បក្សប្រឆាំងគំរាមដកតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈស្នើធ្វើវិសោធនកម្មច្បាប់៣ស្តីពីតុលាការ

ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ

មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងអះអាងថា ខ្លួននឹងប្រើអំណាចក្នុងសភា ដកតំណែងរដ្ឋមន្ត្រីដែលអសកម្ម រួមទាំងក្រសួងយុត្តិធម៌ផងដែរ ដោយថាដើម្បីជួយធ្វើកំណែទម្រង់រដ្ឋាភិបាលដែលចង់ទប់ស្កាតភាពចលនាចលក្នុងសង្គម ធានាឲ្យមានសន្តិភាព។

ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការកណ្តលនៅព្រឹកថ្ងៃទី២២ខែសីហានេះថា កន្លងទៅរដ្ឋមន្ត្រីមួយចំនួនដែលបក្សប្រឆាំងកោះហៅឲ្យចូលឆ្លើយក្នុងសភា ត្រូវបានប្រធានរដ្ឋសភារារាំងមិនឲ្យសួរដេញដោល លោកថាហើយទុកពេលឲ្យរដ្ឋមន្ត្រីដែលចូលបំភ្លឺនោះឆ្លើយមិនចំគោលដៅ។

លោក សុន ឆ័យ បន្តថាចំណែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា វិញចូលឆ្លើយក្នុងសភាកន្លងទៅ ទាក់ទិននឹងនីតិវិធីចាប់ឃុំខ្លួន ចាប់ខ្លួនសកម្មជននយោបាយ អ្នកតវ៉ារឿងដីធ្លី មន្ត្រីសិទ្ធិមនុស្ស និងភាពអយុត្តិធម៌មួយចំនួនទៀត មន្ត្រីទាំងនោះចូលបំភ្លឺចំពេលតំណាងរាស្ត្របក្សប្រឆាំងធ្វើពហិកាប្រជុំសភាពេញអង្គ។

លោក សុន ឆ័យ ឲ្យដឹងដែរថានៅពេលខាងមុខអាចនឹងមានការកោះហៅរដ្ឋមន្ត្រីដែលអសកម្ម រួមទាំងក្រសួងយុត្តិធម៌ម្តងទៀត។ លោកថាបើការសាកសួរនោះមានការរារាំងទៀត តំណាងរាស្ត្របក្សប្រឆាំងនឹងស្នើឲ្យបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីនោះតាមរយៈសំឡេងតំណាងរាស្ត្រ៣០រូបដែលចែងដោយរដ្ឋធម្មនុញ្ញ ដែលលោកថា ដើម្បីកែទម្រប់ស្ថាប័នទាំងនោះ ជួយដល់រដ្ឋាភិបាល។

លោកថា៖ «លើកនេះអត់បញ្ហាទេ ពេលណាយើងចូលធ្វើការនៅក្នុងរដ្ឋសភាវិញ យើងនឹងកោះហៅរដ្ឋមន្ត្រីមកសួរ ពេលណាមិនឲ្យសួរទេ យើងនឹងស្នើឲ្យបោះឆ្នោតទម្លាក់ម៉ង។ បោះឆ្នោតធ្លាក់មិនធ្លាក់ជារឿងមួយទៀត ព្រោះយើងដឹងហើយមានអ្នកមិនសប្យាយចិត្តច្រើនគ្នាដែរ ដូចថ្ងៃមុនអញ្ចឹង នាយករដ្ឋមន្ត្រីគាត់ខឹងកូនចៅគាត់ ទៅយកយោបល់អ្នកកាសែត អ្នកអត្ថាធិប្បាយRadioណាមួយនោះទៅដកកូនចៅឯងម្នាក់បាត់ទៅ។ ដល់ដកទៅបែបនឹកឃើញថាមិនត្រូវកដាក់ទៅវិញទៅ។ ដកដាក់ៗហ្នឹង ដោះអត់ចេញទេ មិនដឹងដកដាក់របៀបម៉េចទេ។ដល់ស្តាប់យោបល់ច្រើនពេក លោក[លោក ហ៊ុន សែន ]បាកដែរ ដល់ពេលមិនទុកចិត្តកូនចៅ ដូច្នេះយើងត្រូវជួយគាត់ឲ្យស្ថាប័នតុលាការហ្នឹងល្អម៉ង ថ្ងៃក្រោយនរណាមកចោទគាត់ថាដ្ឋាភិបាលលូកដៃ[ចូលតុលាការ]យើងជួយការពារ បើសិនណាមានការកែទម្រង់ពិតប្រាកដ»

តាមរដ្ឋធម្មនុញ្ញការបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីណាមួយបាន រដ្ឋសភាត្រូវការសំឡេង៥០បូក១ ស្នើនឹង៦៣សំឡេងក្នុងចំណោមអាសនៈ១២៣ក្នុងសភា ប៉ុន្តែគណបក្សសង្គ្រោះជាតិមានតែ៥៥អាសនៈប៉ុណ្ណោះពោលត្រូវរកសំឡេងថែម៨ទៀតពីគណបក្សប្រជាជនកម្ពុជា។

លោក សុន ឆ័យ អះអាងទៀតថា ដើម្បីជួយរដ្ឋាភិបាលមួយទៀតគឺគណបក្សសង្គ្រោះជាតិស្នើកិច្ចសហការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដោយលោកអះអាងថាលើពិភពលោកនេះគ្មានប្រទេសណារក្សាសន្តិភាពបានយូរអង្វែរដោយគ្មានតុលាការឯករាជ្យទេ។

បើតាមលោក សុន ឆ័យ គណបក្សសង្គ្រោះជាតិបានដាក់លិខិតរួចហើយទៅប្រធានរដ្ឋសភាស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួនបី ដូចជាច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំនិងករប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលលោកថាធានាយុត្តិធម៌សង្គម។

លោកថា៖ «ដូចជាច្បាប់ចែងថា អ្នកដែលមិនទាន់ត្រូវបានតុលាការកាត់សេចក្តី គឺមានន័យថាគាត់មិនទាន់មានទោសទេ ឥឡូវនេះអ្នកដែលតុលាការមិនទាន់កាត់សេចក្តីនៅក្នុងគុកម៉ាកំផ្លុះ ថ្ងៃមុនខ្ញុំទៅព្រៃស ថាសឹងថាពាក់កណ្តាល ដែលអ្នកជាប់គុកព្រៃសហ្នឹងសុទ្ធតែតុលាការអត់ទាន់កាត់សេចក្តីផង រឿងអីបានទុកគេដល់ពាក់កណ្តាលគុក ដោយមិនកាត់សេចក្តី អាហ្នឹងខុសច្បាប់ហើយ បើខុសច្បាប់នរណាអ្នកទទួលខុសត្រូវ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌»

ច្បាប់ចំនួន៣ទាក់ទិននឹងប្រព័ន្ធយុត្តិធម៌ ដែលគណបក្សប្រឆាំងស្នើរដ្ឋសភាធ្វើវិសោធនកម្មនេះនេះ តំណាងរាស្ត្រដែលមានតែគណបក្សប្រជាជនចំនួន៦៨បានអនុម័តអំឡុងខែចុងឆ្នាំ២០១៣ ពេលតំណាងរាស្ត្រក្សសង្គ្រោះជាតិទាំង៥៥រូបធ្វើពហិកាប្រឆាំងលទ្ធផលបោះឆ្នោត។ ច្បាប់ទាំង៣នោះ ត្រូវអង្គការសង្គមស៊ីវិលប្រឆាំងតវ៉ាជាបន្តបន្ទាប់តាំងពីបញ្ជូនទៅដល់ដៃសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រហូតដល់ព្រះមហាក្សត្រ ដោយអះអាងថា ច្បាប់៣នេះបានផ្តល់អំណាចកាន់តែខ្លាំងដល់រដ្ឋាភិបាលក្នុងការត្រួតត្រាលើតុលាការ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យVODដឹងថារដ្ឋសភាបានទទួលលិខិតសុំធ្វើវិសោធនកម្មច្បាប់នេះពីតំណាងរាស្ត្របក្សប្រឆាំង ហើយលោកថារដ្ឋសភានឹងដាក់ឲ្យគណៈកម្មការអចិន្ត្រៃយនៅពេលឆាប់ៗ ដើម្បីពិនិត្យនិងម្រេចលើសំណើនេះ។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត និងជាអង្គការមួយធ្លាប់តស៊ូមតិប្រឆាំងនឹងការអនុម័តច្បាប់នេះដែរនោះលើកឡើងថា បើសិនជាគណបក្សទាំងពីរធ្វើដូច្នេះបានមែន លោកថាច្បាប់នោះនឹងផ្តល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋភាគច្រើនឡើងវិញ។

លោកថា៖ “បើសិនជាមានការធ្វើវិសោធនកម្ម ហើយមានការជជែកដេញដោយគ្នាអំពីគណបក្សដែកមានអាសនៈក្នុងរដ្ឋសភាឬក៏ទទួលយកយោបល់ផ្សេងៗពីអ្នកជំនាញពីខាងក្រៅខ្ញុំគិតថាធ្វើយ៉ាងណា ធ្វើឲ្យច្បាប់ហ្នឹងកាន់តែល្អប្រសើឡើងទៅ ហើយធ្វើម៉េចឲ្យធានាពីឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ហើយបង្កើតជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធតុលាការឡើងវិញ អាហ្នឹងវាជាការល្អ

បើតាមលោក សុន ឆ័យ ការដែលតំណាងរាស្ត្របក្សប្រឆាំងហៅមន្ត្រីរដ្ឋាភិបាលណាមួយមកសួរដេញដោលក្នុងសភា លោកថាជាការជួយរដ្ឋាភិបាលដល់ការពង្រឹងអភិបាលកិច្ច តម្លាភាព យុត្តិធម៌សង្គម តាមយន្តការប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ