លោក សម រង្ស៊ី ថា មានតែពលរដ្ឋខ្មែរទើបអាចបញ្ចប់ជីវិតនយោបាយលោក

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីត​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ថា មាន​តែ​ពលរដ្ឋ​កម្ពុជា​តែ​ប៉ុណ្ណោះអាច​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​បាន បន្ទាប់​ពី​សំណើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុន​ប៉ង​ជា​ថ្មី​ម្ដង​ទៀត​ពី​សំណាក់​គណបក្ស​កាន់​អំណាច ដើម្បី​បិទ​ផ្លូវ​នយោបាយ​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​បរទេស​នោះ បាន​រៀបរាប់​យ៉ាង​ខ្លី​ថា មាន​តែ​ប្រជា​រាស្ត្រ​ខ្មែរ​ទេ ដែល​អាច​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​បាន។

អតីត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​ក្រុម​សមាជិក​ព្រឹទ្ធ​សភាមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ បាន​អនុម័ត​យល់​ព្រម​ទាំង​ស្រុង​ ដោយ​គ្មាន​កែ​ប្រែ ទៅ​លើ​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ក្រោយ​ពី​ក្រុម​តំណាង​បក្ស​កាន់​អំណាច​បាន​អនុម័ត​យល់​ព្រម​រួច​មក។

សំណើ​វិសោធន​កម្ម​ច្បាប់​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ប៉ុន​ប៉ង​ពី​សំណាក់​គណបក្ស​កាន់​អំណាច ដើម្បី​រាំង​ខ្ទប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​ជា​គូ​ប្រជែង​នយោបាយ​ធំ​បំផុត​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ