លោក ហ៊ុន សែន ថាគ្មាននរណាបំបែកឯកត្តកម្មពីលោកបានទេ

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្រ្តីកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំមកនេះ អះអាងថាគ្មាននរណាអាចបំបែកឯកត្តកម្មពីលោកបានទេ ក្នុងការកាន់អំណាចតាំងពីវ័យក្មេងមក។

នៅចំពោះមុខសកម្មជនបរិស្ថាននិងមន្រ្តីរដ្ឋាភិបាលរាប់រយនាក់ក្នុងវេទិកាបរិស្ថាននៅថ្ងៃនេះ លោក ហ៊ុន សែន បានរំលឹកពីប្រវត្តិការងាររបស់លោកដោយភ្ជាប់នឹងប្រវត្តិដឹកនាំកងទ័ពប្រឆាំងនឹងរបបខ្មែរក្រហម។

លោកអះអាងថា លោកអាចដើរចេញពីអំណាចនៅពេលណាក៏បានដែរ ប៉ុន្តែលោកសួរថាតើនរណានឹងមកជំនួស? លោកអះអាងថា លោកក្រាញអំណាច ដើម្បីសុវត្ថិភាពប្រទេស។

ជាមួយគ្នានោះ លោកទទួលស្គាល់ថាការចុះមូលដ្ឋានជួបពលរដ្ឋនៅពេលថ្មីៗ គឺដើម្បីរកសន្លឹកឆ្នោត។ លោកថា នេះជាឆ្លើយតបទៅនឹងការរិះគន់របស់បក្សប្រឆាំង។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍មួយដែលមានកម្រាស់ជាង៧០ទំព័រ ដោយនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានចាត់ទុកការដឹកនាំអស់រយៈជាង៣០ឆ្នាំមកនេះថា ពោរពេញទៅដោយ “ហិង្សា ការគាបសង្កត់ និងអំពើពុករលួយ“។

ចំណងជើងរបាយការណ៍នេះមានឈ្មោះថា «30 years of Hun Sen: Violence, Repression, and Corruption in Cambodia» ដែលត្រូវបានស្រាវជ្រាវនិងសរសេរដោយនាយកអង្គការ Human Rights Watch ប្រចាំអាស៊ី លោក ប្រេដ អាដាម (Brad Adams)។

របាយការណ៍របស់អង្គការ Human Rights Watch បន្តទៀតថាលោកនាយករដ្ឋមន្រ្តីបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់ និងការបំបិទសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ ការបញ្ចេញមតិ និងការប្រើកម្លាំងដើម្បីគំរាមកំហែងជាដើម។ របាយការណ៍នេះលើកឡើងថា អំឡុងពេលការកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានការសម្លាប់ឥស្សរជនគណបក្សប្រឆាំង អ្នកកាសែត មេដឹកនាំសហជីព ដោយហេតុផលនយោបាយ ហើយពុំមានការស៊ើបអង្កេតនិងចាប់ខ្លួន បើទោះជាដឹងថាមនុស្សណាក៏ដោយ។

របាយការណ៍ដដែលនេះបានលើកឡើងថា ការបោកគ្រាប់បែកដែលទាក់ទងនឹងអង្គរក្សរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ១៩៩៧ និងការធ្វើរដ្ឋប្រហារកាលពីខែកក្កដាឆ្នាំ១៩៩៧ជាដើម។ របាយការណ៍របស់អង្គការ Human Rights Watch បានអំពាវនាវឲ្យម្ចាស់ជំនួយនិងសហគមន៍អន្តរជាតិទាំងអស់ គាំទ្រប្រជាជនកម្ពុជាដែលកំពុងព្យាយាមចង់បានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ នីតិរដ្ឋ និងការបញ្ចប់អំពើពុករលួយ បញ្ហារំលោភដីធ្លីនិងការគោរពសិទ្ធិជាមនុស្ស ដូចជាសេរីភាពនៃការបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្តុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ