វិភាគ៖​ ករណីលោក កែម ឡី ​ពិបាករកយុត្តិធម៌ជាង​រឿងផ្លូវភេទលោក កឹម សុខា

មនុស្ស​ខ្ទង់លាននាក់​ចូលរួម​ហែសព លោក​បណ្ឌិត កែម ឡី នាពេលកន្លងទៅ (រូបថតសការណីវីអូឌី)

រយៈពេល៨ខែដំបូងនៃឆ្នាំ២០១៦នេះ មានសំណុំរឿងពីរកំពុងដំណើរការនៅក្នុងតុលាការ ដែលបានធ្វើឲ្យមហាជនទាំងជាតិនិងអន្តរជាតិមានការចាប់អារម្មណ៍ខ្លាំងគឺ រឿងចោទប្រកាន់ករណីស្នេហាលួចលាក់របស់លោក កឹម សុខា និងរឿងឃាតកម្មសម្លាប់លោក កែម ឡី។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវរកឃើញថា មានស្នេហាលួចលាក់ជាមួយនារីធ្វើការនៅកន្លែងហាងកាត់សក់ម្នាក់ក្នុងរាជធានីភ្នំពេញ។

បើទោះជាលោក កឹម សុខា មិនបានចេញមុខបកស្រាយថានោះជារឿងពិតឬមិនពិត ហើយភរិយាលោក កឹម សុខា មិនបានចេញមុខប្តឹងក៏ដោយ ក៏អង្គភាពប្រឆាំងអំពើពុករលួយផ្តោតការយកចិត្តទុកដាក់លើរឿងផ្លូវភេទនេះណាស់។

អង្គភាពប្រឆាំងអំពើពុករលួយមានជំនាញខាងផ្លូវភេទនេះ បានយកខ្សែអាត់សំឡេងការសន្ទនាតាមទូរសព្ទជាច្រើនខ្សែអាត់ ដើម្បីយកទៅស្តាប់ហើយវិភាគថា នោះជាសំឡេងលោក កឹម សុខា និងនារីជាស្រីកំណាន់ឬអត់?

ទីបំផុតអង្គភាពប្រឆាំងអំពើពុករលួយសម្រេចថា ខ្សែអាត់នោះពិតជាសំឡេងលោក កឹម សុខា និងនារីធ្វើការនៅកន្លែងហាងកាត់សក់នោះមែន។

ការវិន័យសំឡេងនោះថាជាសំឡេងលោក កឹម សុខា នៅមិនទាន់គ្រប់គ្រាន់ទេ គឺអង្គភាពរបស់លោក ឱម យិនទៀង បានហៅមន្ត្រីអាដហុក៤រូបនិងមន្ត្រី គ.ជ.ប មួយរូប យកទៅសួរនាំទាំងថ្ងៃសៅរ៍និងអាទិត្យ សួរដល់ម៉ោង១១និង១២យប់ក៏មាន។ លុះដល់ព្រឹកថ្ងៃទី២ខែឧសភា លោក ឱម យិនទៀង សម្រេចចោទប្រកាន់អ្នកទាំង៥ ថាជាប់ពាក់ព័ន្ធការសូកប៉ាន់សាក្សី ហើយបញ្ជូនទៅតុលាការ។

បើទោះជាចំណាត់ការលើមន្ត្រីសង្គមស៊ីវិលនិងមន្ត្រី គ.ជ.ប នេះរងការរិះគន់ថាធ្វើឡើងបំពាន់ច្បាប់ ដើម្បីបំបាត់សំឡេងក្រុមអ្នកហ៊ានរិះគន់ក៏ដោយ ក៏អង្គភាពប្រឆាំងអំពើពុករលួយ តុលាការ និងស្ថាប័នពាក់ព័ន្ធមិនបានទម្លាក់ចោលរឿងនេះទេ គឺមានតែពន្លឿនរឿងក្តីនេះទៅវិញក្រោមហេតុផល ដើម្បីពង្រឹងយុត្តិធម៌នៅក្នុងសង្គម។

ដោយតុលាការនិងសមត្ថកិច្ចពាក់ព័ន្ធចង់រកយុត្តិធម៌លើសំណុំរឿងនេះ សមត្ថកិច្ចក៏ប៉ុនប៉ងតាមចាប់ខ្លួនលោក កឹម សុខា ទាំងនៅមានអភ័យឯកសិទ្ធិជាតំណារាស្ត្រ។ តាំងពីថ្ងៃទី២៦ ខែឧសភា មកលោក កឹម សុខា បានលាក់ខ្លួននៅក្នុងស្នាក់ការកណ្តាល គណបក្សនេះរហូត ដើម្បីគេចចេញពីការតាមចាប់ខ្លួន។

សំណុំរឿងផ្លូវភេទលោក កឹម សុខា តុលាការនៅមិនទាន់រកឃើញយុត្តិធម៌ទាំងស្រុង តាមការដែលពួកគេចង់បានទេ ដោយហេតុថាលោក កឹម សុខា មិនសហការឬមិនចូលខ្លួនទៅតុលាការ។ ទន្ទឹមនឹងនេះក៏ស្រាប់តែកើតមានសំណុំថ្មីមួយបន្ថែមទៀត គឺករណីឃាតកម្មលើលោក កែម ឡី នៅថ្ងៃទី១០ ខែកក្កដា។

ឃាតកម្មលើលោក កែម ឡី កើតឡើងទាំងកណ្តាលថ្ងៃមានកាមេរ៉ាសុវត្ថិភាព មានស្លាកស្នាម មានវត្ថុតាង និង មនុស្សជាច្រើនបានឃើញករណីនេះ។ លើសពីនេះក៏មានតម្រុយជាច្រើនទៀត អ្នកលេងហ្វេសប៊ុកផ្សព្វផ្សាយជាបន្តបន្ទាប់។ ប៉ុន្តែរឿងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ លើកឡើងថារឿងឃាតកម្មលើលោក កែម ឡី ពិបាកក្នុងការស្វែងរកការពិត ដោយសារបុរសដែលគេសង្ស័យថាជាឃាតករឈ្មោះ  អឿត អាង ហៅ ជួប សម្លាប់ នោះមិនព្រមនិយាយអ្វីទាំងអស់ បើទោះជាសមត្ថកិច្ចសួររឿងអ្វីក៏ដោយ។

ស្តាប់ទៅសមត្ថកិច្ចពាក់ព័ន្ធហាក់ចង់រកយុត្តិធម៌ជូនលោក កែម ឡី តែពួកគេដូចជាអស់សមត្ថភាពហើយ ដោយសារ អឿត អាង មិនព្រមសារភាពអ្វីទាំងអស់។

ករណីនេះមានអ្នកគោរពចូលចិត្តលោក កែម ឡី ជាច្រើនចោទសួរថា ម៉េចមិនស្រាវជ្រាវដូចករណីលោក កឹម សុខា ទៅគឺអាចស្តាប់ទូរសព្ទទៅមើលថា អឿត អាង បាននិយាយទូរសព្ទជាមួយអ្នកណាខ្លះ មុនការបាញ់សម្លាប់លោក កែម ឡី? បុរសនោះទិញកាំភ្លើងមានតម្លៃរាប់ពាន់ដុល្លារពីអ្នកណា? ពេលធ្វើដំណើរពីសៀមរាបមកភ្នំពេញស្នាក់នៅជាមួយអ្នកណា? ហើយកាមេរ៉ាសុវត្ថិភាពនៅកន្លែងបាញ់សម្លាប់ ម៉េចមិនលាតត្រដាង? ទាំងនេះសុទ្ធតែជាចម្ងល់ តែមិនទាន់មានចម្លើយ។

បើមើលករណីលោក កឹម សុខា វិញ ភស្តុតាងជាច្រើនប្រមូលពីការស្តាប់ទូរសព្ទ បើទោះជាមានការចោទថាស្តាប់ការសន្ទនាប្រចាំថ្ងៃតាមទូរសព្ទរំលោភលើសិទ្ធិសេរីភាពបុគ្គលដែលការពារដោយច្បាប់ក៏ដោយ។

ក្រោយពេលបញ្ជូនមន្ត្រីអង្គការសង្គមស៊ីវិល៤រូបនិងមន្ត្រី គ.ជ.ប ១រូបទៅតុលាការកាលពីថ្ងៃទី២ ខែឧសភា លោក ឱម យិនទៀង និងក្រុមការងារបានបង្ហាញរូបភាពលេងកីឡាក្នុងទំព័រហ្វេសបុកអង្គភាពប្រឆាំងអំពើពុករលួយ ហើយសរសេរថាសម្រាកក្រោយពេលសម្រេចការងារ ដោយមានបញ្ចូលពាក្យថា ក្រូចសំបកក្រាស់ប៉ះក្រចកមុតស្រួច

មិនដឹងថា ក្រចកមុតស្រួច មានតែលោក ឱម យិនទៀង សម្រាប់ចាត់ការលើបក្សប្រឆាំងនិងមន្ត្រីសង្គមស៊ីវិលហើយក្រចកមុតស្រួចប្រភេទនេះ មន្ត្រីផ្សេងៗទៀតមិនមានសម្រាប់បំបែកសំណុំរឿងលោក កែម ឡី និងសំណុំរឿងដីធ្លីផ្សេងៗទៀតទេមើលទៅ។

អ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គមនិងការអភិវឌ្ឍ លោក ប៊ូ បញ្ញា មានប្រសាសន៍ថា ករណីលោក កែម ឡី និងលោក កឹម សុខា សុទ្ធតែជារឿងនយោបាយ។ ប៉ុន្តែលោកថា ត្រង់ថាតុលាការចាត់ការឬមិនចាត់ការ អាស្រ័យលើផលប្រយោជន៍។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនចោទថាអ្នកណានៅពីក្រោយករណីឃាតកម្មសម្លាប់លោក កែម ឡី ទេ តែថាអ្វីដែលមានប្រយោជន៍គេធ្វើ អ្វីដែលមិនមានប្រយោជន៍ គេមិនធ្វើទេ ដូចករណីសម្លាប់លោក កែម ឡី។ កន្លងមកឲ្យតែមានការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ជាដើមតុលាការមិនដែលពឹងពាក់បានទេ តុលាការស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល ជាឧបករណ៍របស់គណបក្សកាន់អំណាច»

អ្នកស្រាវជ្រាវបញ្ហាសង្គមមួយរូបទៀត លោក រិទ្ធា មេត្តា លើកឡើងថាក្នុងដំណាក់កាលនេះ គួរតែមានការលាតត្រដាងជាសាធារណៈពីការមេរ៉ានៅកន្លែងកើតហេតុ លោកថាបើមិនដូច្នេះទេ នឹងធ្វើឲ្យមហាជនកាន់តែដាក់ការសង្ស័យលើស្ថាប័នតុលាការនិងស្ថាប័នរដ្ឋផ្សេងៗទៀតកាន់តែខ្លាំង។

លោកមានប្រសាសន៍ថា៖ «ករណីឃាតកម្មជារឿងនយោបាយ គឺបុគ្គលមានឥទ្ធិពលដែលអាចទុករឿងហ្នឹងឲ្យអូសបន្លាយយូរទៅៗ នាំឲ្យមើលអីមិនឃើញ តុលាការមិនមានភស្តុតាងច្បាស់លាស់ ទុកឲ្យអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ។ សូម្បីតែវីឌីអូហ្នឹងអត់បង្ហោះ១ខែជាងហើយ។ វីឌីអូហ្នឹងអត់ត្រូវលាក់បាំងអីផង បើសិនជាស៊ើបអង្កេតទៅឃើញថា ជនដៃដល់ទៅណាហើយ ជនហ្នឹងជា ជួប សម្លាប់ នោះមែនឬអត់ ហើយបើមិនមែនក៏ជាយុត្តិធម៌មួយសម្រាប់គាត់ដែរ»។

ក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី មានការថ្កោលយ៉ាងខ្លាំងពីសហគមន៍ជាតិនិងអន្តរជាតិ ចំពោះអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ធ។ ក្នុងពេលហែសពលោក កែម ឡី នៅថ្ងៃទី២៤ខែកក្កដា មានអ្នកចូលរួមដោយផ្ទាល់ជាង២លាននាក់ ទាំងនេះបង្ហាញថាស្ទើរគ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ មានការសោកស្តាយនិងថ្កោលទោសអ្នកប្រព្រឹត្ត។

ចំណុចទាំងនេះ អ្នកវិភាគលើកឡើងថាបើសិនជាតុលាការនិងសមត្ថកិច្ចពាក់ព័ន្ធមិនអាចរកយុត្តិធម៌ពិតឲ្យឃើញក្នុងករណីឃាតកម្មនេះឬការបង្កើតឡើងឃាតកក្លែងក្លាយឲ្យទទួលទោសជំនួស ដូចករណីបាញ់សម្លាប់លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤នោះ នឹងធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពគណបក្សកាន់អំណាចកាន់តែខ្លាំង នៅពេលបោះឆ្នោតឆ្នាំ២០១៧និង២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ