ពលរដ្ឋថាអាជ្ញាធរខេត្ដសៀមរាបរារាំងពួកគេមិនឲ្យជួបនាយករដ្ឋមន្ដ្រី

ប្រជាពលរដ្ឋប្រមាណ៤០នាក់នៅព្រឹកថ្ងៃសុក្រនេះនាំគ្នាសុំអន្ដរាគមន៍ពីនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លី ប៉ុន្តែអះអាងថាអាជ្ញាធរបានរារាំងពួកគេមិនឲ្យជួបប្រមុខរដ្ឋាភិបាល។

ប្រជាពលរដ្ឋទាំងនោះពួកគេមកពីភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយបានប្រមូលផ្ដុំគ្នាលើករូបថតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន និងភរិយាគឺលោកស្រី ប៊ុន រ៉ានី ខណៈដែលលោក ហ៊ុន សែន សំរាកនៅសណ្ឋាគារស៊ីធីអង្គរខេត្ដសៀមរាប។

អ្នកភូមិម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ទៀតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម អ្នកស្រី អ៊ុន វិចិត្រ ប្រាប់VODថាពួកគាត់បានប្រមូលផ្ដុំគ្នានៅខាងមុខសណ្ឋាគារស្នើលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជួយអន្ដរាគមន៍ឲ្យអាជ្ញាធរខេត្ដសៀមរាបកាត់ឆ្វៀលដីចេញពីតំបន់បុរីសណ្ឋាគារនិងទេសចរណ៍និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់អ្នកភូមិ ប៉ុន្ដែអ្នកស្រីថាសមត្ថកិច្ចជាច្រើននាក់បានរារាំងនិងបណ្ដេញពួកគាត់ឲ្យត្រឡប់មកផ្ទះវិញ ដោយអាជ្ញាធរអះអាងថានឹងជួយដោះស្រាយពួកគាត់នៅពេលក្រោយ។

ស្ដ្រីមួយទៀតគឺអ្នកស្រី ប៊ុត សុធារី ឲ្យដឹងថាដីធ្លីពួកគាត់៤០គ្រួសារស្ថិតនៅភូមិចុងស៊ូ សង្កាត់ស្លក្រាម ស្ថិតក្នុងបុរីសណ្ឋាគារនិងទេសចរណ៍ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរហាមឃាត់មិនឲ្យសាងសង់លំនៅឋាន ទើបពួកគាត់រកអន្ដរាគមន៍ពីប្រមុខរដ្ឋាភិបាល។ អ្នកស្រីថាមន្ដ្រីជំនាញចេញប្លង់កម្មសិទ្ធិឲ្យបក្សពួកនិងអ្នកមានលុយចំណែកពលរដ្ឋមិនចេញឲ្យទេ។ អ្នកស្រីអះអាងថាដីពួកគាត់ត្រូវបានប្រមុខរដ្ឋាភិបាលកាត់ឆ្វៀលឲ្យកាលពីខែមេសាឆ្នាំ២០១៥កន្លងមក។

ករណីនេះVODមិនអាចទាក់ទងអភិបាលក្រុងសៀមរាបលោក សូ ប្លាតុង ដើម្បីបំភ្លឺបាននៅឡើយទេ ដោយលោកមិនលើកទូរសព្ទ។

ពលរដ្ឋឲ្យដឹងថានៅម៉ោង៤រសៀលថ្ងៃដដែលនេះពួកគេមិនទាន់បានជួបលោកនាយករដ្ឋមន្ដ្រីនៅឡើយទេ ដោយសារមានមនុស្សមួយចំនួនបង្វែរដានពួកគាត់ទៅចាំកន្លែងខុស ពោលនាយករដ្ឋមន្ដ្រីស្នាក់នៅសណ្ឋាគារ តែគេប្រាប់ឲ្យទៅចាំនៅសាលាខេត្ដសៀមរាបវិញ។

យោងតាមលិខិតសុំអន្ដរាគមន៍ដែលមានស្នាមមេដៃអ្នកភូមិ៤០គ្រួសារកាលពីខែឧសភាឆ្នាំ២០១៦នេះឲ្យដឹងថា អ្នកភូមិបានកាន់កាប់និងបង្កបង្កើនផលលើដីនោះតាំងពីសម័យរដ្ឋកម្ពុជានិងមានឯកសារត្រឹមត្រូវថែមទៀតផង។ ប៉ុន្ដែនៅឆ្នាំ១៩៩៥បានដាក់ចូលជាបុរីសណ្ឋាគារនិងទេសចរណ៍ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លិខិតដដែលបន្ដថាស្ថាប័ននោះបានប្រមូលទិញដីនោះពីពលរដ្ឋក្នុងតំលៃ២,៥ដុល្លាក្នុងមួយម៉ែត្រការ៉េ ប៉ុន្ដែពួកគាត់មិនព្រមលក់ ខណៈដែលដីតំបន់ទេសចរណ៍នោះមានតម្លៃខ្ពស់ជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ