជិត​១០០នាក់​ទាមទារ​ឲ្យ​តុលាការរាជធានី​ភ្នំពេញ​ចេញដីការឹប​អូស​ទ្រព្យសម្បត្តិ​រោងចក្រមួយជាបណ្តោះអាសន្ន​

កម្មករ​រោងចក្រតវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពីពេលកន្លងទៅ (រូបភាពដោយ៖ លោក ឃុត សុគន្ធ)

កម្មករមកពីរោងចក្រមួយក្នុងចាក់អង្រែក្រោមមានគ្នាជិត១០០នាក់បានមកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយថា ដើម្បីជំរុញឲ្យតុលាការពន្លឿនក្នុងការចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិរបស់រោងចក្រក្រោយពីឈប់ដំណើរការដោយគ្មានការជូនដំណឹង។

កម្មករជិត១០០នាក់មកពីរោងចក្រជុងហ្វៃ នីតវៀរអេហ្វធិវ៉ាយអិលធីឌី នៅចាក់អង្រែក្រោម រាជធានីភ្នំពេញនៅព្រឹកនេះ កំពុងតវ៉ានិងជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញចេញដីការឹបអូសទ្រព្យសម្បត្តិរោងចក្រនេះ។

កម្មករដែលកំពុងតវ៉ាឲ្យដឹងថាពូកគាត់មានគ្នាចំនួន២០៨នាក់ដែលបានបំរើការក្នុងរោងចក្រនេះនិងថានៅព្រឹកនេះពួកគាត់បានបែងចែកគ្នាទៅកាន់ក្រសួងការងារនៅសាលាដំបូងរាជធានីភ្នំពេញនិងខ្លះនៅយាមនៅខាងមុខរោងចក្រ។

អ្នកស្រី សាន ចាន់ធឿន កម្មករផ្នែកដេរដែលកំពុងតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍ថារោងចក្រនេះមិនបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍នានាដល់កម្មករតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ អ្នកស្រីថាម្ចាស់រោងចក្របានបិទរោងចក្រដោយមិនបានប្រាប់ពីមូលហេតុដល់កម្មករ។ អ្នកស្រីបន្តថាម្ចាស់រោងចក្រមិនបានផ្តល់សំណងនិងទូទាត់ប្រាក់អត្ថប្រយោជន៍នានាដល់កម្មករនៅឡើយដែរក្រោយពីការបិទនេះ។ អ្នកស្រីបន្ថែមថា កម្មករព្រួយបារម្ភថាម្ចាស់រោងចក្រនឹងដឹកបរិក្ខាររោងចក្រចេញអស់មុនពេលផ្តល់សំណងដល់កម្មករ។

អ្នកស្រីចង់ឲ្យតុលាការពន្លឿនការចេញដីការឹបអូសជាបណ្តោះអាសន្នបរិក្ខាររោងចក្រនេះទុកសិន ដោយថារង់ចាំឲ្យម្ចាស់រោងចក្រផ្តល់សំណងនិងប្រាក់អត្ថប្រយោជន៍នានាដល់កម្មករ ដោយថាដើម្បីបានដោះស្រាយជីវភាពប្រចាំថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ