សង្គមស៊ីវិលថារដ្ឋាភិបាលពង្រាយកងកម្លាំងខុសគោលដៅ ទើបអសន្តិសុខបន្តកើតមាន

កងកម្លាំងការពារសន្តិសុខ

ក្រុមអ្នកស្រាវជ្រាវនិងអភិវឌ្ឍន៍សង្គម ព្រមទាំងសង្គមស៊ីវិល បានជម្រុញបន្ថែមចំពោះចំណាត់ការនៃការពង្រឹងសន្តិសុខសុវត្ថិភាពនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល ស្របពេលយុទ្ធាការចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោតនិងឈានមកដល់នាពេលខាងមុខនេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បូ បញ្ញា លើកឡើងថាយោងតាមកិច្ចការដែលលោកធ្វើការស្រាវជ្រាវ ទាក់ទងរឿងគ្រឿងញៀននិងបញ្ហាអសន្តិសុខសង្គមនិងភូមិឃុំមានសុវត្ថិភាពកន្លងមក មូលហេតុដែលបង្កឲ្យមានអសន្តិសុខ គឺបណ្តាលមកពីកត្តាមួយចំនួនដូចជា បញ្ហាគ្រឿងញៀន ការបណ្តែតបណ្តោយរបស់អាណាព្យាបាលចំពោះកូនចៅ និងវិមជ្ឍកាលអំណាចរបស់មន្ត្រីថ្នាក់ក្រោមមិនហ៊ានអនុវត្តន៍តាមកាតព្វកិច្ច ព្រមទាំងការអនុវត្តច្បាប់នៅមានកម្រិត ដោយក្នុងនោះមានទាំងការកាន់អាវុធខុសច្បាប់ផងដែរ។

លោកមានប្រសាសន៍ថា៖ កាលណាមនុស្សខ្វះឆន្ទៈក្នុងការអនុវត្តច្បាប់ហើយ ចង់មានច្បាប់ប៉ុណ្ណាក៏ដោយ មនុស្សជាន់លើច្បាប់ ហើយមិនអាចធ្វើការអីទេ!  […] ព្រោះខ្លាចការអនុវត្តច្បាប់។ ធម្មតាវិមជ្ឍកាល អំណាចត្រូវផ្តល់ឲ្យថ្នាក់ក្រោម តែថ្នាក់ក្រោមអត់ហ៊ានទេ ទាល់តែមានបញ្ជាពីថ្នាក់លើសិន ពីព្រោះមន្ត្រីខ្លះចាំស្តាប់តែអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីទេ! អញ្ចឹងទេធ្វើឲ្យសង្គមយើងគ្មានការបែងចែកអំណាចត្រឹមត្រូវ! ថ្នាក់ក្រោមក៏មិនហ៊ាន ចាំតែស្តាប់ថ្នាក់លើ ធ្វើឲ្យការចាត់វិធានការនៅតាមភូមិឃុំអីហ្នឹង មិនសូវមានប្រសិទ្ធិភាពទេ

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានឲ្យដឹងដែរថា តាមរយៈការអង្កេតរបស់លោកកន្លងមក បញ្ហាអសន្តិសុខតែងកើតមានឡើយជារឿយៗគឺនៅពេលជិតបោះឆ្នោត។

ទោះជាយ៉ាងណា លោកក៏សាទរចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប៉ុន្តែលោកថាចំណាត់ការនេះល្អ នៅតែក្នុងច្បាប់ តែការអនុវត្តជាក់ស្តែងមិនសូវមានប្រសិទ្ធភាពនៅឡើយទេ ដោយក្នុងនោះមានអំពើរពុករលួយ អំពើហិង្សា បញ្ហាគ្រឿងស្រវឹង គ្រឿងញៀន និងគ្មានការកំណត់ច្បាស់លាស់នូវគោលដៅដែលជាកន្លែងអសន្តិសុខ ហើយពង្រាយកងកម្លាំងខុសគោលដៅ។

លោកមានប្រសាសន៍ថា៖ “ការពង្រាយកម្លាំងទៅដាក់កន្លែងពិបាកឬអសន្តិសុខ ដូចជានៅសង្កាត់ នៅភូមិមួយចំនួននៅរាជធានីភ្នំពេញ ហាក់ដូចជាមិនមានកម្លាំងសមត្ថកិច្ច ហើយពួកចោរដើរគាស់ទ្ធារ គាស់ផ្ទះអីទៅ កម្លាំងនោះរវល់នឹងកិច្ចការអីផ្សេង ជាងកិច្ចការសុវត្ថិភាពភូមិឃុំហ្នឹង! ដូចជានៅរាជធានីភ្នំពេញ យើងឃើញហើយ ជួនកាលយកកម្លាំងគ្នាទៅឲ្យទប់ទល់បាតុកម្មអីទៅ ហើយជួនកាលប្រើគ្នា ឲ្យធ្វើអីផ្សេងទៅ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វីអូឌីថា វាជារឿងធម្មតាទេចំពោះបញ្ហាអសន្តិសុខ ព្រោះប្រទេសណាក៏ជួបបញ្ហានេះដែរ។ លោកថាប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ជាអ្នកដែលត្រូវប្រុងប្រយ័ត្ន ចំពោះការការពារសន្តិសុខសុវត្ថិភាព មិនមែនពឹងលើសមត្ថកិច្ចទេ។

លោកមានប្រសាសន៍ថា៖ “ជារឿងធម្មតាទេ វាតែងមានហើយ។ នាងឯងចង់ទៅនៅស្រុកណាក៏មានដែរ ធ្វើកាសែតនោះ បើនាងឯងទៅអាមេរិក កាន់តែច្រើនជាងហ្នឹងទៀត! យ៉ាងណាក៏ដោយ ក៏សន្តិសុខគេចាប់ជនល្មើសបាន? ចំពោះនយោបាយភូមិឃុំមានសុវត្ថិភាពវិញ…កន្លងមកបានជាខ្លួនក្មួយឯងហ្នឹង អាចទៅធ្វើការបាន (គឺ) ដោយសារគោលនយោបាយហ្នឹង! នេះជារឿងមួយ…ហើយរឿង(អ)សន្តិសុខនេះ ប្រទេសណាក៏វាមាន ប៉ុន្តែសំខាន់គឺចាប់បានជនល្មើស! ហើយដូចក្មួយឯង! ឧទាហរណ៍បើសិន(ជា)ក្មួយឯងគេងអត់បិទទ្វារ ហើយអ្នកណាទៅចាប់រំលោភក្មួយឯងទៅ ធ្វើម៉េចចឹង! អាហ្នឹងដោយសារក្មួយឯង ដោយសារការប្រុងប្រយ័ត្នរបស់ក្មួយឯង! អាហ្នឹងរួមគ្នាតើ វាមិនមែនប៉ូលិសសន្តិសុខ៥០០ម៉ឺននាក់ហ្នឹងជួយបានណា យើងទាំងអស់គ្នា! វាមិនមែនជារឿងប៉ូលិសទេ អាហ្នឹងនោះ

នៅពេលវីអូឌីសួរបញ្ជាក់អំពីយន្តការនិងវិធានការលុបបំបាត់ ដើម្បីទប់ស្កាត់បញ្ហាអសន្តិសុខឲ្យមានប្រសិទ្ធភាព អ្នកនាំពាក្យដដែលរូបនេះ ហៅចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាលសព្វថ្ងៃតែងតែប៉ះពាល់ដល់សិទ្ធិមនុស្ស ដោយលោកបានប្រៀបធៀបការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជាទៅនឹងប្រទេសហ្វីលីពីន។

លោកមានប្រសាសន៍ថា៖ “ធ្វើយ៉ាងម៉េចដើម្បីពង្រឹង? យើងពង្រឹងរាល់ខែ! ការគ្រប់គ្រងអាវុធ ការគ្រប់គ្រងមនុស្ស ចូលមើលតាមដានជនសង្ស័យ! ហើយមួយទៀត ប្រទេសណាក៏មានដែរអាគ្រឿងញៀនហ្នឹង ប៉ុន្តែវិធានការគេតឹងតែង! វិធានការរបស់យើង ធ្វើឲ្យតឹងទៅ! អីតិចសិទ្ធិមនុស្ស អីតិចប៉ះ! ចាប់បាញ់ចោលៗ ដូចហ្វីលីពិនមើល! ក្មួយឯងឃើញទេ គុកដាក់ឡើងណែន…ធ្វើដូចហ្វីលីពីន រាប់ពាន់នាក់…! ដូចហ្វីលីពីន ទើបឡើងភ្លាមប្រឆាំងគ្រឿងញៀន ចាប់បាញ់ចោលៗ ងាប់ពាន់នាក់ បើចាប់បាញ់ចោលៗ វាស្រួលទេ តែខាងយើងវាពិបាក! វាមិនងាយឯណា! បើធ្វើតាម វិធីឱនលំទោន គោរពសិទ្ធិមនុស្ស សិទ្ធិអី! ធ្វើដូចហ្វីលីពីន! អញ្ជឹង ខ្ញុំយល់ឃើញអីញ្ចឹង! (អា)ខ្លះទាល់តែ ឃើញក្តារមឈូស ទើបស្រក់ទឹកភ្នែក

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គឹមអេង បានសំណូមពរទៅរាជរដ្ឋាភិបាលឲ្យបន្តពង្រឹងនយោបាយភូមិឃុំសុវត្ថិភាពនិងធ្វើការកំណត់គោលដៅតំបន់អសន្តិសុខអោយបានជាក់លាក់។

លោកសំណូមពរថា៖ “រដ្ឋាភិបាលគួរតែពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ហើយគួរតែធ្វើ Mapping គេហៅថា ថាតើតំបន់ណា? ចំណុចណា? ដែលជាតំបន់ចំណុចដែលឧស្សាហ៍កើតមានបញ្ហាអសន្តិសុខ ដូចជាចោរលួច ចោរប្លន់ ឬក៏ហិង្សា ឬក៏ការប្រើប្រាស់គ្រឿងញៀនអីហ្នឹង គួរតែដាក់កម្លាំងជាប្រចាំ។ ហើយនៅកន្លែងខ្លះ តំបន់ខ្លះនៅភ្នំពេញហ្នឹង រហូតដល់តំបន់ខ្លះរហូតដល់ប្រកាសអាសន្នដូចជា តំបន់ត្រពាំងឈូកខាងលិច ពេទ្យលោកសង្ឃអីហ្នឹង អញ្ចឹងអាហ្នឹងជារឿងមួយដែលយើងត្រូវយកចិត្តទុកដាក់ ហើយនឹងបង្ក្រាបជាប្រចាំ ធ្វើជាប្រចាំដូចភ្លៀងរលឹម កុំធ្វើតែមួយឆាវហើយចប់ៗ! អាហ្នឹងដឹងថាជនល្មើសដែលប្រព្រឹត្តបទល្មើសហ្នឹង ដឹងថាប៉ូលីសធ្វើតែមួយឆាវហើយចប់ អញ្ចឹងចាំបន្តិច ទ្រាំបន្តិចទៅ ពេលប៉ូលីសដកថយ វាធ្វើសកម្មភាពដដែលទៀត

លោក បូ បញ្ញា អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមក៏បានឲ្យដឹងដែរថា ដើម្បីធានាឲ្យបាននូវការអនុវត្តភូមិឃុំសុវត្ថិភាពឲ្យកាន់តែល្អប្រសើរ គឺមន្ត្រីថ្នាក់លើគួរតែផ្តល់សិទ្ធពេញលេញឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍តាមច្បាប់និងបំបាត់បញ្ហាគ្រឿងញៀនដែលជាប្រភពមួយសំខាន់ដែរ ដែលធ្វើអោយអសន្តិសុខបន្តកើតមាន។

លោកមានប្រសាសន៍ថា៖ គួរតែមន្ត្រីថ្នាក់លើហ្នឹង ឲ្យគាត់ធ្វើអ្វីទៅតាមមុខងាររបស់គាត់កុំឲ្យមានការជ្រៀតជ្រែក! ជាពិសេសខាងរដ្ឋាភិបាលគួរតែលើកទឹកចិត្តឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនធ្វើ មិនមែនដូចករណីមុនដែលថា ឡានសង្គ្រោះបន្ទាន់របស់អាចារ្យអេមានការអន្តាគមពីលោកនាយករដ្ឋមន្ត្រី! អញ្ចឹងទៅ! យើងធ្វើអីប៉ះពាល់ដល់មន្ត្រីថ្នាក់ក្រោម ដែលគាត់អនុវត្តន៍ច្បាប់! … ជាពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាធ្វើឲ្យអសន្តិសុខសង្គម! ជាទូទៅខាងយើងចាប់បានតែឈ្មួញអាតូចៗទេ ហើយឈ្មួញធំៗអីហ្នឹងចាប់មិនបានទេ! អញ្ចឹងខ្ញុំគិតថាយើងគួរតែចាត់វិធានការយ៉ាងណាបំបាត់ឈ្មួញធំៗអោយអស់ ហើយតូចៗក៏អញ្ជឹងដែរ ព្រោះតូចៗគាត់ចែកចាយបន្តទេ អញ្ជឹងគាត់ត្រូវតែធ្វើឲ្យតឹងរឹង ឲ្យចេញពីឆន្ទៈពិតប្រាកដ

គួររម្លឹកផងដែរថានៅប៉ុន្មានសប្តាហ៍កន្លងមកនេះតាមបណ្តាញសារព័ត៌មានជាតិមានករណីបាញ់ ប្លន់ សម្លាប់ ជាច្រើនករណី ក្នុងនោះមានទាំងការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅទីសារធារណៈ ដែលនៅពេលនេះសមត្ថកិច្ចកំពុងបន្តការស្វែងស្រាវជ្រាវនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ