ប្អូនប្រុស ​ឡៅ ស៊ីណាត ​​​​វាយ​ថៃឲ្យសន្លប់​លើរេញ

កីឡាករ​វ័យ​ក្មេង ឡៅ ចិត្រា (ដោយ សុខ ឆាយ)

មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីកីឡាករវ័យក្មេង ឡៅ ចិត្រា ប្អូនប្រុសកីឡាករល្បីឈ្មោះ ឡៅ ស៊ីណាត ដែលមានបទពិសោធន៍តិចនៅឡើយក្នុងពិភពប្រដាល់ ស្រាប់តែអាចប្រកួតឈ្នះកីឡាករថៃ ហើយថែមទាំងវាយអោយថៃសន្លប់ក្នុងទឹកទី៣។

ជ័យជម្នះនេះបានជួយកីឡាករ ឡៅ ចិត្រា ឈានឡើងល្បីយ៉ាងខ្លាំង ខណៈដែលបងទាំងពីររបស់គេគឺ ឡៅ ស៊ីណាត និង ឡៅ ចន្ទ្រា សុទ្ធតែជាកីឡាករល្បី។

នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២១ ខែសីហា មានការផ្គូផ្គងឲ្យកីឡាករជើងថ្មី ឡៅ ចិត្រា ដែលឆ្លងកាត់ការប្រកួតបានតែ២៦លើក ឡើងប្រកួតជាមួយកីឡាករថៃឈ្មោះ Khun Lek ដែលឆ្លងកាត់ការប្រកួតបានដល់៥១លើក និងជាកីឡាករល្អម្នាក់ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។

ការប៉ះគ្នានៅក្នុងការប្រកួតរបស់គូនេះមានមនុស្សមិនច្រើននោះទេជឿថា កីឡាករកម្ពុជាធ្វើបាន ជាពិសេសនៅពេលដែល ឡៅ ចិត្រា ឡើងរេញប៉ះកីឡាករជាគូប្រកួតកាលមុនក៏មិនទទួលបានផ្លែផ្កាល្អ។

អ៊ីចឹងហើយទើបពេលការប្រកួតចាប់ផ្ដើម ហើយកីឡាករថៃបែរជាអ្នកចាញ់ប្រៀបហាក់ធ្វើអោយម្នាក់ៗស្រឡាំងកាំង។ ក្នុងទឹកទី១ កីឡាករឡៅ ចិត្រា មិនទាន់ប្រកួតបានល្អនោះទេ ដែលអាចថាមកពីគេមិនទាន់រកឃើញចំណុចសំខាន់របស់គូប្រកួត។ ប៉ុន្តែឈានដល់ទឹកទី២ កីឡាករថៃ Khun Lek ដែលល្អម៉ាត់និងទាត់ បែរជាភ្លាត់អោយកីឡាករកម្ពុជាវ័ធត្រូវកណ្ដាលមុខ បណ្ដាលអោយបាត់បង់ភាពរឹងមំាក្នុងការវាយចេញ។

កីឡាករកម្ពុជាដែលមានប្រវត្តិប្រកួតតិច បានក្លាយជាបេក្ខភាពដែលធ្វើឲ្យអ្នកទស្សនាពេញចិត្ត បន្ទាប់ពីកែង និងម៉ាត់របស់គេហាក់មានសំណាងវាយត្រូវគោលដៅគួរអោយសរសើរ។

ចុងទឹកទី២ កីឡាករកម្ពុជាកាន់តែរកឃើញចំណុចខ្សោយរបស់កីឡាករថៃ ហើយក៏ជាទឹកដែលមានអ្នកទស្សនាដោយផ្ទាល់នៅនឹងសង្វៀនស្រែកផងនិងទះដៃផង ជាការលើកទឹកចិត្តដល់កីឡាករកម្ពុជាផងដែរ។

ក្នុងទឹកទី៣ ឡៅ ចិត្រា បានបំបែកកំណត់ត្រាវាយឲ្យកីឡាករថៃដួលភីងរាប់ដល់១០នៅលើរេញតែម្ដង បន្ទាប់ពីត្រូវមួយកែងរហូតដល់បែកអំពិលអំពែក ហើយមិនអាចក្រោកឈរបន្តការប្រកួតបាន។

អ្នកទស្សនាយ៉ាងហោចពាក់កណ្ដាលទះដៃសាទរចំពោះជ័យជម្នះរបស់កីឡាករវ័យក្មេងរូបនេះ ដោយម្នាក់ៗ បានលើកឡើងថា ឡៅ ចិត្រា គឺពិតជាមានសមត្ថភាពមិនអន់ជាង ឡៅ ស៊ីណាត និង ឡៅ ចន្ទ្រា ជាបងប្រុសនោះផង។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីបានអះអាងថា ឡៅ ចិត្រា ថ្វីដ្បិតតែប្រកួតបានតិចនៅលើសង្វៀនក្រោយការហ្វឹកហាត់មែន ប៉ុន្តែដោយសារតែមានការជួយជំរុញពីកីឡាករ ឡៅ ចន្ទ្រា ជាបងផងនិងគ្រូបង្វឹកផង ទើបលោកសម្រេចចិត្តដាក់ឲ្យឡើងប្រកួតជាកីឡាករថៃនៅលើសង្វៀនរបស់ខ្លួន។

លោកថា បើធៀបនឹងកីឡាករថៃ Khun Lek ប្អូនប្រុសរបស់ ឡៅ ស៊ីណាត រូបនេះមិនទាន់មានសត្ថភាពអាចឡើងប្រកួតគ្នាបាននោះទេ ប៉ុន្តែមកពីលោកចង់ជំរុញចំពោះកីឡាករវ័យក្មេងនេះផងនិងចង់ដឹងពីសមត្ថភាពរបស់គេផង ទើបកំណត់ឲ្យឡើងសាកគ្នា។

លោកថា មានការពេញចិត្តក្នុងពេលដែលការប្រកួតដែលបានរៀបចំឡើងកាលពីថ្ងៃអាទិត្យនោះ គឺកីឡាករ សេក គឹមរួន ជាជើងខ្លាំងក៏ត្រូវកីឡាករថៃវាយឲ្យចាញ់ដោយពិន្ទុ ហើយបែរជា ឡៅ ចិត្រា អាចឈ្នះ ហើយឈ្នះដោយមោទនភាពទៅទៀត។

លោក ញាណ សុធី បន្តថាលទ្ធផលវាយថៃអោយសន្លប់ក្នុងទឹកទី៣ មិនមែនជារឿងចៃដន្យរបស់ប្អូនប្រុស ឡៅ ស៊ីណាត រូបនេះនោះទេ ដោយសារតែបច្ចេកទេសប្រកួតរបស់គេល្អនិងរស់រវើក។

លោកមានគម្រោងដាក់ ឡៅ ចិត្រា ឲ្យប្រកួតជាមួយកីឡាករថៃក្នុងពេលបន្តបន្ទាប់ បើទោះជាកីឡាករថៃភាគច្រើនមិនមានអ្នកមានឆ្លងកាត់ការប្រកួតក្រោម៣០លើក ដែលលោកយល់ថាគឺពិបាកផ្គូផ្គង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ