ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានទៅគោរពសពលោក កែម ឡី ដែលតម្កល់ទុកនៅវត្តចាស់នៅព្រឹកនេះ ហើយបានសម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព។
នៅព្រឹកថ្ងៃសុក្រនេះ លោក Gorge Edgar បានទៅគោរពសពលោក កែម ទ្បឺ ដែលកំពុងតម្កល់ធ្វើបុណ្យនៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ លោកមិនបានថ្លែងសារអ្វីទេពេលទៅគោរពសពនេះ តែលោកបានសរសេរលើសៀវភៅរំលែកទុក្ខថាក្នុងនាមសហភាពអឺរ៉ុបលោកសោកស្តាយនិងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារដែលបាត់បង់ប្តីនិងឪពុកជាទីស្រលាញ់។
លោក Gorge Edgar ក៏បញ្ជាក់ថាក្នុងសារនោះដែរថា លោកមានការរន្ធត់ចំពោះការបាញ់សម្លាប់លោក កែម ឡី ជាអ្នកដែលខិតខំធ្វើការដើម្បីជំរុញឲ្យមានការអភិវឌ្ឍជាតិ។
សពលោក កែម ឡី តម្កល់ទុកនៅវត្តចាស់តាំងពីថ្ងៃទី១០ខែកក្កដាមក ហើយក្រៅពីមហាជនជាជនជាតិកម្ពុជាក៏ធ្លាប់មានឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនិងឯកអគ្គរាជទូតស្វីសបានចូលគោរពដែរ៕