ឃាត់ខ្លួនជនជាតិវៀតណាម១៩នាក់ស្នាក់នៅខុសច្បាប់នៅកម្ពុជា

ជន​ជាតិ​វៀតណាម ១៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន​ នៅទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​រក​ឃើញ​ថា បាន​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

របាយការណ៍​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ​នគរបាល​ជាតិ​​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​អន្តោ​ប្រវេសន៍​កម្ពុជា បាន​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម ១៩​នាក់​ នៅ​ក្នុង​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ និង​ហាង​កាហ្វេ​ នៅ​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការ​មន កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​បាន​រក​ឃើញ​ថា ពួកគេ​បាន​ស្នាក់នៅ និង​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ត្រឹម​ត្រូវ។

ជន​អន្តោ​ប្រវេសន៍​វៀតណាម​រាប់​សិប​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។

ប្រធាន​នាយករដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​នៃ​​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ លោក​ឧត្ដមសេនីយ៍​ទោ អ៊ុក ហៃសិលា ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា គិត​ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ខែ​ឧសភា​កន្លង​មក​នេះ ជន​បរទេស ១០២៥​នាក់ មាន ៣៥​សញ្ជាតិ ត្រូវ​បាន​ឃាត់​ខ្លួន ក្នុង​នោះ​មាន​ជន​ជាតិ​វៀតណាម ៧១២​នាក់។

នៅ​ក្រោម​ច្បាប់​កម្ពុជា ជន​បរទេស​ដែល​រស់​នៅ​ដោយ​គ្មាន​លិខិត​ឆ្លង​ដែន ទិដ្ឋាការ ឬ​ក៏​លិខិត​ការងារ នឹង​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ